មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២៦

25-12-2025 12:46

(ពោធិ៍សាត់)៖ លោក ស៊ុំ វឌ្ឍនៈ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក ញឹក បានខេង អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២៦ របស់មន្ទីរព័ត៌មានខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើង នៅសាលប្រជុំមន្ទីរព័ត៌មានខេត្ត ដោយមានការចូលរួមពី លោក ម៉េង សុខអាន ទីប្រឹក្សាក្រសួងព័ត៌មាន, លោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មានខេត្ដ មន្ត្រីរាជការ និងមន្រី្ដជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានជាច្រើននាក់ទៀត។

លោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មានខេត្ដ បានឡើងធ្វើរបាយកាណ៍រយៈពេល១ឆ្នាំកន្លងមក គឺបានបង្កើនការចុះផលិតព័ត៌មាន ដើម្បីផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍ក្នុងខេត្ត ទូរទស្សន៍ជាតិកម្ពុជា និងគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយនានា ដែលមន្ទីរមាន។ ផ្សព្វផ្សាយដល់អ្នកសារព័ត៌មាន ឱ្យមកធ្វើការចុះបញ្ជី និងបន្តសុពលភាព ឱ្យបានគ្រប់ៗគ្នា។ បង្កើនគុណភាពផ្តល់សេវាសាធារណៈលើវិស័យព័ត៌មាន និងសោតទ្យន៍ដល់មូលដ្ឋាន ចុះធ្វើបទយកការណ៍តាមមូលដ្ឋាន។

លោកបានបន្តថា តាមដានធ្វើបច្ចុប្បន្នភាពលើ ម្ចាស់ស្ថានីយ៍ វិទ្យុ ទូរទស្សន៍ ទីតាំងបង្គោលដែលមាន បំពាក់ម៉ាស៊ីនផ្សាយតាមទីតាំងនីមួយៗ និងធ្វើបច្ចុប្បន្នភាព រោងពុម្ព ស្លាកផ្សព្វផ្សាយអាហ្វីស ប៉ាណូ។ តាមដានការចុះផ្សាយ និងបន្សាបព័ត៌មានក្លែងក្លាយទាំងឡាយតាមគ្រប់មធ្យោបាយ ដែលបង្កឲ្យមានអសន្តិសុខ និងសណ្តាប់ធ្នាប់ដល់សង្គមជាតិ បង្កើនការធ្វើកម្មវិធីសន្ទនាមតិ ពីតាមមន្ទីរអង្គភាព និងស្ថាប័នផ្សេងៗទៀត។

ក្នុងឱកាសនេះលោក ញឹក បានខេង អភិបាលរងខេត្ត និងលោក ស៊ុំ វឌ្ឍនៈ អនុរដ្ឋលេខាធិការក្រសួង មានប្រសាសន៍ថា មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ ពិតជាមានភាពសកម្ម និងមានកិច្ចសហការជាមួយនឹងរដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញ ខេត្ត ក្រុង/ស្រុក និងមជ្ឈដ្ឋានជុំវិញខេត្ត រាល់សកម្មភាពរបស់ប្អូនៗ ក្រុមការងារព័ត៌មាន និងសាធារណមតិ បានចុះជាប់ជាមួយថ្នាក់ដឹកនាំខេត្តជាប្រចាំ។

ថ្នាក់ដឹកនាំទាំង២ បានជំរុញដល់ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ត្រូវតែខិតខំបំពេញការងារ ដែលជាប្រចាំដោយបុរេសកម្ម កុំឱ្យវិស័យព័ត៌មាន មានភាពស្ពឹកស្រពន់ និងអសកម្ម។ ត្រូវបង្កើនសមត្ថភាពមន្ត្រីជំនាញ ដែលបំរើក្នុងវិស័យព័ត៌មាន និងសោទស្សន៍ ប្រកបដោយចំណេះជំនាញ វិជ្ជាជីវៈ ដើម្បីឱ្យមន្ទីរព័ត៌មាន ជាមន្ទីរមួយ ដែលមានសារៈសំខាន់ ក្នុងការបំរើសេវាជូនសាធារណជន និងសាធារណមតិ ដែលមិនអាចខ្វះបាន។

ជាមួយគ្នានោះ ឆ្លើយតបទៅនឹងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវតែដើរតួនាទីយ៉ាងសំខាន់ លើការផលិតព័ត៌មាន បទយកការណ៍នូវសក្តានុពលរបស់ខេត្ត និងធ្វើការផ្សព្វផ្សាយឱ្យអស់ពីលទ្ធភាពដែលមាន នូវសមិទ្ធផលរបស់ខេត្ត និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដើម្បីឱ្យប្រជាពលរដ្ឋបានដឹង អំពីការខិតខំប្រឹងរបស់អាជ្ញាធរខេត្ត និងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

ថ្នាក់ដឹកនាំទាំង២ បានលើកឡើងបន្ថែមថា ក្នុងបរិបទដែលព័ត៌មានមិនពិត (Fake News) អាចបង្កឱ្យមានភាពវឹកវរក្នុងសង្គម និងប៉ះពាល់ដល់សន្តិសុខជាតិ។ មន្ទីរព័ត៌មានក្នុងនាមជាសេនាធិការ នៅតាមបណ្តារាជធានី-ខេត្ត មានតួនាទីយ៉ាងសកម្ម ក្នុងការគ្រប់គ្រង និងតម្រង់ទិសព័ត៌មានឱ្យបានត្រឹមត្រូវ។ ដូច្នេះយើងត្រូវបន្សាបព័ត៌មានមិនពិត តាមរយៈការតាមដានជាប្រចាំ រាល់ការបង្ហោះលើបណ្តាញសង្គមដែលពាក់ព័ន្ធនឹងបញ្ហាកម្ដៅ ដូចជាបញ្ហាព្រំដែន ឬជម្លោះផ្សេងៗ។ នៅពេលមានព័ត៌មានក្លែងក្លាយដែលបង្កឱ្យមានការយល់ច្រឡំ (ដូចជាករណីការបំភ្លៃរឿងជម្លោះព្រំដែន) មន្ទីរត្រូវចេញសេចក្តីប្រកាសព័ត៌មាន ឬវីដេអូបកស្រាយភ្លាមៗ ដើម្បីបញ្ឈប់ការរីករាលដាល និងត្រូវជួយឱ្យប្រជាពលរដ្ឋចេះវិភាគព័ត៌មាន និងមិនឱ្យចែកចាយបន្តនូវប្រភពដែលមិនច្បាស់លាស់៕