លោក គង់ សំអាត ត្រូវប្រកាសឱ្យចូលកាន់តំណែងជាអភិបាលស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
25-12-2025 12:54
(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកប្រាសាទបល្ល័ង្ក លោក គង់ សំអាត ជំនួសអភិបាលស្រុកចាស់។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក–ឃុំ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការជាច្រើនរូប។
ថ្លែងក្នុងឱកាសនោះ អភិបាលខេត្តបានផ្តាំផ្ញើឱ្យអភិបាលស្រុកថ្មី បន្តពង្រឹងការងារគ្រប់គ្រងរដ្ឋបាលសាធារណៈ ធានាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងលើកកម្ពស់សេវាសាធារណៈ ដោយផ្តោតលើការបម្រើប្រជាពលរដ្ឋជាមូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។
ជាការឆ្លើយតប លោក គង់ សំអាត បានប្តេជ្ញាចិត្តខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ សហការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋដើម្បីរួមចំណែកអភិវឌ្ឍស្រុកប្រាសាទបល្ល័ង្ក ឱ្យមានការរីកចម្រើន សន្តិភាព និងស្ថិរភាពយូរអង្វែង៕











