លោក ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

25-12-2025 13:56

(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះបានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ដោយមានវត្តមានអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ លោករដ្ឋលេខាធិការប្រចាំការ ព្រមទាំងថ្នាក់ដឹកនាំក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្ត អញ្ជើញចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting) នៅទីស្ដីការក្រសួង។

ជាកិច្ចចាប់ផ្ដើម លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ បានអានរបាយការណ៍បូកសរុបលទ្ធផលនៃកិច្ចប្រជុំរយៈពេល ២ថ្ងៃនេះ ដែលមានសមាសភាពចូលរួម ដោយផ្ទាល់ ៥៦៨រូប ។ កិច្ចប្រជុំបានដំណើរការដោយមានការធ្វើបទបង្ហាញតាមកម្មវិធីអាទិភាពទាំង៥ របស់ក្រសួង ដោយមានប្រធានបទសំខាន់ៗដូចជា៖ កម្មវិធីទី១៖ ប្រធានបទ «មានផ្លូវ ធ្វើឱ្យជីវភាពប្រសើរឡើង», កម្មវិធីទី២៖ ប្រធានបទ «ទឹកស្អាត និងអនាម័យសម្រាប់ទាំងអស់គ្នា», កម្មវិធីទី៣៖ ប្រធានបទ «ភូមិគំរូ និងការអភិវឌ្ឍប្រកប ដោយបរិយាបន្ន», កម្មវិធីទី៤៖ ប្រធានបទ«ពិពិធកម្មសេដ្ឋកិច្ចជនបទដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ» និង កម្មវិធីទី៥៖ ប្រធានបទ «ពង្រឹងអភិបាលកិច្ច ដើម្បីគុណភាពស្ថាប័ន» ព្រមទាំងមានការចូលរួមពិភាក្សាយ៉ាងផុលផុស ផ្តល់ជាមតិយោបល់ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំទិសដៅការងារឆ្នាំ២០២៦ ឱ្យកាន់តែមានប្រសិទ្ធភាព។

តាមរយៈកិច្ចប្រជុំបូកសរុបនេះ ក្រសួងអភិវឌ្ឍន៍ជនបទទទួលបាននូវសមិទ្ធផលល្អគួរជាទីមោទនៈភាពក្នុងការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ប្រកបដោយជោគជ័យស្របតាមផែនការគ្រោងទុក ។

បន្ទាប់ពីបានស្ដាប់របាយការណ៍នៃកិច្ចប្រជុំរួចមក លោក ឆាយ ឫទ្ធិសែន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានសហការយ៉ាងជិតស្និទ្ធ និងប្រកបដោយផ្លែផ្កាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនានា រដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ ដោយបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត អនុវត្តប្រកបដោយជោគជ័យ ក្នុងការចូលរួមអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីចូលរួមសម្រេចនូវចក្ខុវិស័យ កម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០។

ជាមួយនឹងការឯកភាពលើទិសដៅការងារអភិវឌ្ឍន៍ជនបទបន្តឆ្នាំ២០២៦ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍គន្លឹះមួយចំនួនបន្ថែមទៀត ដើម្បីជាការតម្រង់ទិសការងារជូនអង្គប្រជុំ យកទៅអនុវត្តឱ្យសម្រេចគោលដៅនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច នៅក្នុងតំបន់ជនបទប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព ។

ជាចុងក្រោយ លោមរដ្ឋមន្ត្រី បានអញ្ជើញផ្ដល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ សរុបចំនួន ៧០រូប ដែលមានស្នាដៃល្អក្នុងការបំពេញការងារជូនជាតិ និងប្រជាជន ក្នុងរយៈពេលកន្លងមក៕