លោក ឆាយ ឫទ្ធិសែន អញ្ជើញប្រគល់អំណោយរបស់សប្បុរសជននានា សម្រាប់យកទៅឧបត្ថម្ភដល់គ្រួសារវីរកងទ័ព និងជនភៀសសឹកកម្ពុជាក្នុងខេត្តពោធិ៍សាត់ តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់

25-12-2025 14:06

(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញប្រគល់អំណោយដែលជាការឧបត្ថម្ភរបស់សប្បុរសជន ចូលរួមក្នុងមូលនិធិសប្បុរសធម៌ ដែលរៀបចំដោយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ សម្រាប់យកទៅឧបត្ថម្ភគាំទ្រដល់គ្រួសារវីរកងទ័ព និងជនភៀសសឹកកម្ពុជាក្នុងខេត្តពោធិ៍សាត់ តាមរយៈមន្ទីអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់។

អំណោយដែល លោករដ្ឋមន្ដ្រី បានប្រគល់ជូនតាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ មានដូចជា៖ ១៖ អង្ករ ចំនួន ៣តោន, ២៖ ត្រីខ ចំនួន ៥កេស, ៣៖ មី ចំនួន ៥០កេស, ៤៖ សម្លៀកបំពាក់មនុស្សចាស់-កូនក្មេង ២០កេស, ៥៖ ទឹកបរិសុទ្ធ ចំនួន ៥០កេស, ៦៖ ភេសជ្ជៈ ចំនួន ៥០កេស ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត គឺសម្រាប់ឧបត្ថម្ភដល់គ្រួសារវីរកងទ័ព និងជនភៀសសឹកកម្ពុជាដែលបានជម្លៀសខ្លួនពីលំនៅដ្ឋាន ហើយកំពុងស្នាក់នៅបណ្ដោះអាសន្ន នៅតាមទីតាំងសុវត្ថិភាពនានាក្នុងខេត្តពោធិ៍សាត់ ដោយសារសកម្មភាពឈ្លានពានដោយខុសច្បាប់របស់ទាហានសៀម មកលើដែនអធិបតេយ្យភាព និងបូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ជូនថា ការប្រគល់អំណោយនេះ គឺជាការឆ្លុះបញ្ចាំងអំពីស្មារតីសាមគ្គីភាពខ្មែរតែមួយ របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមលះបង់ធនធាន និងកម្លាំងកាយ ចិត្ត ឧបត្ថម្ភជាថវិកា និងសម្ភារផ្សេងៗ ដើម្បីសម្រាលការលំបាករបស់គ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក។

ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនទាំងអស់ រួមគ្នាជាធ្លុងមួយយ៉ាងរឹងមាំ និងបន្ដជឿជាក់លើវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន និងគាំទ្រព្រមទាំងជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូលៗជាច្រើនរូបទៀត ក្នុងការការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពកម្ពុជា៕