អភិបាលស្រុកតាំងគោក លើកទឹកចិត្តដល់កសិករបន្តខិតខំដាំដុះដំណាំ ដើម្បីតម្រូវការទីផ្សារ និងបង្កើនជីវភាពឱ្យកាន់តែល្អប្រសើរ
25-12-2025 14:25
(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ និងមន្រ្តីជំនាញក្រោមឱវាទចុះពិនិត្យមើលស្ថានភាពរស់នៅ និងការដាំដុះរបស់ប្រជាកសិករ ដែលកំពុងដាំដំណាំចម្ការមានដូចជា៖ ស្ពៃ ខាត់ណា ប៉េងប៉ោះឆឺររី ពោត ម្ទេសជាដើមក្នុងឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។
នាឱកាសនោះលោក ហាក់ ម៉ុងហួត បានលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងដាំដុះ ដើម្បីតម្រូវការទីផ្សារ និងបង្កើនជីវភាពឲ្យកាន់តែល្អប្រសើរជាងមុន ខណៈដែលមកដល់ពេលនេះ ដំណាំដែលដាំដុះក្នុងស្រុក កំពុងត្រូវបានការគាំទ្រខ្លាំង។
ជាមួយគ្នានេះដែរ លោកអភិបាលស្រុក ក៏បានណែនាំដល់មន្រ្តីជំនាញទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ចុះតាមមូលដ្ឋានឲ្យបានញឹកញាប់ ដើម្បីសួរសុខទុក្ខ និងតាមដានការដាំដុះរបស់ប្រជាកសិករ ហើយបើមានបញ្ហាកើតឡើង សូមរកដំណោះស្រាយជូនដល់ពួកគាត់ឱ្យទាន់ពេលវេលា។
ចំណែកប្រជាកសិករដាំដុះ បានបង្ហាញក្តីសប្បាយរីករាយចិត្តយ៉ាងខ្លាំង ពេលដែលឃើញថ្នាក់ដឹកនាំស្រុកចុះសួរសុខទុក្ខនិងយកចិត្តទុកដាក់ដល់ដំណាំ របស់ពួកគាត់៕
























