សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសមាគមបណ្ដាញកសិករតេជោ រួមគ្នាលើកកម្ពស់សេដ្ឋកិច្ចគ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

25-12-2025 14:28

(កណ្ដាល)៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសមាគមបណ្ដាញកសិករតេជោ​ ដើម្បីជំរុញការផ្ដល់ហិរញ្ញប្បទាន គាំទ្រលើកតម្កើងសេដ្ឋកិច្ចគ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ។

ពិធីចុះហត្ថលេខានេះប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង លោក ជេត ភិរម្យ អនុប្រធាននៃសមាគមបណ្ដាញកសិករតេជោ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្នាក់ដឹកនាំធនាគារ ARDB និងតំណាងសមាគមបណ្ដាញកសិករតេជោ សរុបជាង ៥០ នាក់។ ​

អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរព័ត៌មាន និងចែករំលែកបទពិសោធកសិកម្ម ផ្ដល់ហិរញ្ញប្បទានគាំទ្រលើកតម្កើងសេដ្ឋកិច្ចគ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងផ្ដល់ការគាំទ្រជំនួយបច្ចេកទេសកសិកម្ម និងការតភ្ជាប់ទីផ្សារលក់ផលិតផលកសិកម្ម​។

លោក កៅ ថាច បានលើកឡើងថា បើតាមស្ថិតិក្នុងខែសីហា​ ឆ្នាំ​២០២៥​ អតីតយុទ្ធជនមានចំនួនសរុប ១១២​ ៧៣៦នាក់​ ហើយមានអ្នកស្ថិតក្នុងបន្ទុក​សរុបចំនួន​ ១៥៥​ ០០៧​នាក់។ ដូច្នេះ​ កម្លាំងពលកម្មដែលអាចចូលរួមអភិវឌ្ឍសេដ្ឋកិច្ច​ខ្មែរបាន​ មានចំនួនប្រមាណជាង ១១ម៉ឺននាក់​ តាមរយៈការប្រកបរបរកសិកម្ម​ ឬកែច្នៃផលិតផលកសិកម្មជាដើម។

លោកបន្តថា ដោយមើលឃើញសក្តានុពលកម្លាំងពលកម្មដ៏មហិមានេះហើយ​ ទើបលោកបានចូលរួមចុះអនុស្សារណៈយោគយល់គ្នារវាង​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ និងសមាគមបណ្តាញកសិករតេជោ​​ ជាមួយ​សមាគមអតីតយុទ្ធជន​ និងនិវត្តន៍ជនកម្ពុជា​ សំដៅលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជននិងនិវត្តន៍ជនកម្ពុជា​ និងចូលរួមអភិវឌ្ឍវិស័យកសិកម្ម​ និងកសិ-ឧស្សាហកម្ម​ ក៏ដូចជាចូលរួមលើកម្ពស់ការផលិត​ កែច្នៃ​ និងលក់ក្នុងស្រុកអោយបានច្រើន​ ហើយជំនួសឱ្យការនាំចូល៕