អភិបាលខេត្តតាកែវ ប្រាប់ពលរដ្ឋអំពើទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា ដែលមានលក្ខណៈសាហាវយង់ឃ្នងជាទីបំផុត

25-12-2025 15:09

(តាកែវ)៖ ថ្លែងក្នុងពិធីជួបសំណេះសំណាល សាកសួរសុខទុក្ខ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ក្រុមគ្រួសារវីរៈកងទ័ពភៀសសឹក និងគ្រួសារស៊ីវិលភៀសសឹក ចំនួន២៤៤គ្រួសារ មកស្នាក់នៅជាបណ្តោះអាសន្នក្នុងស្រុកកោះអណ្តែត នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នង របស់យោធាថៃ ដែលបានឈ្លានពាន មកលើអធិបតេយ្យភាពកម្ពុជា ជាពិសេសបានបន្តបាញ់ប្រហារមកលើប្រជាជនស៊ីវិល។

លោកអភិបាលខេតតាកែវ បានបន្តថា ការឈ្លានពានរបស់ថៃ ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកម្រោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ បានធ្វើឲ្យប្រជាជនស៊ីវិលកម្ពុជា មួយចំនួនស្លាប់ និងរងរបួស ផ្ទះសម្បែងជាច្រើនខ្នងត្រូវបានបំផ្លាញ សិស្សសាលា ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែង សុវត្ថិភាពបណ្តោះអាសន្ន។

លោក វ៉ី សំណាង បានអំពាវនាវឲ្យភាគីថៃងាកមកគោរព កិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្ដីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្ដរជាតិ ឲ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ ព្រមទាំងប្រកាន់ខ្ជាប់នូវការដោះស្រាយ ជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្ដរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការប្រើប្រាស់កម្លាំងអាវុធ សំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕