សម្តេចប្រធានរដ្ឋសភា ទទួលសម្ភារៈនិងគ្រឿងឧបភោគបរិភោគពី ក្រុមហ៊ុន អិន & ភី អ៊ីន វេសមិន ខូអិលធីឌី ដើម្បីចែកជូនវីរយុទ្ធជន និងពលរដ្ឋភៀសសឹក

25-12-2025 16:39

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានទទួលអំណោយសប្បុរសធម៌មានដូចជា៖ អង្ករ ចំនួន២តោនមី, ចំនួន ៥០កេស, នំទាហាន ចំនួន ១០កេស និងទឹកបរិសុទ្ធ វីអាកទីវ ចំនួន ៥០កេសពី ក្រុមហ៊ុន អិន & ភី អ៊ីន វេសមិន ខូអិលធីឌី ដឹកនាំដោយលោកស្រី អ៊ា ប៉ហ៊ាប សម្រាប់ចូលរួមចំណែកក្នុងការគាំទ្រនិងលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខ ដែលកំពុងបំពេញបេសកកម្ម ដ៏ឧត្តុង្គឧត្តមការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ព្រមទាំងការឧបត្ថម្ភដល់ជនភៀសសឹក។

តាងនាមរដ្ឋសភា សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមហ៊ុន អិន & ភី អ៊ីន វេសមិន ខូអិលធីឌី ដែលបានចូលរួមបរិច្ចាគសម្ភារៈគ្រឿងឧបភោគបរិភោគជាច្រើន ដើម្បីចូលរួមចំណែកក្នុងការគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ និងសម្រាប់ឧបត្ថម្ភទំនុកបម្រុងដល់ជនភៀសសឹកផងដែរ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបង្ហាញមោទនភាពចំពោះស្មារតីស្នេហាជាតិ រួមគ្នាជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរទំាងក្នុងនិងក្រៅប្រទេស ឈរពីក្រោយរាជរដ្ឋាភិបាល និងវីរកងទ័ព នៅក្នុងការប្រយុទ្ធតតំាងជាមួយក្រុមចោលឈ្លានពានទំាងកំរោលនិងព្រៃផ្សៃបំផុត មកលើអធិបតេយ្យកម្ពុជាទំាងបំពានច្បាប់អន្តរជាតិ។

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍ថា សម្រាប់រដ្ឋសភាវិញ ថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រុមទីប្រឹក្សា ជំនួយការប្រធានរដ្ឋសភា និងសប្បុរសជនទំាងអស់ បានចូលរួមយ៉ាងសស្រាក់សស្រំាជាមួយមហាគ្រួសារខ្មែរ ទំាងកម្លំាងកាយចិត្តិ ថវិកា និង សម្ភារៈ សម្រាប់ចែកជូនដល់ពលរដ្ឋភៀសសឹកនិងវីរកងទ័ព។

សម្តេចបានសង្កត់ធ្ងន់ថា «ទោះយើងម្នាក់ៗមិនអាចពាក់ឯកសណ្ឋានយោធា កាន់កាំភ្លើងចូលប្រយុទ្ធនៅជួរមុខបានក៏ដោយ ក៏យើងអាចធ្វើជាទាហាននៅជួរក្រោយ ជួយតាមលទ្ធភាព និងសមត្ថភាពរបស់យើង ក្នុងការជួយដល់ជនភៀសសឹកនិងគាំទ្រដល់វីរៈកងទ័ព និងរាជរដ្ឋាភិបាល តតាំងនឹងខ្មាំងឈ្លានពានដ៏ឃោរឃៅព្រៃផ្សៃយង់ឃ្នងនាពេលនេះ។ ខ្មែរជាប្រទេសតូច ប៉ុន្តែក្នុងនាមជាប្រជាជាតិមួយ យើងមិនអាចទ្រាំទទួលការប្រមាថវាយប្រហារឈ្លានពានដោយខុសច្បាប់ ដោយមិនមានការតបតវិញនោះទេ»។

ជាមួយគ្នានេះ សម្តេចបានផ្តាំផ្ញើជូនវីរកងទ័ពនៅសមរភូមិមុខថា រដ្ឋសភា និងពលរដ្ឋខ្មែរទំាងអស់ នៅពីក្រោយបងប្អូនជានិច្ច ផ្តល់ភាពកក់ក្តៅ លើកទឹកចិត្តគ្រប់បែបយ៉ាងចំពោះក្រុមគ្រួសារ វីរយុទ្ធជនឱ្យសមនឹងគុណបំណាច់ដ៏ធំធេងរបស់បងប្អូនដែលបានលះបង់ដើម្បីជាតិនិងប្រជាពលរដ្ឋនៅពេលនេះ។ កម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង ជាចលករដ៏មានថាមពល នៅពីក្រោយវីរៈកងទ័ព វីរៈនគរបាលជាតិគ្រប់រូបដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហានការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។

សម្តេចរដ្ឋសភាធិបតី បានប្រសាសន៍ថា អំណោយសប្បុរសធម៌ទំាងអស់ដែលរដ្ឋសភាទទួលបានពីសប្បុរជននានាបានធ្វើការបែបចែកជូនដល់រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មានដូចជា៖ ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័ន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកោះកុង សម្រាប់ធ្វើការបែងចែកបន្តជូនវិរកងទ័ព និងពលរដ្ឋភៀសសឹក។ ក្រៅពីនេះថវិកា និងសម្ភារៈមួយចំនួនទៀត សម្រាប់ចែកជូនវីរយុទ្ធជនដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងសម្រាប់ជូនក្រុមគ្រួសារវីរយុទ្ធជន ដែលបានពលីជាដើម។

ជាថ្មីម្ដងទៀត សម្តេចរដ្ឋសភាធិបតីក៏សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលដ៏រឹងមាំ សម្រាប់គាំទ្រនិងផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើងបន្តបេសកកម្មការពារទឹកដី។ រដ្ឋសភាស្ថិតនៅជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើងគ្រប់ពេលវេលា៕