ប្រធានសមាគមទេសចរណ៍កម្ពុជា ចាត់ទុកការចែករំលែករូបភាព និងវីដេអូទេសចរណ៍ ជាចលករសំខាន់ក្នុងការទាក់ទាញភ្ញៀវ និងជំរុញសេដ្ឋកិច្ចជាតិ
25-12-2025 17:14
(ភ្នំពេញ)៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) អំពាវនាវឲ្យពលរដ្ឋ និងយុវជនខ្មែរ រួមគ្នា ផ្សព្វផ្សាយ និងចែករំលែកពីតំបន់ទេសចរណ៍ នៅកម្ពុជាទៅកាន់ពិភពលោក ដោយនេះជាចលករសំខាន់ក្នុងការទាក់ទាញភ្ញៀវ និងជំរុញសេដ្ឋកិច្ចជាតិ។
តាមរយៈបទសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) ថ្លែងយ៉ាងដូច្នេះថា «រាល់ការបង្ហោះរូបភាព វីដេអូ ឬការចែករំលែក ពីតំបន់ទេសចរណ៍ល្អៗក្នុងស្រុកយើង គឺជាកម្លាំងចលករដ៏ខ្លាំងក្លាបំផុត ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ហើយបើយើងមានទេសចរណ៍ គឺវាពិតជាបានជួយដល់សេដ្ឋកិច្ចក្នុងមូលដ្ឋាន សេដ្ឋកិច្ចជាតិទាំងមូល»។
លោកស្រីសង្កត់ធ្ងន់ថា ថ្វីត្បិតតែកម្ពុជាកំពុងរងការវាយប្រហារពីភាគីថៃ ប៉ុន្តែកម្ពុជានៅតែមានតំបន់ទេសចរណ៍ល្អៗជាច្រើនដើម្បីណែនាំជូនទៅកាន់ភ្ញៀវទេសចរ។ លោកស្រីបន្តថា នេះគឺជារដូវកាល high season នៅកម្ពុជា គឺមានអាកាសធាតុល្អ ខ្យល់អាកាសត្រជាក់ ទេសភាពស្អាត និងអាចមើលថ្ងៃលិច និងថ្ងៃរះបានស្អាតជាងគេក្នុងរដូវកាលនេះ ដោយសារអាកាសធាតុអំណោយផល និងមិនមានភ្លៀង។
បើតាមការឲ្យដឹងរបស់ លោកស្រី នៅក្នុងរដូវកាល High season ប្រទេសកម្ពុជាមានកញ្ចប់សេវាកម្មសម្បូរបែបជាច្រើន ដើម្បីណែនាំជូនភ្ញៀវទេសចរឲ្យមកទស្សនានៅកម្ពុជា ដោយភាពរីករាយ។ សម្រាប់ប្រតិបត្តិករទេសចរណ៍ សេវាករទេសចរណ៍វិញ លោកស្រី សូមអំពាវនាវឲ្យត្រូវធ្វើជាម្ចាស់ផ្ទះដែលល្អ មិនឡើងថ្លៃទំនិញហួសហេតុពេក និងការរក្សាបរិស្ថានស្អាត ដែលជាកត្តាសំខាន់ ដើម្បីជំរុញឲ្យភ្ញៀវទេសចរទាំងអស់មកទស្សនាកម្ពុជាវិញ។
ជាមួយគ្នានេះ លោកស្រី ឆាយ ស៊ីវលីន បានផ្ញើសារទៅកាន់ភ្ញៀវទេសចរអន្តរជាតិថា នៅប្រទេសកម្ពុជា នៅតែមានសុខសុវត្ថិភាព ជាពិសេសនៅតាមគោលដៅទេសចរណ៍សំខាន់ៗដូចជា រមណីយដ្ឋានអង្គរ និងរមណីយដ្ឋានមួយចំនួនទៀត។ ដូច្នេះសូមឲ្យភ្ញៀវទេសចរបរទេសទាំងអស់ធ្វើការទំនាក់ទំនងមក ទីភ្នាក់ងារទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ ដើម្បីឲ្យមានការណែនាំ និងពន្យល់ពីអ្នកជំនាញទេសចរណ៍ ជាពិសេសគឺណែនាំទៅកាន់តំបន់ដែលមានសុវត្ថិភាព និងជាគោលដៅទេសចរណ៍ក្នុងរដូវកាលនេះ៕
































