រដ្ឋបាលរាជធានីភ្នំពេញ បន្តទទួលអំណោយជាថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់នានា ដើម្បីបន្តបែងចែកដល់ជនភៀសសឹក និងកងទ័ពជួរមុខ

25-12-2025 17:19

(ភ្នំពេញ)៖ សប្បុរសជន ក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋ នៅតែបន្តនាំយកអំណោយសប្បុរសធម៌ មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដឹកជញ្ជូនយកទៅបែងចែក ជូនទៅដល់វីរៈកងទ័ពជួរមុខ និងពលរដ្ឋដែលជាជនភៀសសឹក ខណៈក្រុមទាហានថៃ បាននឹងកំពុងបន្តឈ្លានពានលើបូរណៈភាពទឹកដីកម្ពុជា យ៉ាងគឃ្លើនអស់រយៈពេលជិត២០ថ្ងៃហើយ។

លោក ឆាយ វីរៈ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញទទួលអំណោយ ដោយផ្ទាល់ពីសប្បុរសជន នៅសាលារាជធានីភ្នំពេញ ហើយសប្បុរសជន ដែលនាំយកអំណោយមកប្រគល់ជូនរួមមាន៖ រដ្ឋបាលខណ្ឌច្បារអំពៅ, រដ្ឋបាលខណ្ឌពោធិសែនជ័យ, រដ្ឋបាលខណ្ឌទួលគោក, រដ្ឋបាលខណ្ឌ៧មករា, គណៈកម្មការផ្សារចាស់, គណកម្មការគ្រប់គ្រងផ្សារបឹងកេងកង, ក្រុមហ៊ុន Baby Care និងសប្បុរសជននានា។

ក្នុងឱកាសនោះ លោក ឆាយ វីរៈ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជន ក្រុមហ៊ុនឯកជនទាំងអស់ ព្រមទាំងមន្ត្រីរាជការតាមស្ថាប័នរដ្ឋ និងអាជ្ញាខណ្ឌនានា មន្ទីរ អង្គភាព អាជីវករលក់ដូរ ដែលបានចូលរួម ចែករំលែកនូវ ធនធានទៅតាមលទ្ធលភាពរៀងៗខ្លួន ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងក្រុមគ្រួសារពលរដ្ឋជាជនភៀសសឹក ដែលបាននិងកំពុងភៀសខ្លួនចេញពីផ្ទះសម្បែងទៅស្នាក់នៅទីកន្លែងសុវត្ថិភាព សកម្មភាពនេះ ពិតជាបានបង្ហាញឱ្យឃើញពីទឹកចិត្តសប្បុរសធម៌របស់បងប្អូន ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក្នុងការសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ។

សូមបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជននានាតទៅទៀត នៅសាលារាជធានីភ្នំពេញ៕