សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រគល់ថវិកា ២០ លានរៀល ដល់ក្រុមចលនាស្ត្រីខេត្តកណ្តាល សម្រាប់ជួយឧបត្ថម្ភគ្រួសារយុទ្ធជនកំពុងស្ថិតនៅសមរភូមិមុខ អ្នកបានពលី និងពលរដ្ឋភៀសសឹក

25-12-2025 18:05

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមចលនាស្ត្រី នៃក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកណ្តាល បានទទួលជួបសំណេះសំណាលជាមួយក្រុមចលនាស្ត្រីគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥។

នៅក្នុងឱកាសនោះ សម្តេចបានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីថ្នាក់ដឹកនាំមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារវីរយុទ្ធជនដែលបានពលី ក៏ដូចជាក្រុមគ្រួសារវីរយុទ្ធជនដែលកំពុងស្ថិតនៅសមរភូមិមុខ កំពុងតតាំងយ៉ាងអង់អាចក្លាហានជាមួយចោរឈ្លានពាន ដែលកំពុងធ្វើសកម្មភាពវាយប្រហារយ៉ាងកំរោល ព្រៃផ្សៃជាទីបំផុត មកលើបូរណភាពទឹកដីកម្ពុជា និងពលរដ្ឋជាជនស៊ីវិលស្លូតត្រង់។

សម្តេចបានគូសបញ្ជាក់ថា នៅក្នុងគ្រាលំបាកនេះ មហាសាមគ្គីគ្រួសារខ្មែរ បានរួមគ្នាជាធ្លុងមួយ ផុសឡើងយ៉ាងរឹងមាំ និងខ្លាំងក្លាជាទីបំផុត ដោយមិនប្រកាន់និន្នាការនយោបាយ ទាំងនៅក្នុង និងក្រៅប្រទេស បានឈរនៅពីក្រោយរាជរដ្ឋាភិបាល និងវីរយុទ្ធជនរបស់យើង។

សម្តេចបានសង្កត់ធ្ងន់ថា៖ «ទោះយើងម្នាក់ៗមិនអាចពាក់ឯកសណ្ឋានយោធា កាន់កាំភ្លើងចូលប្រយុទ្ធនៅជួរមុខបានក៏ដោយ ក៏យើងអាចធ្វើជាទាហាននៅជួរក្រោយ ជួយតាមលទ្ធភាព និងសមត្ថភាពរបស់យើង ក្នុងការជួយដល់ជនភៀសសឹក និងគាំទ្រដល់វីរៈកងទ័ព និងរាជរដ្ឋាភិបាល តតាំងនឹងខ្មាំងឈ្លានពានដ៏ឃោរឃៅ ព្រៃផ្សៃ យង់ឃ្នងនាពេលនេះ។ ខ្មែរជាប្រទេសតូច ប៉ុន្តែក្នុងនាមជាប្រជាជាតិមួយ យើងមិនអាចទ្រាំទទួលការប្រមាថ វាយប្រហារឈ្លានពានដោយខុសច្បាប់ ដោយមិនមានការតបតវិញនោះទេ»

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានកោតសរសើរដល់ក្រុមចលនាស្ត្រីគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល ដែលបានផ្សារភ្ជាប់ខ្លួនយ៉ាងជិតស្និទ្ធជាមួយសុខទុក្ខពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសក្រុមគ្រួសារវីរយុទ្ធជននៅសមរភូមិមុខ ក្រុមគ្រួសារវីរយុទ្ធជនដែលបានពលី និងពលរដ្ឋភៀសសឹក។

សម្តេចបានផ្តាំផ្ញើជូនវីរកងទ័ពនៅសមរភូមិមុខថា រដ្ឋសភា និងពលរដ្ឋខ្មែរទាំងអស់ នៅពីក្រោយបងប្អូនជានិច្ច ផ្តល់ភាពកក់ក្តៅ និងការលើកទឹកចិត្តគ្រប់បែបយ៉ាង ចំពោះក្រុមគ្រួសារវីរយុទ្ធជន ឱ្យសមនឹងគុណបំណាច់ដ៏ធំធេងរបស់បងប្អូន ដែលបានលះបង់ដើម្បីជាតិ និងប្រជាពលរដ្ឋនៅពេលនេះ។ កម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរ ក្នុងកាលៈទេសៈនេះ គឺជាចលករដ៏មានថាមពល នៅពីក្រោយវីរៈកងទ័ព និងវីរៈនគរបាលជាតិគ្រប់រូប ដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហាន ការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

ដើម្បីចូលរួមចំណែកជាមួយក្រុមចលនាស្ត្រីគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល ក្នុងការផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ ជាពិសេសក្រុមគ្រួសារយុទ្ធជននៅសមរភូមិមុខ សម្តេចរដ្ឋសភាធិបតី បានផ្តល់ជូនថវិកាផ្ទាល់ខ្លួនចំនួន ២០ លានរៀល ដល់ក្រុមចលនាស្ត្រី ដើម្បីបន្តសកម្មភាពមនុស្សធម៌ ជួយគាំទ្រ និងលើកទឹកចិត្តដល់ក្រុមគ្រួសារយុទ្ធជនដែលបានពលី ក្រុមគ្រួសារយុទ្ធជនកំពុងស្ថិតនៅសមរភូមិ និងសម្រាប់ឧបត្ថម្ភពលរដ្ឋភៀសសឹកផងដែរ៕