ជំនួយរបស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) បង្ហាញថា ពិភពលោកទទួលស្គាល់កម្ពុជា គឺជាជនរងគ្រោះយ៉ាងពិតប្រាកដ នៃសង្គ្រាមឈ្លានពានដោយថៃ
25-12-2025 18:07
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានទទួលជំនួយមនុស្សធម៌យ៉ាងច្រើនសន្ធឹកសន្ធាប់ពីមូលនិធិជនភៀសសឹកអូឡាំពិក ដែលជាគម្រោងពិសេសមួយរបស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) និងក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី(OCA) សម្រាប់រៀបចំជួយដល់ជនភៀសសឹក ដែលរងគ្រោះដោយសារការឈ្លានពាន និងបាញ់ប្រហារយ៉ាងកំរោលពីយោធាថៃ។
ជំនួយពីចលនាអូឡាំពិកអន្ដរជាតិនេះ បានបង្ហាញយ៉ាងច្បាស់ថា ពិភពលោកបានទទួលស្គាល់កម្ពុជា ពិសេសប្រជាពលរដ្ឋស្លូតត្រង់កម្ពុជារាប់ស៊ិបម៉ឺននាក់ ដែលកំពុងភៀសសឹក គឺជាជនរងគ្រោះយ៉ាងពិតប្រាកដ។ នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធាន NOCC ព្រមទាំងសមាជិកគណៈកម្មាធិការចលនាអូឡាំពិកកម្ពុជាទាំងអស់ បន្ទាប់ពីទទួលជំនួយខាងលើ និងកំពុងរៀបចំសម្រាប់ជួយដល់ជនភៀសសឹក នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥។
លោក វ៉ាត់ ចំរើន បញ្ជាក់ថា មូលនិធិជនភៀសសឹកអូឡាំពិកនេះ បង្កើតឡើងក្រោមការចុះអនុស្សារណៈយោគយល់គ្នា រវាង IOC និងអង្គការសហប្រជាជាតិ(UN) សម្រាប់ជួយដល់ប្រទេសណា ដែលមានជនភៀសសឹក ដោយសារសង្គ្រាម ឬគ្រោះមហន្ដរាយផ្សេងៗ ក្នុងគោលបំណងរួមចំណែកជាមួយ UN ជួយសម្រាលទុក្ខលំបាកដល់ជនភៀសសឹក ក៏ដូចជាលើកទឹកចិត្តឲ្យកុមារ និងយុវជន ឬសិស្សានុសិស្ស ត្រូវធានាបាននូវសិទ្ធរស់រាន្ដមានជីវិត និងការសិក្សារៀនសូត្រ ពិសេសសិទ្ធនៃការលេងកីឡា មិនថាពួកគេផ្លាស់ប្ដូរទីលំនៅចេញពីផ្ទះសម្បែង ឬនៅទីណាក៏ដោយ។
ប៉ុន្ដែជំនួយខាងលើនេះ មិនមែនចេះតែផ្ដល់ជូននោះទេ គឺត្រូវឆ្លងកាត់ការត្រួតពិនិត្យពិច្ឆ័យលើហេតុផលច្បាស់លាស់ណាស់ តួយ៉ាងកម្ពុជា ក្រោយមានជនភៀសសឹកយ៉ាងច្រើនបានរងគ្រោះ ដោយសារសង្គ្រាម និងការឈ្លានពានយ៉ាងពិតប្រាកដពីសត្រូវសៀមរាប ទើប IOC និង OCA បានសម្រេចផ្ដល់ជំនួយដ៏ច្រើន តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សម្រាប់ធ្វើការរៀបចំ និងបែងចែកជួយដល់បងប្អូនជនភៀសសឹក នាពេលឆាប់ៗខាងមុខ។
លោកសង្កត់ធ្ងន់ថា «យើងឃើញថាជាស្មារតី អ្វីដែលយើងទទួលបាននូវអំណោយ ជាសប្បុរសធម៌ ក្នុងការជួយដល់ជនភៀសសឹកកម្ពុជាយើងនេះ ដោយសារគេមើលឃើញថា សង្គ្រាមដែលកើតឡើងដោយការរំលោភបំពានមួយ ដែលចលនាអូឡាំពិកលើពិភពលោក គេទទួលស្គាល់ថា យើង(កម្ពុជា)ជាជនរងគ្រោះ។ នេះគឺជាចំណុចសំខាន់ ដែលជាជំនួយស្មារតីមួយដល់ការផ្ដល់ជូននូវយុត្តិធម៌ដល់ជនភៀសសឹករបស់យើងថា យើងពិតរងគ្រោះដោយសារសង្គ្រាម ដោយសារការឈ្លានពានយ៉ាងពិតប្រាកដមែន»។
«នេះគឺជាចំណុចពិសេសមួយ ដែល NOCC បានទទួលផ្ទាល់ពី IOC និង OCA បានសម្រេចផ្ដល់ជូន រួមមានអង្ករ សៀវភៅ សម្ភារសិក្សា សម្ភារកីឡា កញ្ចប់ថ្នាំពេទ្យ និងសម្ភារប្រើប្រាស់ជាច្រើន។ អ៊ីពួកយើងទាំងអស់គ្នា ក្នុងនាមគណៈកម្មាធិការប្រតិបត្តិ និងចលនាអូឡាំពិកជាតិរបស់យើង ក៏ដូចជាសហព័ន្ធជាតិ នៅតែឈរលើស្មារតីមនុស្សធម៌ នៅតែអំពាវនាវឲ្យមានការបញ្ឈប់នូវសង្គ្រាមឈ្លានពាន បញ្ឈប់នូវការធ្វើឲ្យប្រជាជនត្រូវបង្ខំផ្លាស់ទីលំនៅចេញពីផ្ទះរបស់គាត់ ដែលជាសោកនាដកម្មមួយ ហើយពួកយើងទាំងអស់គ្នា មានភារកិច្ចត្រូវរួមគ្នាជួយក្នុងគ្រាមានទុក្ខលំបាកនេះ»។
លោក វ៉ាត់ ចំរើន បន្ថែមទៀតថា «ជាអត្ថន័យ និងខ្លឹមសារ ឃើញថា យើងទទួលបានការទទួលស្គាល់ពីអន្ដរជាតិ ជាចលនាមួយដ៏មានប្រសិទ្ធភាពក្នុងការជំរុញឲ្យការគាំទ្រផ្ទាល់ដល់កម្ពុជា។ នេះហើយគឺជាកត្ដានៃសាមគ្គីភាព ជាស្មារតីរបស់ UN ជាមួយនឹង IOC ដែលតែងគាំទ្រដល់ជនភៀសសឹកទាំងអស់នៅលើពិភពលោក មិនថានៅប្រទេសណាទេ តែដោយឡែកនៅកម្ពុជា គឺជារឿងពិសេសមួយ ដែលត្រូវបានយកចិត្តទុកដាក់ ក្រោយគេទទួលបានព័ត៌មានភ្លាម គេផ្ដល់នូវជំនួយទាំងអស់នេះ។ ជំនួយជាសម្ភារទាំងអស់នេះ ពិតជាមានតម្លៃហើយ តែគុណតម្លៃធំជាងនេះ គឺការគាំទ្រផ្នែកស្មារតី ដែលមានការគាំទ្រខាងផ្នែកចលនាមនុស្សជាតិ និងធំធេងជាងអ្វីដែលយើងទទួលបាននេះ ហើយក៏ជាសារមួយទៅកាន់ពិភពលោកថា កីឡាភ្ជាប់ជាមួយសន្ដិភាព។ ហេតុនេះហើយបានជាមូលនិធិជនភៀសសឹកអូឡាំពិកជន គេបង្កើតឡើងដើម្បីជាសារទៅដល់ពិភពលោកកុំឲ្យមានសង្គ្រាម ដូចអ្វីពាក្យស្លោកកម្ពជាយើង គឺកីឡារស់ក្នុងសន្ដិភាព»។
សូមបញ្ជាក់ថា ជំនួយ IOC ខាងលើ ថ្នាក់ដឹកនាំ និងក្រុមការងារ NOCC កំពុងរៀបចំបែងចែកជា ២ ទីមួយសម្រាប់បរិច្ចាគជួយផ្ទាល់ដល់ជនភៀសសឹកនៅខេត្តឧត្ដរមានជ័យ ហើយមួយផ្នែកធំទៀត អមថវិកា ៨លានរៀល នឹងបរិច្ចាគតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដែលជាស្ថាប័នតំណាងរាជរដ្ឋាភិបាល ក្នុងចលនាកីឡា ក៏ដូចជាការភ្ជាប់សកម្មភាពអប់រំ និងកីឡា ។ ចុងក្រោយក្នុងនាមលោកទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធាន NOCC លោក វ៉ាត់ ចំរើន បានថ្លែងអំណរគុណដល់ IOC និង OCA ក៏ដូចជាចលនាអូឡាំពិកលើពិភពលោក ដែលបានផ្ដល់ជំនួយមកកម្ពុជា ហើយ NOCC នឹងប្រើប្រាស់ជំនួយនេះឲ្យមានអត្ថន័យ ដល់ដៃជនភៀសសឹក និងទីកន្លែងពិតប្រាកដ៕



















