ពលរដ្ឋកម្ពុជា ថ្កោលទោសអំពើឈ្លានពានរបស់ថៃ និងជំរុញឱ្យមានសកម្មភាពអន្តរជាតិជាបន្ទាន់

25-12-2025 18:34

(ភ្នំពេញ)៖ ស្ថាប័នរដ្ឋ ក្រសួង អាជ្ញាធរមូលដ្ឋាន សហគ្រាសរដ្ឋ និងក្រុមហ៊ុនឯកជនរបស់កម្ពុជាទូទាំងប្រទេស បានធ្វើសេចក្តីថ្លែងការណ៍រៀងៗខ្លួន ថ្កោលទោសការឈ្លានពានរបស់យោធាថៃ ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានការជាបន្ទាន់និងជាក់ស្តែង ដើម្បីការពារជនស៊ីវិលគោរពច្បាប់អន្តរជាតិ និងការពារបេតិកភណ្ឌវប្បធម៌ពិភពលោក។

យោងតាម Fresh Exclusive, សេចក្តីថ្លែងការណ៍ ចេញផ្សាយទូទាំងប្រទេសនៅថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០២៥ បានឆ្លុះបញ្ចាំងពីជំហរជាតិរួមមួយ ដែលថ្កោលទោសប្រតិបត្តិការយោធាជាបន្តបន្ទាប់របស់ប្រទេសថៃ ជាពិសេសការរំលោភបំពានម្តងហើយម្តងទៀតលើបទឈប់បាញ់ និងសេចក្តីប្រកាសរួមស្តីពីសន្តិភាព ដែលបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥»។

Fresh Exclusive បានសរសេរថា ទោះបីជាសេចក្តីថ្លែងការណ៍ ត្រូវបានចេញដោយស្ថាប័នផ្សេងៗគ្នាក៏ដោយ សេចក្តីថ្លែងការណ៍ទាំងនេះ បានបង្ហាញនូវការទាមទារក្នុងអត្ថន័យស្នូលដូចគ្នា «បញ្ឈប់ការវាយប្រហារជាបន្ទាន់លើសហគមន៍ជនស៊ីវិល ការអនុវត្តយ៉ាងតឹងរ៉ឹងនូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងការធ្វើអន្តរាគមន៍របស់អន្តរជាតិយ៉ាងម៉ឺងម៉ាត់ ដើម្បីរារាំងការបាត់បង់ជីវិត និងការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌវប្បធម៌»។

Fresh Exclusive បានដកស្រង់សម្តីអ្នកសង្កេតការណ៍ដែលបានកត់សម្គាល់ថា អំពើខុសច្បាប់របស់ថៃ ដែលរំលោភបទឈប់បាញ់ និងបំពានសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព ដែលបានចុះហត្ថលេខាក្រោមសាក្សីអន្តរជាតិ មិនមែនជាបញ្ហាទ្វេភាគីធម្មតាទៀតឡើយ៖ «នៅពេលកិច្ចព្រមព្រៀងមួយ ដែលមានសាក្សីអន្តរជាតិពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងអតីតប្រធានអាស៊ាន លោក អានវ៉ា អ៊ីប្រាហ៊ីម ត្រូវបានបំពានជាបន្តបន្ទាប់ សំណួរមិនមែនស្ថិតនៅលើថាតើ «អ្នកណាខុស» ប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើថា តើសេចក្តីធានាអន្តរជាតិនេះ មានតម្លៃទៀតទេ»?

សេចក្តីថ្លែងការណ៍ថ្កោលទោសរបស់ពលរដ្ឋកម្ពុជាទូទាំងប្រទេស បានធ្វើឡើងនៅពេលដែលថៃប្រើយន្តហោះចម្បាំង F-16, T-50 និងយន្តហោះប្រភេទផ្សេងទៀត ទម្លាក់គ្រាប់បែកធំៗនិងគ្រាប់បែកចង្កោម មកលើសហគមន៍ស៊ីវិល, ទម្លាក់មកតំបន់មានសាលារៀន នៅតាមខេត្តដែលជាប់នឹងព្រំដែន ដោយកន្លែងខ្លះថៃបានបំពានចួលមកជ្រៅចម្ងាយ១០០គីឡូម៉ែត្រក្នុងទឹកដីកម្ពុជា។

សេចក្តីរាយការណ៍ពីអាជ្ញាធរកម្ពុជា បានបង្ហាញភស្ថុតាងថា គិតរវាងពីថ្ងៃទី៧ ខែធ្នូដល់២៤ ខែធ្នូ ២០២៥ មានជនស៊ីវិលខ្មែរ ដែលបានស្លាប់មាន២១នាក់, រងរបួស៨៦នាក់, ភៀសខ្លួន៦០៩,៨៨៩នាក់, ផ្ទះ១២៣ខ្នង បានខូចខាតខ្ទេចខ្ទី, បែកបាក់អគារឯកជនធំៗចំនួន៦, ខូចខាត សំណង់អគារ Apartments និង Hotels ចំនួន៥, ឆេះស្ថានីយ៍ប្រេងឥន្ធនៈចំនួន១, ឆេះរថយន្ត២៧គ្រឿង, ឆេះឃ្លាំងដាក់ឥវ៉ាន់១, ឆេះឃ្លាំងផ្ទុកទំនិញកសិផល១, អង់តែនស្ថានីយ៍ទូរស័ព្ទ ២កន្លែងបានរងភាពខ្ទេចខ្ទី។

ទ្រព្យសម្បត្តិសាធារណៈរងការខូចខាតរួមមាន៖ សាលារៀន៦កន្លែង, មណ្ឌលសុខភាព២, ផ្សារ១កន្លែង, វត្តចំនួន៥, សាលាឆទាន១, កុដិព្រះសង្ឃ១, អគារធ្វើការរដ្ឋាភិបាលចំនួន១២កន្លែង, ខូចផ្លូវ២កន្លែង, បាក់ស្ពានចំនួន៥ និងបង្កការខូចខាត ធ្ងន់ធ្ងរដល់តំបន់នៃសំណង់វប្បធម៌បុរាណច្រើនកន្លែង។

សេចក្តីថ្លែងការណ៍របស់ពលរដ្ឋកម្ពុជាទូទាំងប្រទេស បានកត់សម្គាល់ថា ប្រសិនបើកិច្ចព្រមព្រៀងដែលគាំទ្រដោយសាក្សីអន្តរជាតិ នៅតែមិនអាចការពារជនស៊ីវិល និងការពារបេតិកភណ្ឌនៃសម្បត្តិវប្បធម៌ជាតិនិងអន្តរជាតិបានផង «តើច្បាប់អន្តរជាតិ និងកាតព្វកិច្ចការពារវប្បធម៌ នៅឯណា ឬត្រូវរង់ចាំរហូតដល់ប្រាសាទបុរាណខ្មែរ រងខ្ទេចខ្ទាំអស់សិន? ទើបបានអនុវត្ត?»។

សេចក្តីថ្លែងការណ៍របស់ពលរដ្ឋកម្ពុជា នៅបានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជា នឹងមិនស្វែងរកការសងសឹក ឬធ្វើសង្គ្រាមទេ ប៉ុន្តែទាមទារឱ្យមានសកម្មភាពអន្តរជាតិដោយជាក់ស្តែងដើម្បីបញ្ចប់អំពើបាញ់ប្រហារដាក់ជនស៊ីវិល, អនុវត្តបទឈប់បាញ់ដោយពិតប្រាកដ និងអាចផ្ទៀងផ្ទាត់បាន, ការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ដែលមិនអាចជំនួសបាន និងគាំទ្រច្បាប់មនុស្សធម៌ និងវប្បធម៌អន្តរជាតិ៕