Fresh Exclusive: សំឡេងរួមរបស់កម្ពុជា ចំពោះពិភពលោក៖ ត្រូវធ្វើសកម្មភាពឥឡូវនេះ ដើម្បីការពារជីវិតមនុស្ស និងបេតិកភណ្ឌមនុស្សជាតិ
25-12-2025 19:00
(ភ្នំពេញ)៖ ស្ថាប័នរដ្ឋ ក្រសួង អង្គភាព មន្ទីរ តាមក្រុង ខេត្ត និងក្រុមហ៊ុន សហគ្រាសនៅទូទាំងប្រទេស បានធ្វើញ្ញត្តិថ្កោលទោសអំពើឈ្លានរបស់ថៃ ដាក់មកលើកម្ពុជា ជាពិសេសអំពើអមនុស្សធម៌របស់ទាហានថៃ ដែលបានបាញ់ប្រហារដាក់មកលើសហគមន៍ស៊ីវិល បណ្តាលឱ្យប្រជាជនស្លូតត្រង់ នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា ថៃ បានស្លាប់និងរងរបួសជាច្រើន ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតដល់បច្ចុប្បន្ននេះ។
Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ៖
នៅពេលដែលសម្លេងគ្រាប់កាំភ្លើង និងគ្រាប់បែកទម្លាក់នៅតាមបន្ទាត់ព្រំដែន នៅមិនទាន់ស្ងប់ សំឡេងដង្ហើយរួមគ្នាមួយទៀត បានលេចឡើងយ៉ាងខ្លាំង។ វាមិនមែនជាសម្លេងអាវុធទេ ប៉ុន្តែជាសំឡេងរួមរបស់ជាតិខ្មែរទូទាំងប្រទេស ដើម្បីដាស់អង្រួនស្មារតីពិភពលោក។
នៅថ្ងៃនេះស្ថាប័នរដ្ឋ ក្រសួង អង្គភាព មន្ទីរ ក្រុង ខេត្ត រហូតដល់សហគ្រាស និងក្រុមហ៊ុនឯកជននៅទូទាំងប្រទេស បានធ្វើញត្តិថ្កោលទោសចំពោះអំពើឈ្លានពានរបស់ថៃ ដែលខ្លឹមសារ និងគោលដៅមានអត្ថន័យរួមនៃសម្លេងជាតិតែមួយ៖ ការពារជនស៊ីវិល ការពារសន្តិភាព និងការពារកិត្តិយសច្បាប់អន្តរជាតិ។
សំឡេងទាំងនេះ មិនមែនជាការថ្កោលទោសបែបអារម្មណ៍ទេ។ វាជាសញ្ញាបញ្ជាក់ថា ប្រទេសមួយទាំងមូលកំពុងឈររួមគ្នាស្មារតីប្តូរផ្តាច់តែមួយ ដើម្បីប្រាប់ពិភពលោកថា អំពើឈ្លានពានខុសច្បាប់របស់ភាគីថៃ ដែលបានបំពានលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពក្រុងគួឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ មិនអាចត្រូវបានពិភពលោកធ្វើស្ងៀមស្ងាត់ ឬមើលរំលងបន្តទៀតបានឡើយ។
* សាមគ្គីភាពជាតិ៖ ពេលសំឡេងក្នុងស្រុក ដាស់អន្តរជាតិត្រូវបំពេញកាតព្វកិច្ច
ឥទ្ធិពលនៃញត្តិទាំងនេះ គឺស្ថិតនៅត្រង់ភាពស៊ីសង្វាក់គ្នាមិនថាមកពីស្ថាប័នណាក្រសួងណា ឬ អង្គភាពណាទោះបីក្នុងរាជរដ្ឋាភិបាល ឬ ក្នុងសហគ្រាសនិងក្រុមហ៊ុនឯកជនក៏ដោយ គឺសុទ្ធតែបញ្ជាក់នូវចំណុចដូចគ្នា ត្រូវបញ្ឈប់ការបាញ់ប្រហារលើសហគមន៍ស៊ីវិល, បញ្ឈប់ការបំពានបទឈប់បាញ់និងការទាមទារឱ្យមានសកម្មភាពពិតប្រាកដពីសហគមន៍អន្តរជាតិ។
ក្នុងក្រសែភ្នែកពិភពលោក អ្វីទាំងនេះបានឆ្លុះបញ្ចាំងថា កម្ពុជាមិនមែនជាប្រទេស ដែលបែកបាក់ផ្ទៃក្នុងជាតិ ឬនិយាយសំឡេងមិនស្របគ្នាទេ។ វាជាសំឡេងតែមួយរបស់ជាតិ ដែលពោរពេញដោយសាមគ្គីភាពពេញលេញ ក្នុងការការពារប្រជាជន និងសន្តិភាពរបស់ប្រទេសខ្លួន។ សាមគ្គីភាពនេះ សំខាន់ជាងអ្វីទាំងអស់ ព្រោះវាបិទចន្លោះដែលភាគីឈ្លានពានអាចយកទៅប្រើ ដើម្បីបំបែកសំឡេង ឬបំបាត់ភាពស្របច្បាប់នៃការអំពាវនាវរបស់កម្ពុជា។ ផ្លូវទៅកាន់សន្តិភាព គ្មានឡើយនូវដានជើងនៃការបែកបាក់ជាតិ! កិច្ចការតែមួយគត់ដែលរាស្រ្តខ្មែរទាំងអស់អាចធ្វើបាននៅពេលនេះគឺប្រគល់ «ភក្តីភាព» ជូនមេដឹកនាំនិងវីរៈកងទ័ពជាតិរបស់កម្ពុជា។
* រំលោភបទឈប់បាញ់ក្រោមសាក្សីអន្តរជាតិ៖ តើកិត្តិយសសេចក្តីធានានៅឯណា?
ខ្លឹមសារស្នូលក្នុងញត្តិ គឺការរំលោភបទឈប់បាញ់ និងបំពានសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព ដែលបានចុះហត្ថលេខាក្រោមសាក្សីអន្តរជាតិ។ នេះមិនមែនជាបញ្ហាទ្វេភាគីធម្មតាទៀតឡើយ។ ពេលកិច្ចព្រមព្រៀងមួយ ដែលមានសាក្សីអន្តរជាតិពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងអតីតប្រធានអាស៊ាន លោក អានវ៉ា អ៊ីប្រាហ៊ីម ត្រូវបានបំពានជាបន្តបន្ទាប់ សំណួរមិនមែនស្ថិតនៅលើថាតើ «អ្នកណាខុស»នោះទេ ប៉ុន្តែស្ថិតនៅលើថា តើសេចក្តីធានាអន្តរជាតិនេះ មានតម្លៃទៀតទេ? តើទង្វើគគ្លើនរបស់ថៃនេះ កំពុងបំពានលើកិត្តិយសនិងសេចក្តីធានារបស់សាក្សីអន្តរជាតិក្នុងកម្រិតប៉ុណ្ណា?
បើកិច្ចព្រមព្រៀង ក្រោមសាក្សីពីប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រធានអាស៊ាន មិនអាចការពារជនស៊ីវិលបានទេ តើសេចក្តីធានាអន្តរជាតិ នៅមានតម្លៃអ្វីទៀត? បើភាគីថៃអាចបំពានបានវានឹងបង្កើតគំរូដ៏អាក្រក់មួយសម្រាប់ប្រព័ន្ធអន្តរជាតិទាំងមូល។ នេះជាសំណួរ ដែលសហគមន៍អន្តរជាតិ មិនអាចគេចវេសបានឡើយ។
* ហេតុអ្វីបានជាពិភពលោក មើលមិនឃើញអំពើទាហានថៃបាញ់ប្រហារមកលើសហគមន៍ស៊ីវិល?
នៅពេលដែលថៃប្រើយន្តហោះចម្បាំង F-16, T-50 និងយន្តហោះប្រភេទផ្សេងទៀត ធ្វើការទម្លាក់គ្រាប់បែកធំៗនិងគ្រាប់បែកចង្កោមមកលើសហគមន៍ស៊ីវិល, ទម្លាក់មកតំបន់មានសាលារៀន, សារព័ត៌មាន ក្នុងស្រុកនិងពិភពលោក បានផ្សព្វផ្សាយហេតុការណ៍នេះ ទៅកាន់ពិភពលោកយ៉ាងច្បាស់បំផុត ដែលទង្វើនេះបានបំពាននឹងច្បាប់មនុស្សធម៌ដោយផ្ទាល់ ប៉ុន្តែហេតុអ្វីបានជាពិភពលោករក្សាភាពស្ងៀមស្ងាត់ បណ្តោយឱ្យជីវិតមនុស្សស្លូតត្រង់បានក្លាយជាល្បែងនយោបាយរបស់មេដឹកនាំថៃ?
ញត្តិរបស់ពលរដ្ឋខ្មែរទូទាំងប្រទេស បានបញ្ជាក់យ៉ាងច្បាស់ថា អំពើឈ្លានពានមិនត្រឹមជាការប៉ះទង្គិចយោធាទេ ប៉ុន្តែថែមទាំងបានបំផ្លាញជីវិតប្រជាជនស្លូតត្រង់ថែមទៀត។ កុមារ ស្ត្រី មនុស្សចាស់ត្រូវរងរបួសនិងស្លាប់ មិនដែលមានថ្ងៃលោះឡើយ។ សិស្សសាលា ត្រូវបង្ខំចិត្តរត់ភៀសខ្លួន។ ផ្ទះសម្បែងពួកគេត្រូវបានបំផ្លាញ។ វាជាវិបត្តិមនុស្សធម៌ពេញលេញ ដែលកើតឡើងដោយសារការប្រើកម្លាំងអាវុធរបស់ទាហានឈ្លានពានថៃ ដែលបាញ់រះមិនរើសគោលដៅឡើយ។
សេចក្តីរាយការណ៍ពីអាជ្ញាធរកម្ពុជា បានបង្ហាញភស្ថុតាងថា គិតរវាងពីថ្ងៃទី៧ធ្នូដល់២៤ធ្នូ ២០២៥ មានជនស៊ីវិលខ្មែរ ដែលបានស្លាប់មាន២១នាក់, រងរបួស៨៦នាក់, ភៀសខ្លួន៦០៩,៨៨៩នាក់, ផ្ទះ១២៣ខ្នង បានខូចខាតខ្ទេចខ្ទី, បែកបាក់អគារឯកជនធំៗចំនួន៦, ខូចខាតសំណង់អគារ Apartments និងHotels ចំនួន៥, ឆេះស្ថានីយ៍ប្រេងឥន្ធនៈចំនួន១, ឆេះរថយន្ត២៧គ្រឿង, ឆេះឃ្លាំងដាក់ឥវ៉ាន់១, ឆេះឃ្លាំងផ្ទុកទំនិញកសិផល១, អង់តែនស្ថានីយ៍ទូរស័ព្ទ ២កន្លែងបានរងភាពខ្ទេចខ្ទី។
ទ្រព្យសម្បត្តិសាធារណៈរងការខូចខាតរួមមាន៖ សាលារៀន៦កន្លែង, មណ្ឌលសុខភាព២, ផ្សារ១កន្លែង, វត្តចំនួន៥, សាលាឆទាន១, កុដិព្រះសង្ឃ១, អគារធ្វើការរដ្ឋាភិបាលចំនួន១២កន្លែង, ខូចផ្លូវ២កន្លែង, បាក់ស្ពានចំនួន៥ និងបង្កការខូចខាត ធ្ងន់ធ្ងរដល់តំបន់នៃសំណង់វប្បធម៌បុរាណច្រើនកន្លែង។ ក្នុងភាសាច្បាប់អន្តរជាតិ ទាំងនេះមិនមែនជាគ្រោះថ្នាក់ដោយចៃដន្យទេ។ វាជាការបំពានធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌ ដែលទាមទារឱ្យមានការឆ្លើយតប និងមិនមែនការសម្ងំស្ងៀមស្ងាត់ធ្វើមិនដឹង មិនឮឡើយ។
* តើច្បាប់អន្តរជាតិ និងកាតព្វកិច្ចការពារវប្បធម៌នៅឯណា ឬ ត្រូវរង់ចាំរហូតដល់ប្រាសាទបុរាណខ្មែរ រងខ្ទេចខ្ទាំអស់សិន?
សេចក្តីរាយការណ៍បានបង្ហាញថា ការទម្លាក់គ្រាប់បែកដោយយន្តហោះចម្បាំងការបាញ់ផ្លោង ដោយអាវុធទំនើបរបស់ថៃ បានបង្កការបែកបាក់យ៉ាងដំណំដល់ប្រាសាទព្រះវិហារនេះសម្បត្តិបេតិកភណ្ឌពិភពលោក។ ប្រាសាទបុរាណបីដទៃទៀតដូចជា ប្រាសាទតាមាន់, តាក្របី និងប្រាសាទខ្នារ បានរងនឹងការបាក់រំលំខ្ទេចខ្ទីដោយសារតែទង្វើឈ្លានពានរបស់ចោរសៀម។ ការបំផ្លាញប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌវប្បធម៌ពិភពលោក មិនមែនជាការខូចខាតសម្បត្តិជាតិទេ។
វាជាការវាយប្រហារលើអត្តសញ្ញាណវប្បធម៌របស់មនុស្សជាតិទាំងមូល។ នៅពេលដែលសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវបានគ្រាប់បែកវាយប្រហារ សំណួរដ៏ធ្ងន់មួយបានលេចឡើង៖ តើច្បាប់អន្តរជាតិ និងកាតព្វកិច្ចការពារវប្បធម៌ ត្រូវអនុវត្តនៅពេលណា? អនុវត្តឥឡូវនេះ ឬបន្ទាប់ពីអ្វីៗត្រូវខ្ទេចខ្ទាំទាំងអស់សិន? បើសិនជាពិភពលោកស្ងៀមស្ងាត់ចំពោះទង្វើឈ្លានពានចោរសៀម ដែលកម្ទេចប្រាសាទបុរាណនៃសម្បត្តិវប្បធម៌ពិភពលោកដោយគ្មានទោសហើយ វានឹងក្លាយជាគំរូអាក្រក់សម្រាប់ជម្លោះផ្សេងទៀត។ តើច្បាប់អន្តរជាតិ និងកាតព្វកិច្ចការពារវប្បធម៌នៅឯណា?
សន្និដ្ឋាន៖
ចំណុចសំខាន់បំផុត ដែលញត្តិរបស់ជនរួមជាតិកម្ពុជាទនៅពេលនេះគឺជាសារបញ្ជូនទៅពិភពលោក ដើម្បីចង់ប្រែក្លាយសម្តីទ្រឹស្តី ក្លាយជាការធ្វើសកម្មភាពដើម្បីការពារច្បាប់អន្តរជាតិ នៅពេលដែលប្រទេសកម្ពុជា រងនូវអំពើឈ្លានពានពីសំណាក់ប្រទេសថៃ។ កម្ពុជា មិនសុំសងសឹក។ កម្ពុជាមិនសុំសង្គ្រាម។ អ្វីដែលកម្ពុជាទាមទារ គឺសកម្មភាពជាក់ស្តែង ដើម្បីបញ្ឈប់អំពើហិង្សារ ការពារជនស៊ីវិល និងធានាការអនុវត្តបទឈប់បាញ់ដោយមានការត្រួតពិនិត្យ។
សំឡេងរួមរបស់ជាតិកម្ពុជា ចំពោះពិភពលោកនៅពេលនេះគឺ សូមធ្វើសកម្មភាពភ្លាមក្នុងពេលនេះដោយត្រូវប្រើអំណាចនៃច្បាប់អន្តរជាតិ បញ្ឈប់អំពើឈ្លានពានរបស់ថៃលើការវាយប្រហារទាំងអស់ជាបន្ទាន់លើជនស៊ីវិលកម្ពុជា, លើប្រាសាទបុរាណខ្មែរ និងត្រូវអនុវត្តបទឈប់បាញ់ពិតប្រាកដជាមួយនឹងការត្រួតពិនិត្យដោយយន្តការអន្តរជាតិប្រកបដោយប្រសិទ្ធភាព។
បើពិភពលោក បន្តភាពស្ងៀមស្ងាត់វាមិនមែនជាភាពអព្យាក្រឹតទេ។ វាជាការពន្យារពេលនៃការរកយុត្តិធម៌ ហើយការពន្យារពេលនោះកំពុងត្រូវបង់ថ្លៃ ដោយជីវិតប្រជាជនខ្មែរស្លូតត្រង់ និងការបំផ្លាញបេតិកភណ្ឌ ដែលមិនអាចជំនួសបាន។ សម្រាប់កម្ពុជា ពេលនេះការនិយាយ ឬការព្រមានតាមពាក្យសម្តី មិនគ្រប់គ្រាន់ឡើយ ដើម្បីបញ្ឈប់អំពើឈ្លានពានដ៏ព្រៃផ្សៃ។ ពេលវេលាសម្រាប់ពិភពលោក ក្នុងការធ្វើសកម្មភាពដើម្បីយុត្តិធម៌និងសន្តិភាព បានមកដល់ហើយ។ វាមិនមែនរង់ចាំថ្ងៃស្អែក និងមិនមែនរង់ចាំពេលក្រោយឡើយ។ ពិភពលោកត្រូវធ្វើសកម្មភាពដោយចាប់ផ្តើម ពីពេលនេះ និងឥឡូវនេះទៅ៕























