នាយឧត្តមសេនីយ៍ គន់ គីម ដឹកនាំក្រុមការងារចុះពិនិត្យ​ការរៀបចំប្រព័ន្ធផលិតទឹកសុទ្ធ ទឹកស្អាត និងបង្គន់អនាម័យ នៅមណ្ឌលសុវត្ថិភាព​វត្តពោធិ៍កែវមានជ័យ ក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ

25-12-2025 20:20

(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹងនាំក្រុមការងារដោយមានការចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹក និងពិនិត្យមើលអំពីប្រព័ន្ធផលិតទឹកសុទ្ធ ទឹកស្អាត និងបង្គន់អនាម័យ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍កែវមានជ័យ ស្ថិតក្នុងឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

នាឱកាសនោះលោកទេសរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ការរៀបចំឱ្យមានប្រព័ន្ធផលិតទឹកសុទ្ធ ទឹកស្អាត និងបង្គន់អនាម័យត្រឹមត្រូវនៅតាមមណ្ឌលសុវត្ថិភាព គឺជាកិច្ចការអាទិភាព ដើម្បីបង្ការជំងឺដង្កាត់ផ្សេងៗ និងធានាឱ្យបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អ ក្នុងអំឡុងពេលស្នាក់នៅបណ្ដោះអាសន្ន ហើយក៏ជាកិច្ចការអាទិភាព ដើម្បីបង្ការជំងឺដង្កាត់ផ្សេងៗ និងធានាឱ្យបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អ។

លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានថ្លែងណែនាំដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវតាមដាន និងថែទាំឧបករណ៍ផលិតទឹកស្អាតទាំងនេះឱ្យបានជាប់ជាប្រចាំ ដើម្បីបម្រើដល់តម្រូវការប្រើប្រាស់ជាក់ស្តែងរបស់បងប្អូនឱ្យបានយូរអង្វែងផងដែរ៕