អំណោយរបស់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ត្រូវបានលោកអភិបាលខេត្តបាត់ដំបង នាំយកមកប្រគល់ជូនពលរដ្ឋភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពក្នុងស្រុកបវេល
25-12-2025 20:49
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងក្រុមការងារ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានបន្តអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដែលទទួលបានពីសប្បុរសជននានា មានគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ផ្សេង ចុះឧបត្ថម្ភជូនបងប្អូនភៀសសឹកនៅមណ្ឌលសុវត្ថិភាពចំនួន ២ទីតាំងទៀត ក្នុងនោះមានមណ្ឌល សុវត្ថិភាពវត្តដង្កោក្រម៉ាង ចំនួន ២៣៩គ្រួសារ និងមណ្ឌលសុវត្ថិភាពវត្តស្លខ្លាញ់ ចំនួន ១៩៥គ្រួសារ ស្ថិតក្នុងស្រុកបវេល។
ក្នុងឱកាសនោះលោក អភិបាលខេត្ត បានបន្តណែនាំដល់អាជ្ញាធរ និងមន្រ្តីជំនាញយកចិត្តទុកដាក់ក្នុងការពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ អន្តរាគមន៍សម្របសម្រួលដោះស្រាយបញ្ហាប្រឈមផ្សេងៗ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាពឱ្យបានល្អប្រសើរ។
លោកក៏បានថ្លែងអំណរគុណដល់ព្រះសង្ឃ អាចារ្យ គណៈកម្មាការវត្ត ដែលបានសហការជាមួយអាជ្ញាធរ ផ្តល់ទីតាំងសម្រាប់បងប្អូនភៀសសឹកស្នាក់នៅ និងណែនាំដល់បងប្អូនជនភៀសសឹកទាំងអស់ ដែលស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាពចូលរួមរក្សាអនាម័យបរិស្ថាន ចេះគោរពស្រឡាញ់គ្នាក្នុងគ្រាលំបាកនេះ និងជួយថែរក្សាការពារសម្ភារៈ ទ្រព្យសម្បត្តិរួម ក្នុងមណ្ឌលភៀសសឹកឱ្យបានល្អ។
លោក សុខ លូ ក៏បានបន្តក្រើនរំលឹកពលរដ្ឋត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងការដឹកនាំប្រទេសរក្សានូវសុខសន្តិភាព និងដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយសត្រូវឈ្លានពានបានដោយសន្តិវិធី។
ជាមួយគ្នានោះដែរ បងប្អូនដែលបានភៀសសឹកបានបង្ហាញអារម្មណ៍កក់ក្តៅដែលទទួលបានការយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសប្បុរសជនដែលតែងតែ ជួយសម្រួលនូវទុក្ខលំបាកនានានៅតាមមណ្ឌលភៀសសឹក៕


























