ពលរដ្ឋភៀសសឹក នៅមណ្ឌលសុវត្ថិភាពវត្តត្រាវគៀត ស្រុកគូលែនជាង ២០០គ្រួសារ ទទួលបានអំណោយមនុស្សធម៍ពីសប្បុរសជន និងព្រះសង្ឃនៅវត្តបុទុម រាជធានីភ្នំពេញ

25-12-2025 22:23

(ព្រះវិហារ)៖ លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ និងជាប្រធានក្រុមការងារមណ្ឌលសុវត្ថិភាពភៀសសឹក «វត្តត្រាវគៀត» ស្ថិតនៅភូមិត្រាវគៀត ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ បានគោរពថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះសង្ឃ និងសប្បុរសជនមក ពីវត្តបុទុម រាជធានីភ្នំពេញ ដែលបាននាំយកអំណោយមនុស្សធម៌ មកឧបត្ថម្ភដល់ប្រជាពលរដ្ឋភៀសសឹក ចំនួន ២១៥គ្រួសារ នៅមណ្ឌលសុវត្ថិភាពវត្តត្រាវគៀត ស្រុកគូលែន។

អំណោយមនុស្សធម៌ដែលនាំមកចែកជូនប្រជាពលរដ្ឋភៀសសឹកនាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះមានចំនួន ២១៥គ្រួសារនាពេលនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ ១០ គីឡូក្រាម ព្រមទាំងគ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ និងសម្ភារៈចាំបាច់មួយចំនួនទៀត។ ជាមួយគ្នានេះដែរ អំណោយមួយផ្នែកត្រូវបានប្រគល់ជូនដល់ក្រុមការងារមណ្ឌលសុវត្ថិភាពវត្តត្រាវគៀត ដើម្បីទុកចែកជូនបន្តដល់ប្រជាពលរដ្ឋភៀសសឹកតាមតម្រូវការជាក់ស្តែង។

ក្នុងឱកាសនោះ លោក ណុប វុធ្ធី បានថ្លែងបញ្ជាក់ថា ការឧបត្ថម្ភរបស់ព្រះសង្ឃ និងសប្បុរសជន គឺជាការចូលរួមយ៉ាងសំខាន់ក្នុងការជួយសម្រាលទុក្ខលំបាក និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងស្ថានភាពលំបាក ហើយជាសក្ខីភាពបង្ហាញពីស្មារតីមនុស្សធម៌ ការចែករំលែក និងសាមគ្គីភាពរបស់សង្គមខ្មែរ។

ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក ណុប វុធ្ធី ក៏បានថ្លែងអំណរគុណផងដែរ ដល់ថ្នាក់ដឹកនាំ និងសប្បុរសជននានា ដែលតែងតែនាំអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងថែរក្សាអនាម័យ បរិស្ថានឱ្យបានល្អ ដោយត្រូវប្រកាន់យកការហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីការពារពីជំងឺផ្សេងៗ៕