អ្នកជំនាញអារ្យធម៌ខ្មែរ៖ វដ្ដឧក្រិដ្ឋកម្មសង្រ្គាមនិងប្រល័យពូជសាសន៍ទីក្រុងបាងកក មកលើប្រជាជនកម្ពុជានាទសវត្សឆ្នាំ១៩៧០ គឺគ្មានF-16 និងសូមបុណ្យណូអែលនៃសន្តិភាព
25-12-2025 23:25
(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា បើនិយាយអំពីវដ្ដឧក្រិដ្ឋកម្មសង្រ្គាម និងប្រល័យពូជសាសន៍ដែលទីក្រុងបាងកក កំពុងឈ្លានពានទាំងកំរោល មកលើកម្ពុជាមានរយៈពេលជាង២០ថ្ងៃមកនេះ និងវោហាសាស្រ្ដរបស់ទីក្រុងបាងកកដឹកនាំដោយនាយករដ្ឋមន្រ្ដីបណ្ដោះអាសន្ន អានុទីន ឆានវីរគុល- Anutin Charvirakul ដែលតែងយកវេទិកាអន្ដរជាតិមកសម្ដែងដើម្បីរំឭកដល់គុណសម្បត្តិរបស់ប្រទេសខ្លួនដដែលៗនិងក្ដែងៗ ថា ទីក្រុងបាងកកជាអ្នកមានចិត្ដល្អដល់កម្ពុជា ដោយជួយយកអាសាដល់ជនភៀសខ្លួនកម្ពុជា បន្ទាប់ពីការដួលរលំរបបខ្មែរក្រហមនាទសវត្សឆ្នាំ១៩៧០ ឬយ៉ាងនេះយ៉ាងនោះ។
ត្រង់ចំណុចនេះ លោក រ័ត្ន សណ្តាប់ យល់ថា ទីក្រុងបាងកក គឺគ្រាន់តែកាត់ យកផ្ទាំងរូបភាពនៃស្រមោលតូចមួយចុងប្រវត្តិសាស្ត្រជនភៀសខ្លួន ដោយលួចយកគុណតម្លៃរបស់ UNBRO និង UNHCR ដែលបានជួយដល់ជនភៀសខ្លួនកម្ពុជានាសម័យនោះ ដើម្បីបំភាន់សាធារណៈមតិជាតិ និងអន្តរជាតិតែប៉ុណ្ណោះ។ ព្រោះថៃ បានកាត់,លុប ឬបំភ្លេចចោលផ្ទាំងរូបភាពតាមលំដាប់ហេតុការណ៍ប្រវត្ដិសាស្រ្ដដ៏វែងអន្លាយនិងសោកសៅបណ្តាលឲ្យមានលំហូរ ដល់ជនភៀសខ្លួនកម្ពុជាតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។
ដោយហេតុថា ក្នុងសង្រ្គាមត្រជាក់នៅវៀតណាម ទីក្រុងបាងកកដឹកនាំដោយសេនាប្រមុខ សារិត ថាន់ណារ៉ាត់ -Sarit Thanarat និងបន្តមកលោក ថ្នម គិតិខាចន-Thanom Kittikachorn នាទសវត្សឆ្នាំ១៩៦០-៧០ ជាអ្នកគាំទ្រចលនាខ្មែរសេរី និងគាំទ្ររដ្ឋប្រហារយ៉ាងពេញទំហឹង រហូតមកដល់របបប្រល័យពូជសាសន៍នៅកម្ពុជា។ ក្នុងសង្រ្គាមត្រជាក់នៅវៀតណាម គឺថៃ បានគាំទ្រនិងជួយសព្វាវុធ សម្ភារៈ និងការហ្វឹកហាត់ដល់កងកម្លាំងខ្មែរសេរី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការវាយប្រហារពីវៀតណាម ដោយថៃចាត់ទុកថា ខ្មែរសេរីនៅកម្ពុជា គឺជារបាំងការពាថៃ ពីការឈ្លានពានពីវៀតណាម។
បើពោលឲ្យខ្លី ចំណុចស្នូលនៃបញ្ហាកើតទ្បើងរបស់របបវាលពិឃាដនៅកម្ពុជា គឺជានយោបាយរបស់ទីក្រុងបាងកក ដែលបានគាំទ្រនិងជួយដល់ខ្មែរសេរីក្នុងសង្រ្គាមត្រជាក់នៅវៀតណាម តាំងពីទសវត្សឆ្នាំ១៩៦០ រហូតដល់ខ្មែរក្រហមឈ្នះសង្រ្គាមឆ្នាំ១៩៧៥ បន្ដរបបខ្មែរក្រហមប្រល័យពូជសាសន៍នៅកម្ពុជា។ បន្ថែមពីលើនេះទៀត នៅទសវត្សឆ្នាំ១៩៧០ បន្ទាប់ពីការដួលរលំរបបខ្មែរក្រហម ក៏ទីក្រុងបាងកក នៅតែបន្តប្រព្រឹត្តិអំពើវិនាសកម្មមកលើជនភៀសខ្លួនកម្ពុជាថែមទៀត ដែលអ្នកប្រវត្តិសាស្ត្រហៅថា" អំពើប្រល័យពូជសាសន៍នៅភ្នំដងរែក- Dangrek genocide" ជាព្រឹត្តិការណ៍សោកនាដកម្មរបស់ប្រជាជនខ្មែររាប់ម៉ឺននាក់ ដែលបានរត់ភៀសខ្លួនទៅកាន់ព្រំដែនថៃ ដើម្បីគេចពីសង្គ្រាម ពីការកាប់សម្លាប់ និងភាពអត់ឃ្លាន តែបែជាត្រូវទាហានថៃចាប់ទាំងបង្ខំញាត់ចូលទ្បានប្រមាណ៥០០០០នាក់ យកទៅទម្លាក់ចោលនៅតំបន់ប្រាសាទព្រះវិហារ ពីលើច្រាំងចោតជួរភ្នំដងរែករុញទម្លាក់ឲ្យជាន់មីន និង បាញ់សម្លាប់រាប់ពាន់នាក់ យ៉ាងសាហាវ ឃោរឃៅ ព្រៃផ្សៃនិងគួរឲ្យរន្ធត់បំផុត។
លោក រ័ត្ន សណ្តាប់ បន្ដថា ស្ថិតក្នុងវដ្ដឧក្រិដ្ឋកម្មសង្រ្គាមនិងប្រល័យពូជសាសន៍របស់ទីក្រុងបាងកក មកលើប្រជាជនកម្ពុជានាទសវត្សឆ្នាំ១៩៧០ គឺគ្មានF-16 ឯថ្ងៃទី៧ ធ្នូ ឆ្នាំ២០២៥ ដែលទីក្រុងបាងកក កំពុងឈ្លានពានទាំងកំរោល ព្រៃផ្សៃ មកលើកម្ពុជាសព្វថ្ងៃនេះ ដោយប្រើយន្ដហោះចម្បាំងF-16 និងសព្វាវុធធុនធ្ងន់ទំនើបគ្រប់ប្រភេទបាញ់ស្រោចចូលរយគីឡូម៉ែត្រក្នុងអធិបតេយ្យកម្ពុជានិងបានបំផ្លាញប្រាសាទបុរាណ វត្ដអារាម សាលារៀន ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងមជ្ឈមណ្ឌលពាណិជ្ជ ទេសចរណ៍ គ្មានរើសទីកន្លែងសម្លាប់គ្មានរើសមុខ សម្លាប់ទាំងកុមារ ស្រ្ដី មនុស្សចាស់ជរា មកលើប្រជាជនកម្ពុជាយ៉ាងសាហាវព្រៃផ្សៃ គឺជាវដ្ដឧក្រិដ្ឋកម្មសង្រ្គាម និងប្រល័យពូជសាសន៍របស់ទីក្រុងបាងកក មកលើប្រជាជនកម្ពុជាដ៏ស្លូតត្រង់។
ទន្ទឹមនឹងនេះ ស្ថិតក្នុងឱកាសបុណ្យណូអែលនេះ លោក រ័ត្ន សណ្តាប់ ក៏បានសម្រេចចិត្តអធិស្ឋានថា សម្រាប់សត្រូវរបស់ខ្ញុំ គឺខ្ញុំនឹងមិនបាញ់មីស៊ីលមួយទៀតទៅលើពួកគេទៀតទេ សូម្បីតែនៅក្នុងគំនិតរបស់ខ្ញុំក៏ដោយ សូមឲ្យវាជាបុណ្យណូអែលនៃសន្តិភាព។ សន្តិភាព សន្តិភាព ហើយបន្ទាប់មកសន្តិភាព។ បេះដូងយើងត្រូវការសន្ដិភាព គឺគ្រប់គ្រាន់ហើយចំពោះការប្រកាសសង្គ្រាម ការបាញ់សម្លាប់គ្នា និងអំពើប្រល័យពូជសាសន៍។ យើងចង់បានសន្តិភាពនៅបុណ្យណូអែលនេះ៕




