គណៈសង្ឃនាយក ថ្កោលទោសថៃ ដែលវាយកម្ទេចរូបសំណាកទេវរូបវិស្ណុ ក្នុងដែនអធិបតេយ្យកម្ពុជា

26-12-2025 13:52

(ភ្នំពេញ)៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាជាទីបំផុត ចំពោះទាហានថៃដែលបានវាយកម្ទេចរូបសំណាកទេវរូបវិស្ណុ ស្ថិតនៅតំបន់អានសេះ ខេត្តព្រះវិហារ ក្នុងដែន អធិបតេយ្យ នៃព្រះរាជាណាចក្រកម្ពុជា។

គណៈសង្ឃនាយក បានចាត់ទុកថា ការវាយកម្ទេចនេះ ធ្វើឱ្យប៉ះពាល់ដល់ជំនឿនិងអារម្មណ៍នៃអ្នកគោរពសាសនាមិនគ្រាន់តែនៅក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងប៉ះពាល់ដល់ជំនឿនិងអារម្មណ៍នៃអ្នកគោរពសាសនាទូទាំងពិភពលោកទាំងមូល ពីព្រោះរូបសំណាកទេវរូបវិស្ណុនេះ ត្រូវបានគោរពបូជាយ៉ាងខ្ពង់ខ្ពស់ ដោយប្រជាជនទូទៅ និងជាបេតិកភណ្ឌវប្បធម៌ អរិយធម៌រួមរបស់មនុស្សជាតិ ដែលមានតម្លៃកាត់ថ្លៃមិនបាន។

ជាងនេះទៀត កងទ័ពថៃបានឈ្លានពានលើដែនអធិបតេយ្យ នៃព្រះរាជាណាចក្រកម្ពុជាដោយប្រើ ប្រាស់អាវុធគ្រប់ប្រភេទ និងយន្តហោះគ្មានមនុស្សបើកទម្លាក់គ្រាប់បែក ផ្សែងពុល គ្រាប់បែកចង្កោម ព្រមទាំង នាវាចម្បាំងបាញ់ប្រហារលើជនស៊ីវីល ដែលបណ្តាលឱ្យស្លាប់ និងរងរបួសជនស៊ីវិលស្លុតត្រង់កម្ពុជាមួយចំនួន។ ក្រៅពីនេះ សិស្សសាលា កុមារា កុមារី ក្មេងចាស់ប្រុសស្រី ត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាព ហើយផ្ទះ សម្បែង មន្ទីរពេទ្យ វត្តអារាម ស្ពាន ផ្លូវថ្នល់ ប្រាសាទ រូបសំណាកមួយចំនួនទៀត ត្រូវបានបំផ្លិចបំផ្លាញគួរឱ្យសោកស្តាយ។

គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូមឱ្យភាគីថៃបញ្ឈប់អរិភាព និងអំពើឃោរឃៅនាំ ឱ្យប៉ះពាល់ជីវិតជនស៊ីវីលស្លូតត្រង់កម្ពុជា និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ សំណង់ ប្រាសាទ រូបសំណាក សាសនាជាដើម ព្រមទាំងងាកមកគោរពកិច្ចព្រមព្រៀងឈប់បាញ់ សេចក្តីថ្លែងការណ៍រួម កាតព្វកិច្ចទាំងឡាយ នៅក្រោមច្បាប់អន្តរជាតិ មាគ៌ាព្រះពុទ្ធសាសនា និងក្នុងនាមជាប្រទេសជិតខាងល្អ។

តាងនាមគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់សហគមន៍អន្តរជាតិ ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ និងមានវិធានការណ៍ជាក់ស្តែងចំពោះការបាញ់ប្រហារម្តងហើយម្តងទៀត និងការរំលោភបំពានលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ព្រមទាំងឱ្យភាគីថៃ ទទួលខុសត្រូវទាំងស្រុងលើការរំលោភបំពាននេះ។ ទន្ទឹមនឹងនេះ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ស្នើដល់សហគមន៍អន្តរជាតិ ប្រទេសជាមិត្រ ភាគីពាក់ព័ន្ធ និងអ្នកជំនាញអន្តរជាតិ បើកការស៊ើបអង្កេតដោយ ឯករាជ្យលើករណីនេះ ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយការបាញ់ប្រហារនេះ៕