ឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ», ក្រសួងអប់រំទទួលថវិកា ១០លានរៀលពីវិស័យឯកជន ដើម្បីជួយដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សភៀសសឹក ក្នុងអំឡុងពេលសង្គ្រាមឈ្លានពានពីប្រទេសថៃ

26-12-2025 14:25

(ភ្នំពេញ)៖ ដោយឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» ក្រុមហ៊ុន តានីជូ អ៊ែសេតម៉ិន ខូអិលធីឌី (Tanichu Assetment Co., Ltd.) ជាអគារខុនដូខ្ពស់ជាងគេ ៧៧ជាន់ មានកម្ពស់ ៣២០ ម៉ែត្រ និងក្រុមហ៊ុន ស៊ីនើជី ឃែភីថល ឯ.ក (Seenergy Capital Co., Ltd.) ដែលជាដៃគូសហការវិនិយោគក្នុងស្រុក បានរៀបចំជាមូលនិធិសប្បុរសធម៌ ដោយបានចូលរួមចំណែកជាថវិកាចំនួន ១០,០០០,០០០ រៀល ដើម្បីជួយដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សភៀសសឹក ក្នុងអំឡុងពេលសង្គ្រាមឈ្លានពានពីប្រទេសថៃ មកលើខេត្តនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ពិធីប្រគល់ជំនួយនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងប្រតិភូក្រុមហ៊ុន តានីជូ អ៊ែសេតម៉ិន ខូអិលធីឌី (Tanichu Assetment Co., Ltd.) រួមមាន លោក តានី ស៊ុនជី អគ្គនាយកក្រុមហ៊ុន, លោក វឿន ចំណាប់ អគ្គនាយករង និង លោក គឹម សុជាវ អគ្គនាយករង។ ចំណែកក្រុមហ៊ុន ស៊ីនើជី ឃែភីថល ឯ.ក (Seenergy Capital Co., Ltd.) រួមមានលោកបណ្ឌិត ញឹម កលរស្មី ប្រធានក្រុមប្រឹក្សាភិបាល និងលោកជំទាវអ្នកឧកញ៉ា អាង ដាណែត អគ្គនាយក, លោកស្រី ម៉ូ ម៉ារី នាយកផ្នែកហិរញ្ញវត្ថុ និងលោក ឌន ដាវីឌ នាយករងផ្នែកអនុសាសន៍។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តទទួលរាល់សម្ភារៈ ថវិកា កញ្ចប់សម្ភារៈសិក្សា សម្ភារៈប្រើប្រាស់ចាំបាច់ និងគ្រឿងឧបភោគ បរិភោគនានា ពីសប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីបែងចែក និងដឹកជញ្ជូនបន្តទៅដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សភៀសសឹក នៅតាមបណ្ដាខេត្តដែលរងផលប៉ះពាល់ជាបន្តបន្ទាប់៕