លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថ្លែងទាំងទឹកភ្នែក សូមឱ្យទេវតាឆ្នាំថ្មី ជួយឱ្យប្រទេសកម្ពុជាមានសន្តិភាព កងទ័ពមានសេចក្តីសុខ សុវត្ថិភាពត្រឡប់មកជួបជុំគ្រួសារ និងជនភៀសសឹក អាចត្រឡប់ទៅផ្ទះសម្បែង រស់នៅដោយសុខសប្បាយ (Video inside)
26-12-2025 14:41
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថ្លែងទាំងទឹកភ្នែក «សូមឱ្យទេវតាឆ្នាំថ្មី ជួយឱ្យប្រទេសកម្ពុជាមានសន្តិភាព កងទ័ពមានសេចក្តីសុខ សុវត្ថិភាពត្រឡប់មកជួបជុំគ្រួសារ និងជនភៀសសឹក អាចត្រឡប់ទៅផ្ទះសម្បែង រស់នៅដោយសុខសប្បាយ»។
ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់អំណោយ ជូនប្រជាជនភៀសសឹក ដោយសារការឈ្លានពានរបស់កងទ័ពថៃ នៅកោះពេជ្រ ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងថា «បើទេវត្តាបានលឺ ព្រះពុទ្ធបានលឺ គ្រប់សាសនាទាំងអស់ដែលមានព្រះបានលឺ ខ្ញុំអត់មានសុំអីទេ គឺសុំឲ្យប្រទេសកម្ពុជាយើងមានសន្តិភាព ប្រជាពលរដ្ឋខ្ញុំមានសន្តិភាព កងទ័ពខ្ញុំមានសុខសុវត្ថិភាពត្រលប់មករកក្រុមគ្រួសារវិញ ហើយសូមឲ្យប្រជាពលរដ្ឋដែលជាជនភៀសសឹកនេះ បានត្រលប់ទៅកាន់ផ្ទះសម្បែងហើយមានសុខសុវត្ថិភាពវិញប៉ុណ្ណោះឯង នេះជាការសុំរបស់ខ្ញុំសម្រាប់ឆ្នាំថ្មីនេះ»។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងបន្តថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី បានខិតខំប្រឹងប្រែងណាស់ដើម្បីបញ្ចប់សង្គ្រាមដោយសន្តិវិធី ប៉ុន្តែប្រទេសថៃរកលេសគ្រប់បែបយ៉ាងដើម្បីបង្កើតសង្គ្រាមជាមួយយើង ម្តងជាពីរដង ដែលធ្វើឲ្យបាត់បង់អាយុជីវិតកងទ័ព និងជនស៊ីវិល ព្រមទាំងមានប្រជាពលរដ្ឋជាងកន្លះលាននាក់ត្រូវរត់ភៀសសឹក ចេញពីផ្ទះសម្បែងរបស់ពួកគេ ដែលនេះជាការឈឺចាប់បំផុតរបស់រដ្ឋាភិបាល ជាពិសេសសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកទាំងទ្វេបានខិតខំប្រឹងប្រែងខ្លាំងណាស់ក្នុងការកសាងប្រទេសជាតិយើងតាំងពីបាតដៃទទេ រហូតមានការរីកចម្រើនដល់សព្វថ្ងៃ ដែលនេះគឺជាការឈឺចាប់ឥតគណនាបាន។
ក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ លោកតា លោកយាយ ប្រជាពលរដ្ឋទាំងអស់ សូមរួបរួមគ្នាជាធ្លុងមួយ បន្តជឿជាក់លើការដោះស្រាយរបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ព្រោះថាលោកទាំងពីរបាននឹងកំពុងខិតខំប្រឹងប្រែង ដើម្បីបិទបញ្ចប់សង្គ្រាមតាមនីតិវិធីសន្តិភាព ដោយមិនចង់ឲ្យមានការបន្តសង្គ្រាម ដែលធ្វើឲ្យបាត់បង់អាយុជីវិតកងទ័ព ប្រជារាស្ត្រស្លូតត្រង់ និងមានជនភៀសសឹកបន្ថែមទៀតឡើយ ហើយការផ្តល់ការជឿទុកចិត្តលើរាជរដ្ឋាភិបាលនេះ គឺជាការបង្ហាញនូវកម្លាំងសមគ្គីជាតិដ៏រឹងមាំដែលគ្មានប្រទេសណាអាចបំផ្លាញបាននោះទេ។
មួយវិញទៀត លោកជំទាវបណ្ឌិត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់ខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់បន្ថែមទៀតជូនដល់លោកតាលោកយាយ អ៊ំពូមីងជាជនភៀសសឹក ក្នុងការសម្រួលការលំបាកនានាជូនពួកគាត់ និងសូមអំពាវនាវដល់ប្រជាជនយើងដទៃទៀត បន្តជួយចូលរួមឧបត្ថម្ភគាំទ្រដល់ វីរកងទ័ពជួរមុខ និងជនភៀសសឹកបន្ថែមទៀត ពីព្រោះយើងមិនដឹកថាសង្គ្រាមឈា្លនពានដោយចោរសៀមនេះបន្តអូសបន្លាយដល់ពេលណានោះទេ ដូច្នេះយើងត្រូវត្រៀមទុកជាមុនទាំងថវិកា ស្បៀងអាហារ និងសម្ភារៈផ្សេងៗជាដើម៕










































