បទវិចារណកថារបស់បណ្ឌិត អ៊ាង សុផល្លែត តាមបែបសីលធម៌ពុទ្ធសាសនា ចំពោះការបំផ្លិចបំផ្លាញបដិមា
26-12-2025 15:13
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានលើកឡើងថា ក្នុងព្រះពុទ្ធសាសនា ការវាយតម្លៃផ្នែកសីលធម៌ មិនស្ថិតលើការផ្ដន្ទាទោសបុគ្គលនោះទេ ប៉ុន្តែស្ថិតលើការពិនិត្យពិចារណាលើស្ថានភាពផ្លូវចិត្ត បំណងប្រាថ្នា និងផលវិបាក។ នៅពេលព្រះពុទ្ធបដិមាត្រូវបានគេបំផ្លិចបំផ្លាញ សកម្មភាពនេះត្រូវបានយល់ឃើញថា ជាការបង្ហាញចេញនូវសភាវៈចិត្តមិនល្អ (អកុសលធម៌) ដែលបិទបាំងប្រាជ្ញា និងសេចក្តីមេត្តា។
ព្រះពុទ្ធបដិមាត្រូវបានចាត់ទុកថាជា «ឧបាយកោសល្ល» ដែលមានតួនាទីជួយដាស់រំលឹកសតិ ការរក្សាសីលធម៌ និងលទ្ធភាពនៃការរំដោះខ្លួនចេញពីទុក្ខ។ សម្រាប់ពុទ្ធបរិស័ទជាច្រើន បដិមាទាំងនេះជួយបណ្ដុះនូវសតិ សេចក្តីគោរព និងវិន័យផ្នែកសីលធម៌។ ហេតុដូច្នេះ ការបំផ្លាញបដិមាទាំងនោះ មិនមែនគ្រាន់តែជាការបំបែកថ្ម ឬលោហៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្កការរំខានដល់លក្ខខណ្ឌដែលគាំទ្រដល់សភាវៈចិត្តល្អ (កុសលធម៌) របស់អ្នកដទៃផងដែរ។
បើពិនិត្យតាមទស្សនៈសីលធម៌ពុទ្ធសាសនា ឫសគល់នៃសកម្មភាពបែបនេះ គឺស្ថិតនៅក្នុងអកុសលមូលទាំងបី៖ អវិជ្ជា (ភាពល្ងង់ខ្លៅ), ទោសៈ (ការខឹងស្អប់ខ្ពើម) និងមោហៈ (ការភាន់ច្រឡំ)។ អវិជ្ជាធ្វើឱ្យមានការយល់ច្រឡំលើអត្ថន័យនិមិត្តរូបនៃពុទ្ធបដិមា ដោយបកស្រាយថាជារូបភាពនៃការគំរាមកំហែង ឬជាអបិយជំនឿ។ ទោសៈ ឬការថ្នាំងថ្នាក់ចិត្ត រុញច្រានឱ្យមានការចង់លុបបំបាត់អ្វីដែលខ្លួនមិនពេញចិត្ត។ ចំណែកឯមោហៈ ជាពិសេសគឺការជឿជាក់លើសីលធម៌ផ្ទាល់ខ្លួនជ្រុលហួសហេតុ បានបញ្ចុះបញ្ចូលអ្នកប្រព្រឹត្តថា ការបំផ្លាញគឺជាទង្វើត្រឹមត្រូវ ចាំបាច់ ឬជាអំពើល្អ។ ព្រះពុទ្ធសាសនាចាត់ទុកការជឿជាក់បែបនេះថាជាជំនឿគ្រោះថ្នាក់បំផុត ព្រោះវាធ្វើឱ្យចិត្តងងឹតងងល់ មើលមិនឃើញនូវទុក្ខវេទនាដែលខ្លួនបានបង្កឡើង។
ចំណុចសំខាន់មួយទៀត គឺការខ្វះនូវមេត្តា ករុណា។ សីលធម៌ពុទ្ធសាសនាផ្ដល់តម្លៃយ៉ាងខ្លាំង លើការយល់ដឹងពីទុក្ខរបស់អ្នកដទៃ រួមទាំងការឈឺចាប់ផ្នែកផ្លូវចិត្ត និងវប្បធម៌។ ការបំផ្លិចបំផ្លាញបដិមាដែលជារូបសក្ការៈ គឺជាការមើលរំលងការឈឺចាប់ ដែលបានបង្កឡើងដល់សហគមន៍ ដែលចាត់ទុកបដិមាទាំងនេះជាតំណាងនៃប្រវត្តិសាស្ត្រ អត្តសញ្ញាណ និងសេចក្តីប្រាថ្នាផ្នែកវិញ្ញាណ។ ការមើលរំលងបែបនេះ ឆ្លុះបញ្ចាំងពីចិត្តដែលផ្ដោតតែលើការភ័យខ្លាច ឬអំណាចផ្ទាល់ខ្លួន ជំនួសឱ្យការសំឡឹងទៅកាន់មនុស្សជាតិរួមគ្នា។
ព្រះពុទ្ធសាសនាក៏សង្កត់ធ្ងន់លើច្បាប់នៃហេតុ និងផល (កម្ម) ផងដែរ។
សកម្មភាពដែលជំរុញដោយការស្អប់ខ្ពើម ឬការប្រមាថ នឹងបន្សល់ទុកនូវស្នាមដិតដាមក្នុងចិត្តរបស់អ្នកប្រព្រឹត្ត ដែលនាំឱ្យចិត្តនោះងាកទៅរកសភាវៈអកុសលបន្តទៀត។ ធម៌វិន័យមិនបានកំណត់ថា នេះជាផលវិបាកផ្នែកចិត្តសាស្ត្រ និងសីលធម៌៖ ចិត្តដែលស៊ាំទៅនឹងការបំផ្លិចបំផ្លាញ នឹងក្លាយជាចិត្តដែលពិបាកស្វែងរកសន្តិភាព។ ក្នុងន័យនេះ គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតនៃការបំផ្លាញរូបសក្ការៈ មិនមែនត្រឹមតែជាការបាត់បង់បដិមាប៉ុណ្ណោះទេ ប៉ុន្តែគឺបានបង្ហាញពីភាពសាហាវយង់ឃ្នងនៃចិត្តរបស់អ្នកដែលបានបំផ្លាញ។
ជាសេចក្តីសន្និដ្ឋាន ការបំផ្លិចបំផ្លាញបដិមា បើពិនិត្យតាមទស្សនៈសីលធម៌ពុទ្ធសាសនា គឺជាការបង្ហាញចេញនូវអវិជ្ជា និងការស្អប់ខ្ពើមដែលបំផ្លាញទាំងសុខដុមរមនាក្នុងសង្គមទាំងមូល និងសុខុមាលភាពបុគ្គល៕





