ក្រសួងមហាផ្ទៃ៖ គិតត្រឹមរសៀលថ្ងៃទី២៦ ខែធ្នូ ជនស៉ីវិលកម្ពុជា៣០នាក់ស្លាប់ និងរងរបួស៩០នាក់ ដោយសារអំពើឈ្លានពានរបស់ថៃ, ជនភៀសសឹកកើនជាង៦៤ម៉ឺននាក់ (Video inside)

26-12-2025 15:38

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានបន្ដសេចក្ដីប្រកាសព័ត៌មានបង្ហាញអំពីផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១រសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥។

ចំពោះផលប៉ះពាល់ដែលបង្កដោយអំពើឈ្លានពានរបស់ថៃនោះ រួមមាន៖

*១៖ ករណីពលរដ្ឋស្លាប់ និងរបួសថ្មី៖ របួសពលរដ្ឋ២នាក់ នៅខេត្តបន្ទាយមានជ័យ។ គិតសរុបពីថ្ងៃទី៧ ខែធ្នូ មក ដល់ពេលនេះ មានពលរដ្ឋស្លាប់ចំនួន៣០នាក់ និងរបួសចំនួន៩០នាក់។

*២៖ ករណីពលរដ្ឋនៅជំរំភៀសសឹក៖ គិតសរុបពីថ្ងៃទី៧ ខែធ្នូមក មានជនភៀសសឹកសរុប ៦៤៥,៩១៦នាក់ ក្នុងនោះស្ត្រី ៣៣៧,០៦៧នាក់ និងកុមារ២០៥,៣៨២នាក់។ តួលេខនេះអាចមានការប្រែប្រួលជាបន្តបន្ទាប់ទៀត។

*៣៖ ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិលថ្មី៖ ខូចខាតផ្ទះ១ខ្នង និងជង្រុកស្រូវ១ នៅខេត្តបន្ទាយមានជ័យ និងផ្ទះ១ខ្នង នៅខេត្តឧត្តរមានជ័យ។ គិតសរុបពីថ្ងៃទី៧ ខែធ្នូមក ការខូចខាតទ្រព្យសម្បត្តិឯកជន រួមមាន ផ្ទះ១៤៧ខ្នង អគារឯកជន៦ អគារស្នាក់នៅ/សណ្ឋាគារ៥ ស្ថានីយ៍ប្រេង១ រថយន្ត២៧គ្រឿង ម៉ូតូ១គ្រឿង លានទិញដំឡូង១ អគារឃ្លាំង ទំនិញ១ បង្គោលអង់តែនទូរសព្ទ២ និងជង្រុកស្រូវ១។ ការខូចខាតទ្រព្យសម្បត្តិសាធារណៈ រួមមាន សាលាំរៀន៦ មណ្ឌល សុខភាព២ សំណង់អគារ១៤ វត្តអារាម៥ សាលាឆទាន១ រថយន្ត១គ្រឿង ប្រាសាទបុរាណមួយចំនួន ស្ពាន៥ ផ្សារ១ និងផ្លូវ ចំនួន៣។

មកដល់ពេលនេះ មានពលរដ្ឋខ្មែរជាងកន្លះលាននាក់ រួមមានស្ត្រីជាង៥០% និងកុមារជាង៣០% កំពុងរងទុក្ខ បន្ទាប់ពីបង្ខំចិត្តភៀសសឹក គេចគ្រាប់កាំភ្លើង គ្រាប់ផ្លោងតូចធំ និងគ្រាប់ទម្លាក់ពីយន្តហោះ ដែលបំផ្លាញផ្ទះសំបែង សាលារៀន និងភូមិករពួកគាត់ជាបន្តបន្ទាប់រួចទៅហើយ៕