ឧត្តមសេនីយ៍ឯក យឹម លាង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងលើកទិសដៅបន្ដរបស់នាយកដ្ឋានអង្គរក្ស

26-12-2025 16:19

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៥ និងលើកទិសដៅបន្ដខែមករា ឆ្នាំ២០២៦ របស់នាយកដ្ឋានអង្គរក្ស។

កិច្ចប្រជុំនេះ មានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស លោក-លោកស្រី អនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ-លោកប្រធានអង្គភាពចំណុះនាយកដ្ឋាន និងមន្រ្តីជំនាញ។

លោកឧត្តមសេនីយ៍ឯក យឹម លាង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំនាយកដ្ឋានអង្គរក្សគ្រប់ជាន់ថ្នាក់ ដែលបានបំពេញភារកិច្ចប្រកបដោយឆន្ទៈខ្ពស់ ខិតខំអស់ពីកម្លាំងកាយចិត្ត រហូតទទួលបានជោគជ័យគ្រប់ភារកិច្ចនាពេលកន្លងមក។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក៏បានធ្វើការណែនាំ និងផ្តល់អនុសាសន៍ដឹកនាំមួយចំនួន ដូចខាងក្រោម៖

*១៖ ត្រូវមានភាពស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ
*២៖ ត្រូវអនុវត្តឲ្យបាននូវគោលនយោបាយនានារបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ គឺ ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល ព្យាលបាល និងវះកាត់
*៣៖ ត្រូវគោរពវិន័យកងកម្លាំងនគរបាលជាតិ និងបទបញ្ជានានា ដែលអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាក្រសួងមហាផ្ទៃបានដាក់ចេញ ស្រមតាមប្រកាសលេខ ៨៧៣ ប្រ.ក ស្ដីពីវិន័យនគរបាលជាតិកម្ពុជា
*៤៖ ត្រូវខិតខំបម្រើ និងមិនត្រូវឲ្យប៉ះពាល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ព្រមទាំងចូលរួមសហការជាមួយអជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីរួមចំណែកក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព ឲ្យស្របតាមគោលនយោបាយ ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព
*៥៖ ត្រូវមានស្មារតីសាមគ្គីភាព សហការល្អ ជាមួយមិត្តរួមការងារ ជាមួយការិយាល័យ-អង្គភាព និងស្ថាប័នពាក់ព័ន្ធ
*៦៖ ត្រូវខិតខំរៀនសូត្រលើគ្រប់ផ្នែក អំពីភារកិច្ចនគរបាល ច្បាប់ វិន័យ សីលធម៍ ជំនាញវិជ្ជាជីវៈ ដើម្បីបង្កើនសមត្ថភាពយល់ដឹង និងបទពិសោធន៍ផ្សេងៗ ក្នុងការធានារ៉ាប់រងរាល់ភារកិច្ចដែលថ្នាក់លើប្រគល់ឲ្យ
*៧៖ ត្រូវបន្តបង្កើនគុណភាពមន្ត្រីនគរបាលអង្គរក្ស ដោយប្រកាន់យកនូវសកម្មភាពគំរូ ដែលប្រកបដោយសេចក្ដីថ្លៃថ្នូរ និងគុណធម៍សំដៅលើកស្ទួយកិត្តិយស កិត្យានុភាព និងឧត្តមភាពរបស់កងកម្លាំងនគរបាលជាតិ៕