អគ្គនាយកនិយ័តករបរធនបាលកិច្ច នាំយកអំណោយពីវិស័យបរធនបាលកិច្ច ជូនដល់វីរៈកងទ័ពជួរមុខ ដែលបានរងរបួស និងកំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាពចំនួន៣ទីតាំង ក្នុងខេត្តពោធិ៍សាត់
26-12-2025 16:26
(ពោធិ៍សាត់)៖ លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសហការី នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ពីវិស័យបរធនបាលកិច្ច ជូនដល់វីរៈកងទ័ពជួរមុខ ដែលបានរងរបួសក្នុងកំឡុងពេលប្រយុទ្ធនៅសមរភូមិ ជាមួយចោរសៀមឈ្លានពានដែនអធិបតេយ្យកម្ពុជា និងកំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាព ចំនួន៣ទីតាំងគោលដៅ សិ្ថតនៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។
ដំណើរចុះសួរសុខទុក្ខនាពេលនេះ ធ្វើឡើងក្នុងស្មារតីសាមគ្គីជាតិ «ខ្មែរជួយខ្មែរ» មហាគ្រួសារខ្មែរជាធ្លុងមួយ ឈរពីក្រោយរាជរដ្ឋាភិបាល និងវីរៈកងទ័ពប្រឆាំងនឹងការឈ្លានពាន ដ៏សាហាវឃោរឃៅរបស់ប្រទេសថៃ ដោយបានប្រើប្រាស់អាវុធធុនតូច និងធំគ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង គ្រាប់បែកចង្កោម និងផ្សែងពុល បាញ់ស្រោចដ៏កំរោល ដោយមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ ចូលយ៉ាងជ្រៅក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រជាជនស្លូតត្រង់ បាត់បង់អាយុជីវិត និងរងរបួសជាច្រើន, ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល សាលារៀន និងផ្ទះសម្បែងប្រជាជនជាច្រើនខ្នងត្រូវបានបំផ្លាញ, ប្រជាជន និងសិស្សសាលា ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួន រកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ ដែលបង្កនូវ វិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកនេះ៕


















