សហគមន៍ឥស្លាមខេត្តកណ្ដាល ថ្វាយបង្គុំសុំសេចក្ដីសុខសន្តិភាព និងសុំពរជ័យពីព្រះអល់ឡោះជាម្ចាស់ឲ្យទ័ពខ្មែរ ឈ្នះអស់មារសត្រូវទាំងឡាយ (Video inside)
26-12-2025 16:26
(កណ្ដាល)៖ លោក ស៊ូ សេន អ៊ីម៉ាំខេត្ត និងជាសមាជិកក្រុមប្រឹក្សាខេត្តកណ្ដាល នាថ្ងៃសុក្រទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ ត្រូវនឹងថ្ងៃសិល៍នៃសាសនាឥស្លាម បានដឹកនាំសហគមន៍ បងប្អូនមូស្លីមស្ថិតនៅក្រុងតាខ្មៅ ថ្វាយបង្គុំជុំអាត់ និងថ្វាយបង្គុំស៊ូណិតហាជិតទៅកាន់អស់ឡោះជាម្ចាស់ ( ព្រះជាម្ចាស់ ) ដើម្បីសុំពរជ័យសិរីសួស្ដី សុភមង្គល សេចក្ដីសុខ សន្តិភាព និងសុំពរជ័យពីព្រះជួយដល់កងទ័ពខ្មែរឈ្នះអស់មារសត្រូវទាំងឡាយ គឺចោរសៀមឈ្លានពានមកលើទឹកដីកម្ពុជា ។
បើតាមលោក អ៊ី ម៉ាំ ការចូលរួមថ្វាយបង្គុំនេះ គឺធ្វើឡើងជារៀងរាល់ថ្ងៃសុក្រ ពោលគឺចាប់តាំងពីថ្ងៃចោរសៀមឈ្លានពាន មកលើទឹកដីកម្ពុជាយើងលើកទី១មកម្លេះ លោកបានដឹកនាំសហគមន៍ ឥស្លាមខេត្តកណ្ដាល ថ្វាយបង្គុំសុំពីអស់ឡោះជាម្ចាស់ជួយបីបាច់ថែរក្សាបងប្អូនពលរដ្ឋភៀសសឹក និងសុំពរជ័យជួយឲ្យកងទ័ពយើងឈ្នះអស់មារសត្រូវទាំងឡាយរហូតមក ។
លើសនេះ លោកស៊ូ សេន អះអាងថា លោកបានដឹកនាំចលនាអំពាវនាវ គៀងគរ រៃអង្គាសថវិការ សម្ភារៈ ស្បៀងអាហារជួយដល់វីរកងទ័ពយើង និងបងប្អូនភៀសសឹក យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយមិនអាចរាប់បាន ព្រោះចំនួនបងប្អូនឥស្លាម និងបងប្អូនខ្មែរយើងចូលរួមជួយមានច្រើនសន្ធឹកពេក មិនថានៅក្រុងតាខ្មៅក្ដី ស្រុកទាំងឡាយជុំវិញខេត្ត គឺឃើញថា មានភាពសស្រាក់សស្រាំណាស់ ជួយជាបន្តបន្ទាប់មិនលួសថ្ងៃឡើយ ដែលកាយវិការនេះ ពិតជាសបញ្ជាក់ឲ្យឃើញពីទឹកចិត្តប្រជារាស្ត្រខ្មែរ មិនថាខ្មែរឥស្លាម ឬខ្មែរព្រះពុទ្ធទេ គឺខ្មែរតែមួយ រួបរួម សហការ សាមគ្គីគ្នាជាធ្លុងមួយ និយាយរួមគឺអ្នកនៅជួរក្រោយនេះ មិនដែលបំភ្លេចបងបងវីរកងទ័ពឡើយ គឺជួយជ្រោមជ្រែងអស់ពីចិត្តអស់ពីកាយ ។
ក្នុងនាមសមាជិកក្រុមប្រឹក្សាខេត្ត និងជាអ៊ីម៉ាំខេត្ត លោក ស៊ូ សេន បានថ្លែងថា លោកនឹងនៅតែបន្តគៀងគរថវិការ សម្ភារៈ និងស្បៀងអាហារគ្រប់យ៉ាងរបស់បងប្អូនពលរដ្ឋ និងស្នើរសុំបងប្អូនពលរដ្ឋមេត្តាបន្តជួយឧបត្ថម្ភ មិនថាតិចក្ដី ច្រើនក្ដី តាមសទ្ធា ដើម្បីយើងទាំងអស់គ្នា នៅតែអាចមានលទ្ធភាពបញ្ជូនស្បៀងអាហារទាំងអស់នោះទៅកាន់វីរកងទ័ពយើង និងបងប្អូនពលរដ្ឋភៀសសឹកយើងឲ្យកាន់តែខ្លាំងក្លាឡើង ពិសេសគឺធានាបានថា ពូកគាត់មានម្ហូបអាហារហូបចុកឆ្អែតគ្រប់គ្រាន់ និងវាយឈ្នះពួកចោរសៀមឲ្យរលាយខ្ចាត់ខ្ចាយ៕






































































