ទស្សនៈ៖ ការបំផ្លាញបេតិកភណ្ឌសាសនា គឺជាការ​បំផ្លាញចំណងរួម​របស់​មនុស្សជាតិ និងជាការបំពានលើមូល​ដ្ឋាន​នៃការរួមរស់ដោយ​សុខសាន្ត

26-12-2025 17:10

(ភ្នំពេញ)៖ សកម្មភាពកម្ទេចរូបសំណាកព្រះវិស្ណុ ដែលជានិមិត្តរូប​នៃ​ជំនឿ វប្បធម៌ និងប្រាជ្ញាខាងវិញ្ញាណរបស់មនុស្សជាតិ ប្រព្រឹត្តឡើង​នៅ​តំបន់ព្រំដែនកម្ពុជា-ថៃ។ សកម្មភាពនេះ មិនត្រឹមតែជាការរំលោភបំពាន​លើបេតិកភណ្ឌវប្បធម៌ និងសាសនាទេ ប៉ុន្តែថែមទាំងជាការបំពាន​យ៉ាង​ធ្ងន់ធ្ងរលើសីលធម៌មនុស្សជាតិ និងគោលការណ៍សន្តិភាព​សកលផង​ដែរ​។

តាមទស្សនៈពុទ្ធសាសនា និងសាសនាទាំងឡាយ អំពើហិង្សា និងការ​បំផ្លាញ កើតចេញពី អវិជ្ជា តណ្ហា និងទោសៈ ដែលជាមូល​ហេតុនាំទៅ​រក​ទុក្ខវេទនា។ ព្រះពុទ្ធសាសនាបង្រៀនយើងថា «អំពើអាក្រក់ មិនអាច​បញ្ចប់​អំពើអាក្រក់បានឡើយ មានតែអំពើល្អប៉ុណ្ណោះដែល​អាចបញ្ចប់​វា»

ការបំផ្លាញនិមិត្តរូបសាសនា មិនមែនជាការបង្ហាញអំណាច ឬជ័យជម្នះ​ឡើយ ប៉ុន្តែជាការបង្ហាញពីការខ្វះប្រាជ្ញា និងការបាត់បង់ស្មារតី​មនុស្ស​ធម៌។ និមិត្តរូបសាសនា គឺជាគន្លងបណ្តុះចិត្តមនុស្សឱ្យមាន មេត្តា​ករុណា អហឹង្សា ការអត់ឱន និងការគោរពគ្នាទៅវិញទៅមក។ ដូច្នេះ ការមើលងាយ ឬបំផ្លាញនិមិត្តរូបទាំងនេះ គឺជាការបំផ្លាញគ្រឹះសីលធម៌ ដែលធ្វើឱ្យសង្គមមនុស្សឆ្ពោះទៅរកភាពតានតឹង ការរើសអើង និងជម្លោះ។

ដោយឡែកទស្សនៈសីលធម៌មនុស្សជាតិ សន្តិភាពមិនមែនជាការ​អវត្ត​មាន​នៃសង្គ្រាមតែប៉ុណ្ណោះទេ ប៉ុន្តែជាស្ថានភាពនៃ ការគោរពសេច​ក្តីថ្លៃ​ថ្នូរ​របស់មនុស្ស ជំនឿ និងអត្តសញ្ញាណវប្បធម៌របស់គ្នាទៅវិញទៅមក។ ការបំផ្លាញបេតិកភណ្ឌសាសនា គឺជាការបំផ្លាញចំណងរួមរបស់​មនុស្ស​ជាតិ និងជាការបំពានលើមូលដ្ឋាននៃការរួមរស់ដោយសុខសាន្ត។

ក្នុងបរិបទនេះ ក្នុងនាមជាខ្មែរដែលបដិបត្តិនូវព្រះពុទ្ធោវាទ និងគោរពនូវ​គុណ​តម្លៃជំនឿដូនតាខ្មែរនោះ ខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិ អង្គការសាសនា អ្នកដឹកនាំផ្នែកសីលធម៌ និងវេទិកាជាតិ​-អន្តរជាតិ​ទាំង​ឡាយ សូមរួមគ្នាថ្កោលទោសចំពោះសកម្មភាពដែល​រំលោភបំពាន​របស់​យោធាសៀម លើសាសនា និងតម្លៃមនុស្សជាតិ ហើយជំរុញឱ្យ​ប្រើ​ប្រាស់ ប្រាជ្ញា មេត្តាករុណា និងសន្តិវិធី ជាឧបករណ៍ដោះស្រាយជម្លោះ ជំនួសឱ្យកំហឹង និងអំពើបំផ្លាញ។

សរុបសេចក្តីមក ក្នុងព្រះពុទ្ធសាសនា គេបង្រៀនថា អំពើអាក្រក់មិន​អាច​រួចផុតពីផលកម្មបានឡើយ។ ក្នុងសាសនាគ្រីស្ទ សេចក្តីពិត គឺជាមូល​ដ្ឋាន​នៃសេរីភាព។ ក្នុងសាសនាអ៊ីស្លាម យុត្តិធម៌គឺជាគ្រឹះនៃសន្តិភាព។ ហើយក្នុងសាសនាហិណ្ឌូ ធម៌គឺជាច្បាប់សកលដែលមនុស្ស​គ្រប់រូប​ត្រូវ​គោរព។ ទោះមានភាពខុសគ្នានៃជំនឿក៏ដោយ សាសនាទាំងអស់​សុទ្ធតែ​ឯកភាពគ្នានៅចំណុចមួយ គឺសន្តិភាពមិនអាចកើតមាន​ដោយគ្មាន​សីល​ធម៌ និងការទទួលខុសត្រូវឡើយ។

អត្ថបទ៖ លោក ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួង​ធម្មការនិងសាសនា