ព្រះប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈកម្ពុជា៖ អ្នកណាហ៊ានប្រមាថស្តេចទេវៈដូចព្រះវិស្ណុ ត្រូវទទួលបណ្តាសា ឱ្យជួបសេចក្តីវិនាសអន្តរាយ៤យ៉ាង
26-12-2025 17:13
(ភ្នំពេញ)៖ ភិក្ខុធម្មត្ថេរោ ហ៉ឹម ប៊ុនធឿន ព្រះប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានមានសង្ឃដីកាថា បើអ្នកណាហ៊ានប្រមាថស្តេចទេវៈ ដូចព្រះវិស្ណុជាដើម ត្រូវទទួលបណ្តាសា ឱ្យជួបសេចក្តីវិនាសអន្តរាយ ចំនួន ៤យ៉ាង។
បណ្តាសាទាំង ៤នោះ រួមមាន៖
*១៖ អន្តរាយដោយភ្លើងឆេះ
*២៖ អន្តរាយដោយទឹកលិច
*៣៖ អន្តរាយដោយវិវាទឈ្លោះទាស់ទែងបែកបាក់សាមគ្គីគ្នា
*៤៖ អន្តរាយ ក្នុងកំណើតនៅក្នុងអបាយភូមិ មាននរកជាដើម។
ព្រះប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារលើបណ្តាញសង្គមថា ការគោរពរបស់បុព្វបុរសដូនតាខ្មែរ ក្នុងលទ្ធិទេវរាជគឺ ការគោរពទៅលើគុណនៃសេចក្តីល្អរបស់ស្តេចទេវៈ ដែលដូនតាយើងចាត់ទុកជាបុព្វការីជន ដែលលោកមានឧបការៈគុណដ៏ធំធេង ចំពោះសង្គមជាតិ មិនអាចកាត់ថ្លៃបាន ចំពោះសត្វលោក។
ហេតុនេះហើយបាន បុព្វបុរសដូនតាយើង លះបង់កម្លាំងកាយ ចិត្ត និងបញ្ញាស្មារតី ព្រមទាំងចំណាយ ព្រះរាជទ្រព្យ សម្បត្តិច្រើន មហាសាល ដើម្បីកសាង ប្រាសាទ ជាច្រើនណាស់សម្រាប់ទុក គោរពបូជាថ្វាយ ចំពោះព្រះអាទិទេពទាំងអស់នោះ ស្ទើទូទាំងអាណាចក្រខ្មែរ ព្រោះមានជំនឿយ៉ាងមុតមាំថា ស្តេចទេវៈទាំងអស់ ជាអ្នកបង្កើតលោក ជាអ្នកថែរក្សាសត្វលោក ជាអ្នកជួយសង្គ្រោះសត្វលោកឱ្យរួចចាកពីទុក្ខអន្តរាយផ្សេងៗ។ ដូច្នេះហើយទោះបី ជាខ្មែរយើង មកគោរពព្រះពុទ្ធសាសនាហើយ ក៏នៅមានជំនឿដក់ជាប់ជ្រៅនៅក្នុងក្រអៅបេះដូង ដែលបានផ្សាភ្ជាប់យ៉ាងរឹងមាំក្នុង ជំនឿទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ ដ៏រស់រវើក មានតម្លៃមិនអាចបំភ្លេចបានឡើយ។
បើតាមព្រះប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ជំនឿទាំងអស់នេះយល់ថា បើអ្នកណាហ៊ានប្រមាថ ឬទម្លាយស្តេចទេវៈដូចព្រះវិស្ណុជាដើម អ្នកនោះត្រូវទទួលបណ្តាសា ឱ្យជួបសេចក្តីវិនាស អន្តរាយ ដូចជា៖
*១៖ ត្រូវទទួលអន្តរាយដោយភ្លើងឆេះ
*២៖ ត្រូវទទួលអន្តរាយដោយទឹកលិច
*៣៖ ត្រូវទទួលអន្តរាយដោយវិវាទឈ្លោះទាស់ទែងបែកបាក់សាមគ្គីគ្នា
*៤៖ ត្រូវទទួលអន្តរាយ ក្នុងកំណើតនៅក្នុងអបាយភូមិ មាននរកជាដើម។
ព្រះប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា មានសង្ឃដីកាបន្តថា នេះគ្រាន់តែជាជំនឿរបស់ដូនតាខ្មែរយើង នៅយុគសម័យគោរពលិទ្ធិទេវរាជ នៅសម័យកាលនោះតែប៉ុណ្ណោះ តែបច្ចុប្បន្ននេះប្រទេសសៀមបានឈ្លានពាន បំផ្លាញនូវប្រាសាទ សាលារៀន ផ្លូវថ្នល់ ស្ពាន វត្តអារាម និងរូបសំណាកបដិមាព្រះវិស្ណុ ជាដើម ដូច្នេះប្រទេសនេះក៏ត្រូវទទួលផលកម្មអកុសលត្រូវបណ្តាសាដូនតាយើង ធ្វើឱ្យប្រទេសមួយចំនួនគេលែងមានជំនឿទុកចិត្តចំពោះប្រទេសសៀម ដែលមានចរិតលក្ខណៈ សាហាវ ឃោរឃៅ ព្រៃផ្សៃមកលើប្រជាជនខ្មែរយើង គ្មានធម៌មេត្តាឡើយ។ សូមឱ្យកម្លាំងស្មារតីសាមគ្គីស្នេហាជាតិកូនខ្មែរគ្រប់រូប ទទួលបានយុត្តិធម៌ ស្ងប់សុខ ជោគជ័យ រុងរឿង គ្រប់កាលទាំងពួង។
សូមជម្រាបថា ប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ ព្រះសិរីកោល សុំ សុខា បានបង្ហាញការយល់ឃើញថា ករណីថៃបំផ្លាញបដិមាសាសនាហិណ្ឌូ នឹងត្រូវប៉ះពាល់ដល់សតិអារម្មណ៍ផ្លូវចិត្តរបស់អ្នកជឿសាសនាហិណ្ឌូទូទាំងពិភពលោក ប្រមាណជាង ១.២ពាន់លាននាក់ ហើយពួកគាត់នឹងថ្កោលទោសថៃមិនខានឡើយ ចំពោះទង្វើដ៏អាក្រក់ ដែលធ្វើឱ្យអន្តរាយដល់បដិមាទេវរូប ដែលជាទីគោរពបូជារបស់ពួកគាត់បែបនេះ។
«ចំនួនអ្នកជឿសាសនាហិណ្ឌូ នៅលើពិភពលោកមានប្រហែល ១.២ពាន់លាននាក់ (ប្រហែល ១៥% នៃមនុស្សលើពិភពលោក) ខណៈឥណ្ឌា គឺជាប្រទេសដែលមានអ្នកជឿសាសនាហិណ្ឌូធំជាងគេបំផុតលើពិលោក។ ពួកគាត់នឹងថ្កោលទោសថៃមិនខានឡើយ ចំពោះទង្វើដ៏អាក្រក់ ដែលធ្វើឱ្យអន្តរាយដល់បដិមាទេវរូប ដែលជាទីគោរពបូជារបស់ពួកគាត់បែបនេះ»។ នេះជាសង្ឃដីការបស់ព្រះសិរីកោល សុំ សុខា។
ក្រសួងការបរទេសឥណ្ឌា បានថ្កោលទោសដោយបានចាត់ទុកថា ការបំផិ្លចបំផ្លាញរូបសំណាកព្រះនៃសាសនាហិណ្ឌូនៅឯតំបន់ព្រំដែនកម្ពុជា-ថៃ ពីសំណាក់យោធាថៃ ជាទង្វើដែលគ្មានការគោរពទាល់តែសោះ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបានលើកឡើងថា សាសនាហិណ្ឌូ និងព្រះពុទ្ធត្រូវបានគោរពសក្ការៈដោយប្រជាជននៅទូទាំងតំបន់។ ដូច្នេះមិនថាវាជាការអះអាងពីទឹកដីនោះទេ ទង្វើគ្មានការគោរពបែបនេះ បានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់សាសនិកនៅជុំវិញពិភពលោក ហើយទង្វើបែបនេះមិនគួរកើតឡើងឡើយ៕






