ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះរៀបចំជនភៀសសឹកចាស់ជរា ស្រ្តីមានផ្ទៃពោះ និងកុមារឱ្យចូលស្នាក់នៅជម្រកចល័ត

26-12-2025 17:15

(ឧត្តរមានជ័យ)៖ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចុះរៀបចំ ជូនជនភៀសសឹកឱ្យចូលស្នាក់នៅជម្រកចល័ត ក្នុងមណ្ឌលសុវត្ថិភាព ដែលជាការគិតគូររបស់រាជរដ្ឋាភិបាល ដើម្បីបង្កភាពងាយស្រួលជូនជនភៀសសឹក ពិសេសប្រជាពលរដ្ឋចាស់ជរា ស្រ្តីមានផ្ទៃពោះ និងកុមារ។

តបតាមអនុសាសន៍ចំពោះមុខ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីឆ្លើយតបនឹងវិធានការ ចាំបាច់ទៅលើសុខទុក្ខជនភៀសសឹក, គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានយកចិត្តទុកដាក់ខ្ពស់ ដើម្បីសុវត្ថិភាព និងធានាដល់ការឧបត្ថម្ភស្បៀង គ្រឿងឧបភោគ បរិភោគ។

ទេសរដ្ឋមន្រ្តី បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមការងារបានខិតខំប្រឹងប្រែងពន្លឿន រហូតសម្រេចរៀបចំរួចរាល់ជម្រកចល័ត និងមានប្រជាពលរដ្ឋភៀសសឹកចូលស្នាក់នៅជាបណ្តើរៗ ក្នុងមណ្ឌលសុវត្ថិភាព។

ទេសរដ្ឋមន្រ្តី បានថ្លែងទៀតថា ការរៀបចំជម្រកចល័តនេះ មានអំណោយផលដែលទទួលជនភៀសសឹកច្រើនគ្រួសារ និងអាចការពារពីអាកាសធាតុក្នុងពេលបច្ចុប្បន្ន ហើយអាចផ្តល់លទ្ធភាពដល់គ្រួសារភៀសសឹកដែលមានសមាជិកគ្រួសារផងដែរ។

ទេសរដ្ឋមន្រ្តី បញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល តែងតែដល់ផ្តល់អនុសាសន៍ និងរម្លឹកជាប់ជាប្រចាំពីសុខទុក្ខជនភៀសសឹក និងមណ្ឌលសុវត្ថិភាពដែលជាជម្រកសំខាន់ដោះស្រាយក្នុងគ្រាដែលប្រជាពលរដ្ឋស្លូតត្រង់តាមបណ្តោយព្រំដែនត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ខ្លួន។

យ៉ាងណាមិញ ទេសរដ្ឋមន្រ្តី សង្កត់ធ្ងន់ថា ទន្ទឹមនឹងកំណើននៃការជម្លៀសតាមបណ្តោយព្រំដែនបន្តកើនឡើង, រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់បានខិតខំប្រឹងប្រែងដោះស្រាយ និងរៀបចំយ៉ាងយកចិត្តទុកដាក់ជូនជនភៀសសឹក ដើម្បីឱ្យប្រជាពលរដ្ឋមានទីតាំងស្នាក់នៅបណ្តោះអាសន្នមួយប្រកបដោយសុវត្ថិភាព និងទទួលបានស្បៀងគ្រប់គ្រាន់។

បន្ទាប់ពីបានរៀបចំជនភៀសសឹកឱ្យចូលស្នាក់នៅជម្រកចល័ត, បងប្អូនជនភៀសសឹក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគិតគូររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទៅលើសុខទុក្ខរបស់ប្រជាជន។

ក្រៅពីនេះ ទេសរដ្ឋមន្រ្តី បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក សូមស្ដាប់ការណែនាំរបស់អាជ្ញាធរ និងត្រូវជឿជាក់លើការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលមានឆន្ទៈខ្ពស់ប្រកបដោយភាពម៉ឺងម៉ាត់ ក្នុងការការពារអធិបតេយ្យភាពកម្ពុជា និងអាយុជីវិតប្រជាពលរដ្ឋស៊ីវិលដែលប្រឈមហានិភ័យផងដែរ៕