រដ្ឋបាលខេត្តត្បូងឃ្មុំ ធ្វើយុទ្ធនាការបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតមនុស្សជាតិ និងគាំទ្រដល់កងទ័ពនៅសមរភូមិមុខ
26-12-2025 17:20
(ត្បូងឃ្មុំ)៖ នៅអគារសាលាខេត្តត្បូងឃ្មុំ បានក្លាយជាទីតាំងនៃចលនាមនុស្សធម៌ដ៏ធំធេង តាមរយៈពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដឹកនាំដោយលោកវេជ្ជបណ្ឌិត អេក ឃាង ប្រធានមន្ទីរពេទ្យ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥។
«ការបរិច្ចាគឈាមម្នាក់មួយតំណក់ ជាកញ្ចក់ឆ្លុះពីសាមគ្គីរួមសុខទុក្ខ និងជាអាវុធដ៏មានឥទ្ធិពលបំផុតក្នុងការគាំទ្រទ័ពជួរមុខ និងសង្គ្រោះទ័ពជួរក្រោយ»។
ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំផ្ទាល់ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ដែលជានិច្ចកាល លោកតែងតែគិតគូរខ្ពស់ពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងស្មារតីស្នេហាជាតិមាតុភូមិ។
តាមរយៈសកម្មភាពនេះ បានបង្ហាញឲ្យឃើញនូវកិច្ចសហការគ្នា សាមគ្គីភាព ជាធ្លុងមួយ ដើម្បីសង្គ្រោះជីវិតមនុស្សជាតិ និងគាំទ្រដល់កងទ័ពនៅសមរភូមិមុខ ក្នុងការពង្រឹងវិស័យសុខាភិបាល នៅពេលដែលប្រទេសកម្ពុជាយើង កំពុងទទួលរងការឈ្លានពានយ៉ាងព្រៃផ្សៃពីសំណាក់កងកម្លាំងយោធាថៃ មកលើដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។
ចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ននេះ បណ្តាលឱ្យប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជា បានបាត់បង់ជីវិត និងរងរបួសជាច្រើននាក់ ព្រមទាំងខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សាលារៀន មន្ទីរពេទ្យ វត្តអារាម ស្ពាន ផ្លូវ លំនៅដ្ឋានប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសបានធ្វើឱ្យប្រជាពលរដ្ឋរាប់សែននាក់ បាត់បង់ទីលំនៅ និងកុមាររាប់ម៉ឺននាក់មិនបានសិក្សារៀនសូត្រ។
ការរៀបចំយុទ្ធនាការនាឱកាសនេះ មានគោលបំណងសំខាន់ គឺដើម្បីសង្គ្រោះជីវិតមនុស្សជាតិ ជាការឆ្លើយតបទៅនឹងតម្រូវការឈាមចាំបាច់ក្នុងការជួយសង្គ្រោះអ្នកជំងឺ និងជនរងគ្រោះនានា និងជាពិសេសគាំទ្រកងទ័ពសមរភូមិមុខ ដើម្បីបង្ហាញពីការដឹងគុណ និងការសាមគ្គីភាព គាំទ្រដល់កងទ័ពដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងការពារទឹកដី ពីចោរឈ្លានពាន ។
តាមរយៈការអំពាវនាវ និងការដឹកនាំដ៏មានប្រសិទ្ធភាពរបស់ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ពិធីនេះបានទាក់ទាញការចូលរួមយ៉ាងកុះករពីសំណាក់ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្ស និស្សិត និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់។
យុទ្ធនាការនេះ បានបង្ហាញឱ្យឃើញថា បើទោះបីសត្រូវព្យាយាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ សាលារៀន ឬមន្ទីរពេទ្យយើងយ៉ាងណាក៏ដោយ ប៉ុន្តែទឹកចិត្តសាមគ្គី និងការលះបង់របស់កូនខ្មែរ គឺមិនអាចបំបាក់បានឡើយ៕





















