អភិបាលខេត្តព្រះវិហារ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលវឌ្ឍនភាពនៃការដាំដុះបន្លែ តាមសួនបន្លែមណ្ឌលភៀសសឹក នៅស្រុកត្បែងមានជ័យ និងស្រុកគូលែន
26-12-2025 17:25
(ព្រះវិហារ)៖ ក្នុងស្មារតីជួយគ្នា នៅគ្រាលំបាក បងប្អូនប្រជាពលរដ្ឋភៀសសឹក បានរួមគ្នាយ៉ាងសកម្ម ក្នុងការដាំដុះបន្លែចម្រុះនៅក្នុង «សួនបន្លែ មណ្ឌលភៀសសឹក» ដើម្បីធានាបាននូវការផ្គត់ផ្គង់ស្បៀងអាហារនៅនឹងកន្លែង។ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យមើលវឌ្ឍនភាពនៃការដាំដុះនេះ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ តាមមណ្ឌលសុវត្ថិភាព នៅស្រុកគូលែន និងស្រុកត្បែងមានជ័យ។
លោក គីម រិទ្ធី បានថ្លែងថា សកម្មភាពបង្កបង្កើនផលដាំបន្លែជុំគ្នាក្បែរមណ្ឌលសុវត្ថិភាពនេះ គឺធ្វើឡើងស្របតាមការគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្រ្តីទី១នៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់បំផុត ចំពោះបងប្អូនដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព តាមរយៈការដាំដុះបន្លែបង្ការ ដើម្បីសម្រាលបន្ទុកថវិកាប្រចាំថ្ងៃរបស់បងប្អូនក្នុងគ្រាអាសន្ននិងធានាផ្ដល់នូវបន្លែបៃតងស្រស់ៗ ដែលមានសុវត្ថិភាពសម្រាប់សុខភាព។
លោកក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្មារតីលះបង់របស់បងប្អូនជនភៀសសឹក ដែលមិនត្រឹមតែអង្គុយរង់ចាំជំនួយ ប៉ុន្តែបានរួមគ្នាបង្កបង្កើនផល ដើម្បីខ្លួនឯង និងសហគមន៍ថែមទៀតផង ដោយបានចូលរួមដាំដំណាំទាំងអស់គ្នាយ៉ាងសស្រាក់សស្រាំ នេះគឺជាកម្លាំងសាមគ្គីភាពដ៏រឹងមាំ ដែលបង្ហាញថា ទោះបីក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ បងប្អូននៅតែមានស្មារតីតស៊ូ បង្កបង្កើនផល ដើម្បីចិញ្ចឹមជីវិត និងជួយគ្នាទៅវិញទៅមក។ សកម្មភាពដាំដុះបន្លែរួមគ្នានេះ មិនត្រឹមតែជាការដោះស្រាយបញ្ហាស្បៀងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសកម្មភាពដែលជួយឱ្យបងប្អូនជនភៀសសឹកមានភាពកក់ក្តៅ និងមានកម្លាំងចិត្តក្នុងករណីដែលត្រូវស្នាក់នៅឆ្ងាយពីផ្ទះសម្បែងជាបណ្ដោះអាសន្នផងដែរ។
លោក គីម រិទ្ធី ថ្លែងបញ្ជាក់ទៀតថា ការដាំដុះបន្លែនេះ បានកាត់បន្ថយចំណាយជួយសម្រាលបន្ទុកថវិកាប្រចាំថ្ងៃរបស់បងប្អូនក្នុងគ្រាអាសន្ន ដោយមិនចាំបាច់ទិញបន្លែពីទីផ្សារ និងផ្តល់នូវបន្លែធម្មជាតិ (បន្លែបៃតង) ដែលគ្មានជាតិគីមី ធានាបាននូវសុវត្ថិភាពចំណីអាហារ និងសុខភាពមាំមួន ព្រមទាំងបង្កើតនូវសកម្មភាពរួមគ្នា ដែលជួយឱ្យបងប្អូនមានស្មារតីរឹងមាំ កាត់បន្ថយភាពតានតឹង និងបង្កើនភាពស្និទ្ធស្នាលក្នុងមណ្ឌលសុវត្ថិភាព និងជាការចែករំលែកនូវបច្ចេកទេសដាំដុះងាយៗ ដែលបងប្អូនអាចយកទៅអនុវត្តបន្ត នៅផ្ទះសម្បែងវិញនាពេលអនាគត៕























