Fresh Exclusive: តើសង្គ្រាមកម្ពុជា-ថៃ អាចបញ្ចប់ដោយវិធីណា? (Video inside)
26-12-2025 17:27
(ភ្នំពេញ)៖ សង្គ្រាមផ្ទុះឡើងជាលើកទី២ រវាងកម្ពុជានិងថៃ បានអូសបន្លាយជិត២០ថ្ងៃមកហើយ។ តើសង្គ្រាមនេះ នឹងអាចបញ្ចប់ទៅបានដែរឬទេ និងតើដោយរបៀបណា និងពេលណា?
Fresh Exclusive មានអត្ថបទវិភាគស៊ីជម្រៅ៖
សង្គ្រាមមិនដែលបញ្ចប់ដោយចៃដន្យឡើយ។ សង្គ្រាមក៏មិនចប់ដោយសម្តីអំពាវនាវ ឬសេចក្តីព្រមានតាមការទូតឬតាមទូរស័ព្ទដោយផ្ទាល់មាត់ដែរ។ ក្នុងប្រវត្តិសាស្ត្រនយោបាយអន្តរជាតិ សង្គ្រាមតែងតែបញ្ចប់នៅពេលដែលលក្ខខណ្ឌមួយចំនួនត្រូវបានបំពេញ។
សម្រាប់សង្គ្រាមកម្ពុជា-ថៃ ក្នុងពេលនេះសំណួរអ្វីមួយដែលពលរដ្ឋកម្ពុជាកំពុងចង់ដឹងមុនគេបង្អស់គឺថា «តើពេលណាទើបសង្គ្រាមបង្ហូរឈាមនេះបញ្ចប់?» និង «តើពិភពលោកនឹងធ្វើអ្វីខ្លះ ដើម្បីឲ្យសង្គ្រាមនេះចប់?»។
ក្នុងប្រវត្តិសាស្ត្រនៃជម្លោះអន្តរជាតិ មានតែ ៤ ផ្លូវធំៗប៉ុណ្ណោះ ដែលសង្គ្រាមអាចបញ្ចប់បាន។ ការយល់ដឹងច្បាស់ពីផ្លូវទាំងនេះ គឺជាគន្លឹះសំខាន់បំផុត ដើម្បីយើងគប្បីយល់ថា កម្ពុជាគួរទៅផ្លូវណា និង មិនអាចទៅផ្លូវណា ដោយផ្អែកតាមបទពិសោធន៍ប្រវត្តិសាស្ត្រ និងយុទ្ធសាស្ត្រធ្លាប់បំបាត់សង្គ្រាមនៃប្រវត្តិសាស្ត្ររបស់ពិភពលោក។
* ផ្លូវទី១៖ សង្គ្រាមចប់ដោយសម្ពាធអន្តរជាតិពិតប្រាកដ
នេះជាផ្លូវមួយ ដែលអាចជួយបញ្ចប់សង្គ្រាមគឺនៅពេលដែលមហាអំណាច និងសហគមន៍អន្តរជាតិ មិនឈប់ត្រឹមតែការនិយាយ «អំពាវនាវឲ្យអត់ធ្មត់» ប៉ុណ្ណោះទេ ប៉ុន្តែត្រូវចាប់ផ្តើមធ្វើកិច្ចការដាក់សម្ពាធដោយជាក់ស្តែង ដើម្បីឲ្យភាគីឈ្លានពានបង់តម្លៃពិតប្រាកដ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងការទូត។
ប្រវត្តិសាស្ត្រអន្តរជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា សង្គ្រាមនិងវិបត្តិនយោបាយធំៗ មួយចំនួនបានបញ្ចប់ដោយផ្លូវទីមួយ ដែលមានសម្ពាធអន្តរជាតិដ៏ពិតប្រាកដ។ ករណីនេះ បានកើតឡើងយ៉ាងច្បាស់នៅក្នុង ប្រទេសស៊ែប៊ី (Serbia) ក្នុងវិបត្តិបាល់កង់ក្នុងដើមទសវត្ស១៩៩០ ដែលសង្គ្រាមនោះ ត្រូវបានបញ្ចប់នៅក្នុងឆ្នាំ១៩៩៥ ក្រោមសម្ពាធអន្តរជាតិយ៉ាងខ្លាំង រួមទាំងទណ្ឌកម្មនយោបាយ សេដ្ឋកិច្ច និងការបង្ខំឱ្យគោរពការសម្រេចចិត្តរបស់សហគមន៍អន្តរជាតិ។
ដូចគ្នានេះផងដែរសង្គ្រាមរវាងអ៊ីរ៉ង់-អ៊ីរ៉ាក់ បានបញ្ចប់មិនមែនដោយជ័យជម្នះយោធារបស់ភាគីណាមួយឡើយ ប៉ុន្តែដោយសារសម្ពាធជាបន្តបន្ទាប់ពីអង្គការសហប្រជាជាតិ ដែលធ្វើឱ្យភាគីទាំងពីរយល់ថា ការបន្តសង្គ្រាមនឹងនាំទៅរកការខាតបង់ធ្ងន់ធ្ងរជាងការទទួលយកបទឈប់បាញ់។
ឧទាហរណ៍មួយទៀតគឺនៅរបប Apartheid នៅអាហ្វ្រិកខាងត្បូងក៏ជម្លោះត្រូវបានបញ្ចប់ មិនមែនដោយសង្គ្រាមផ្ទៃក្នុងតែមួយមុខនោះទេ ប៉ុន្តែដោយសារសម្ពាធអន្តរជាតិដ៏ទូលំទូលាយ រួមមានទណ្ឌកម្ម សម្ពាធការទូត និងការបដិសេធផ្នែកសេដ្ឋកិច្ច ដែលធ្វើឱ្យរបបនោះមិនអាចបន្តរស់រានមានជីវិត នៅលើឆាកអន្តរជាតិបានទៀតឡើយ។
ប្រវត្តិសាស្ត្របានបង្ហាញជាក់ស្តែងថា ប្រទេសឈ្លានពានភាគច្រើនតែងតែស្តាប់តម្លៃបាត់បង់ និងមិនចូលចិត្តស្តាប់សម្តីអំពាវនាវឬគំរាមដោយឥតប្រយោជន៍នោះទេ។ ដូច្នេះនៅពេលការបន្តសង្គ្រាមនាំមកនូវការបាត់បង់អត្ថប្រយោជន៍ធំៗ សង្គ្រាមចាប់ផ្តើមចូលក្នុងផ្លូវបញ្ចប់របស់វាដោយស្វ័យប្រវត្តិ។ សម្រាប់កម្ពុជា ផ្លូវនេះមានន័យថា សង្គ្រាមនឹងចាប់ផ្តើមចប់ នៅថ្ងៃដែលពិភពលោកធ្វើឲ្យថៃយល់ថា «ការបន្តសង្គ្រាម ថ្លៃជាងការបញ្ឈប់វា»។ នេះជាផ្លូវដ៏មានភាពជាក់ស្តែងបំផុតសម្រាប់កម្ពុជា។
* ផ្លូវទី២៖ សង្គ្រាមចប់ដោយការធ្វើអន្តរជាតិភាវូបនីយកម្ម
ផ្លូវទី២ គឺការអាចបញ្ចប់សង្គ្រាម ដោយសារជម្លោះត្រូវបានលើកឡើងជាបញ្ហាសកល មិនមែនដោយទ្វេភាគី។ មានន័យថា សង្គ្រាម ក៏អាចចប់នៅពេលដែលជម្លោះមិនអាចត្រូវបានគ្រប់គ្រងជាបញ្ហាទ្វេភាគីឡើយ។ នៅពេលជម្លោះ ត្រូវបានលើកទៅកាន់វេទិកាអង្គការសហប្រជាជាតិ អាស៊ាន ឬតុលាការអន្តរជាតិ ភាគីឈ្លានពាន នឹងបាត់អត្ថប្រយោជន៍យុទ្ធសាស្ត្រសំខាន់ៗ ដូចជាអំពើបាញ់ប្រហារដាក់លើជនស៊ីវិល នឹងក្លាយជាបញ្ហាមនុស្សធម៌សកល និងការបំផ្លាញប្រាសាទបុរាណ នឹងក្លាយជាបញ្ហាបេតិកភណ្ឌមនុស្សជាតិ។ ភាគីឈ្លានពានមិន អាចប្រើព័ត៌មានកុហកពិភពលោកបានទៀតឡើយ ដោយសារអន្តរជាតិភាវូបនីយកម្មដែលចូលរួមពីភាគីទីបី។ ផ្លូវនេះហើយ ជាមូលហេតុដែលភាគីឈ្លានពានភាគច្រើនខ្លាចភាគីទី៣ និងពួកឈ្លានពាន តែងព្យាយាមរារាំងការធ្វើអន្តរជាតិភាវូបនីយកម្មគ្រប់បែបយ៉ាង ដើម្បីរកវិធីគ្រប់គ្រងតាមរយៈទ្វេភាគី។
ករណីនេះ ធ្លាប់កើតមានក្នុងជម្លោះប្រាសាទព្រះវិហាររវាងកម្ពុជានិងថៃតាមរយៈការប្តឹងតុលាការយុត្តិធម៌អន្តរជាតិ ICJ ឆ្នាំ១៩៦២និង២០១៣, ធ្លាប់កើតមានផងដែរនៅក្នុងវិបត្តិជម្លោះកូសូវ៉ូឆ្នាំ១៩៩៨-១៩៩៩ ក្រោយការអន្តរជាតិភាវូបនីយកម្ម និងធ្លាប់កើតឡើងនៅក្នុងប្រទេសទីម័រខាងកើត ដែលសង្គ្រាមបានបញ្ចប់ក្រោយអង្គការសហប្រជាជាតិបានចូលធ្វើអន្តរាគមន៍។ ជម្រើសចប់សង្គ្រាមក្នុងផ្លូវទីពីរនេះ ជាមូលហេតុដែលថៃខ្លាចមានភាគីទី៣ចូលជ្រៀតជ្រែក និងថៃតែងព្យាយាមរារាំងការធ្វើអន្តរជាតិភាវូបនីយកម្មរបស់កម្ពុជា។
* ផ្លូវទី៣៖ សង្គ្រាមចប់ដោយការអូសបន្លាយ រហូតទាំងពីរភាគីអស់កម្លាំង
ផ្លូវទីបីនេះ ជាផ្លូវអាក្រក់បំផុត ដែលសង្គ្រាមមិនបានបញ្ចប់ឆាប់ដោយធ្វើឱ្យជនស៊ីវិលស្លាប់ជាបន្តបន្ទាប់ សេដ្ឋកិច្ចដួលរលំ និងបេតិកភណ្ឌវប្បធម៌ខូចខាត និងមិនអាចស្តារឡើងវិញបានឡើយ។ ប្រវត្តិសាស្ត្របង្ហាញថា វាមិនចប់ដោយជ័យជម្នះច្បាស់លាស់ទេ ប៉ុន្តែចប់ដោយភាពនឿយហត់ ការបែកបាក់ និងការរលាយសមត្ថភាពរដ្ឋរៀងៗខ្លួន។
ករណីផ្លូវទី៣ ដែលសង្គ្រាមចប់ដោយការអូសបន្លាយ រហូតទាំងពីរភាគីអស់កម្លាំង ធ្លាប់កើតមាននៅក្នុងប្រទេសស៊ីរី ដែលមានសង្គ្រាមរ៉ាំរ៉ៃរយៈពេល១៣ឆ្នាំ, នៅអាហ្វហ្គានីស្ថានរវាងពីឆ្នាំ១៩៧៩ដល់១៩៨៩ នៅពេលដែលអតីតសហភាពសូវៀតដែលអស់កម្លាំងបានដកទ័ពចេញនិងនៅប្រទេសយេម៉ែនដែលសង្គ្រាមរ៉ាំរ៉ៃអូសបន្លាយជាង១០ឆ្នាំជាដើម។ ផ្លូវនេះនឹងមិននាំមកនូវសន្តិភាពទេ ប៉ុន្តែនាំមកការបំផ្លាញរដ្ឋ ជីវិតមនុស្ស និងអនាគតជាតិ។ កម្ពុជា មិនអាចនិងមិនត្រូវធ្វើដំណើរចូលទៅផ្លូវនេះឡើយ ពីព្រោះជាផ្លូវនៃមហាវិនាសកម្ម។
* ផ្លូវទី៤៖ សង្គ្រាមចប់ ដោយការចុះចាញ់ភាគីមួយ
ផ្លូវនេះ គឺជាផ្លូវនៃការបាត់បង់អធិបតេយ្យភាព និងកិត្តិយសជាតិ។ ថៃអាចចុះចាញ់ តែកម្ពុជា មិនអាច ចុះចាញ់បានឡើយ។ ប្រជាជនកម្ពុជាប្តេជ្ញាការធ្វើពលិកម្មជីវិតដើម្បីអធិបតេយ្យជាតិ និងផ្លូវទីបួននេះ មិនមែនជាជម្រើសសម្រាប់កម្ពុជាទេ ហើយក៏មិនមែនជាផ្លូវដែលខ្មែរធ្លាប់ មាននៅក្នុងប្រវត្តិសាស្ត្រជាតិកម្ពុជាដែរ។ កម្ពុជាមិនអាចចុះចាញ់ និងក៏មិនអាចអនុញ្ញាតឲ្យជាតិរងវិនាសកម្មដើម្បីតែឈ្នះសង្គ្រាមដែរ។
* ហេតុអ្វីបានជាកម្ពុជា មិនទៅកាន់ផ្លូវទី៣ និងទី៤?
ចម្លើយស្ថិតនៅលើបទពិសោធន៍ប្រវត្តិសាស្ត្រនៃការបញ្ចប់សង្គ្រាមស៊ីវិលជិត៣០ឆ្នាំកន្លងមក ក្រោមយុទ្ធសាស្ត្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ស្នាដៃធំបំផុតរបស់សម្តេច គឺការបញ្ចប់សង្គ្រាម ដោយមិនបំផ្លាញជាតិ ការអនុវត្តនយោបាយឈ្នះ-ឈ្នះ និងការរក្សាអធិបតេយ្យភាព ខណៈសន្តិភាពនៅតែរក្សាបាន។ យុទ្ធសាស្ត្ររបស់សម្តេចតេជោ មិនមែនជាយុទ្ធសាស្ត្រចុះចាញ់ និងមិនមែនជាយុទ្ធសាស្ត្រដឹកនាំប្រទេសទៅវិនាសកម្មឡើយ។
យុទ្ធសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន មានស្នូល៣សំខាន់៖
១. មិនចុះចាញ់ និងធ្វើឱ្យបាត់បង់អធិបតេយ្យភាពជាតិខ្មែរឡើយ។
២. មិននាំប្រទេសធ្លាក់ចូលវិនាសកម្ម
៣. ប្រើពេលវេលា ច្បាប់ និងការទូត ធ្វើជាអាវុធយុទ្ធសាស្ត្រ
បីចំណុចស្នូលនេះហើយ ជាមូលហេតុដែលកម្ពុជា ត្រូវឈរដាច់ខាតនៅផ្លូវទី១ និងទី២ តែប៉ុណ្ណោះដើម្បីការបញ្ចប់សង្គ្រាម។
* សេចក្តីសន្និដ្ឋាន៖ សង្គ្រាមនេះនឹងចប់ «នៅពេលណា»?
សង្គ្រាមកម្ពុជា-ថៃ មិនអាចបញ្ចប់បាន ដោយពាក្យសន្យា ឬសេចក្តីថ្លែងការណ៍ត្រឹមតែមាត់នោះឡើយ។ វានឹងបញ្ចប់ នៅថ្ងៃដែលភាគីឈ្លានពាន ចាប់ផ្តើមបង់តម្លៃពិតប្រាកដសម្រាប់អំពើឈ្លានពានព្រៃផ្សៃរបស់ខ្លួន ទាំងផ្នែកនយោបាយ ការទូត និងសេដ្ឋកិច្ច។ សង្គ្រាមនេះនឹងចប់ នៅពេលដែលពិភពលោក ឈប់នៅស្ងៀម ហើយចាប់ផ្តើមអនុវត្តតួនាទី និងកាតព្វកិច្ចរបស់ខ្លួនយ៉ាងជាក់ស្តែង ជាពិសេសសហរដ្ឋអាមេរិក និងអាស៊ាន ដែលមិនអាចបណ្តោយឱ្យតម្លៃ និងកិត្តិយសនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងគូឡាឡាំពួរ ត្រូវបានជាន់ឈ្លីនិងរំលោភបំពាន ដោយប្រទេសថៃឈ្លានពានបានទៀតឡើយ។
វានឹងចប់នៅពេលដែលមានយន្តការភាគីទីបី ធ្វើការដោយពិតប្រាកដក្នុងការត្រួតពិនិត្យ និងធានាការអនុវត្តបទឈប់បាញ់ មិនមែនជាក្រដាសគ្មានអំណាច ប៉ុន្តែជាបទឈប់បាញ់ដែលមានការត្រួតពិនិត្យអន្តរជាតិប្រកបដោយប្រសិទ្ធភាព។ ហើយសង្គ្រាមនេះនឹងត្រូវបញ្ចប់នៅថ្ងៃដែលការវាយប្រហារដាក់លើជនស៊ីវិល និងបេតិកភណ្ឌវប្បធម៌ជាតិនិងអន្តរជាតិ ត្រូវបានកំណត់យ៉ាងច្បាស់ថា ជាអំពើដែល «មិនអាចអត់ឱន» បានឡើយទាំងក្នុងទ្រឹស្តីនិងក្នុងការអនុវត្ត។
ដូច្នេះសំណួរ «តើពេលណាទើបសង្គ្រាមចប់?» មិនមែនជាសំណួរដែលកម្ពុជា ត្រូវឆ្លើយតែម្នាក់ឯងទេ។ វាជាសំណួរ ដែលពិភពលោកទាំងមូលត្រូវឆ្លើយ មិនមែនដោយពាក្យសម្តី ប៉ុន្តែដោយសកម្មភាពជាក់ស្តែង។ បើពិភពលោកនៅតែពន្យារពេលនោះការពន្យារពេលនោះ កំពុងត្រូវបង់ថ្លៃដោយ ជីវិតមនុស្សស្លូតត្រង់ និងបេតិកភណ្ឌ ដែលមិនអាចជំនួសបានឡើយ។ ហើយប្រវត្តិសាស្ត្រ នឹងវាយតម្លៃមិនតាមអ្វី ដែលពិភពលោកបាននិយាយទេ ប៉ុន្តែតាមអ្វីដែលពិភពលោកបានធ្វើ ឬមិនបានធ្វើនៅពេលដែលសម្លេងដង្ហោយរកយុត្តិធម៌ត្រូវបានអំពាវនាវយ៉ាងបន្ទាន់បំផុត៕























