ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ដឹកនាំក្រុមការងារ នាំយកថវិកា និងសាររំលែកទុក្ខជូនដល់វីវៈកងទ័ព ដែលបានពលីជីវិត ក្នុងសមរភូមិប្រយុទ្ធ ជាមួយនឹងការឈ្លានពានយោធាថៃ
26-12-2025 17:28
(កំពង់ធំ)៖ លោក ហ៊ុន សុខា ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងជាសមាជិកក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានរាជធានី-ខេត្ត តំណាងឲ្យលោក យូ សិរីវុឌ្ឍ បេសកជនពិសេសសម្ដេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានរាជធានី-ខេត្ត និងលោក ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានរាជធានី-ខេត្ត បានចុះដល់គេហដ្ឋានរបស់គ្រួសារនៃសព វីរៈកងទ័ពដែលបានពលីជីវិត ក្នុងសមរភូមិតាមបណ្តារាជធានីខេត្តទាំងអស់ លើកទី១ ចំនួន៥១គ្រួសារនៃសព។
ជួសមុខឲ្យលោក យូ សិរីវុឌ្ឍ និងលោក ភឺន ផល្លា, លោក ហ៊ុន សុខា បានពាំនាំនូវសារលិខិតរំលែកទុក្ខ និងថវិកាជូនដល់គ្រួសារសព ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ ការពារអធិបតេយ្យភាព និងបូរណភាពទឹកដី និងប្រជាជនកម្ពុជា ពីសំណាក់ចោសៀមឈ្លានពានទឹកដីកម្ពុជាយើង ព្រោះគ្រួសាររបស់គាត់បានលះបង់សាច់ស្រស់ឈាមស្រស់ ពលីជីវិតលើសមរភូមិដើម្បីការពារជាតិមាតុភូមិនិងបូរណភាពទឹកដី ។
លោក ហ៊ុន សុខា បានបញ្ជាក់បន្ថែមទៀតថា «ចំពោះយើងខ្ញុំនៅសមរភូមិជួរក្រោយមានតែការលើកទឹកចិត្តជួយឧបត្ថម្ភគាំទ្រ នូវសម្ភារៈបរិក្ខារគ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសារ សពវីរៈកងទ័ពជួរមុខ។ ក្នុងកាលៈទេសៈនេះ ខ្ញុំបាទក៏ដូចលោក លោកស្រី ជាប្រធាន អនុប្រធាន ក្រុមការងារតាមបណ្ដាខេត្តផ្សេងៗ បានចុះនាំយកសាររំលែកទុក្ខដល់គ្រួសារសព ដែលបានពលីជីវិតដែលមាន ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ចេញសាររំលែកទុក្ខ និងជូនថវិកាដល់គ្រួសារសព គ្រប់រាជធានី-ខេត្ត»។
ក្នុងវេលាដ៏សែនក្រៀមក្រំនេះ សូមឧទ្ទិសបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធវីរៈកងទ័ពយើងដែលបានពលីជីវិតបានបដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
























