គ្រឿងឧបភោគបរិភោគ និងសំភារៈប្រើប្រាស់ជាច្រើន ត្រូវសប្បុរសជន បន្តនាំយកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបែងចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក

26-12-2025 17:44

(ភ្នំពេញ)៖ នៅសាលារាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជន ជាក់ស្ដែងនាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ មានអភិបាលរង៣រូប តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្តចាំទទួលអំណោយជាថវិកា អង្ករ គ្រឿងឧបភោគ បរិភោគ និងសំភារៈប្រើប្រាស់ជាច្រើន ពីរដ្ឋបាលខណ្ឌ ក្រុមហ៊ុនឯកជន និងសប្បុរសជនជាច្រើនទៀត ដើម្បីបែងចែកជូនដល់វីរកងទ័ពជួរមុខ និង ជនភៀសសឹក ខណៈក្រុមទាហានថៃនៅតែបន្តបាញ់ផ្លោង ទម្លាក់គ្រាប់បែក ចូលឈ្លានពានបូរណៈភាពទឹកដីកម្ពុជា យ៉ាងគឃ្លើនអស់ រយៈពេល២០ថ្ងៃហើយ។

អំណោយដែលប្រគល់ជូននាថ្ងៃនេះ រួមមាន៖ រដ្ឋបាលខណ្ឌ៧មករា, រដ្ឋបាលខណ្ឌឬស្សីកែវ, សាខាបក្ស ភព១១,ក្រុមចលនាបក្សប្រជាជនកម្ពុជាខណ្ឌសែន សុខ, ក្រុមហ៊ុន Ideal Trading Enterprises Co.LTDនិងសប្បុរសជន ប្រជាជនជាច្រើនទៀត។

លោក ហួត ហៃ, លោក សេង វណ្ណៈ និងលោក ឯក ឃុនដឿន បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋបាលខណ្ឌសាខាបក្ស ក្រុមចលនាបក្ស ក្រុមហ៊ុន និងសប្បុរសជន ប្រជាពលរដ្ឋទាំងអស់ ដែលបាននាំយកអំណោយមកជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក។

ទឹកចិត្តដ៏សប្បុរស ប្រជាពលរដ្ឋនេះ ពិតជាបានរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធជួរមុខទាំងអស់ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាព ទឹកដីឱ្យបានរឹងមាំ ដែលបានឆ្លុះ បញ្ចាំងពីខឿនការពារជាតិ ប្រជាជន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

សម្រាប់អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕