ជនជាតិកូរ៉េរស់នៅកម្ពុជា សង្វេគចិត្តពេលឃើញពលរដ្ឋកម្ពុជា​ត្រូវរត់​ចោល​ផ្ទះ​សម្បែងព្រោះតែសង្គ្រាម និងអធិដ្ឋានសុំឱ្យសង្គ្រាម​ត្រូវបាន​បញ្ចប់

26-12-2025 18:57

(បន្ទាយមានជ័យ)៖ សង្គ្រាមដែលប្រជាពលរដ្ឋកម្ពុជាធ្លាប់ហែលឆ្លងក្នុង​អតី​តកាល តែងតែខ្លាចរអា និងតែងតែប្រាថ្នាចៀសឆ្ងាយនោះ បានឆាប​ឆេះឡើងយ៉ាងសន្ធោសន្ធៅនៅតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ បន្ទាប់​ពីកងទ័ពថៃ បើកការឈ្លានពានយ៉ាងកម្រោលឃោរឃៅនៅ​ឆ្នាំ​២០២៥​នេះ។

ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ រយៈពេល២០ថ្ងៃនេះ ដែលសង្គ្រាម​ឈ្លាន​ពាន​ជា​លើកទី២បានឆាបឆេះឡើង ហើយមិនទាន់រលត់ទៅវិញនោះទេ បើទោះ​បីសម្រែកដង្ហោយហៅយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋកម្ពុជាត្រូវបានបន្លឺឡើងយ៉ាង​ណាក៏ដោយនោះ។ រយៈពេល២០ថ្ងៃនៃសង្គ្រាមឈ្លានពានលើកទី២ ពីសំណាក់កងទ័ពថៃ បាននិងកំពុងបង្កវិនាសកម្មយ៉ាងខ្លោចផ្សាបំផុត ប្រ​ជា​​ពលរដ្ឋកម្ពុជាជាជនស៊ីវិលជាង ៣០នាក់ បានស្លាប់ ជិត ១០០នាក់ បាន​រងរបួស ខណៈដែលមនុស្សជាងកន្លះលាននាក់ រត់ចោលផ្ទះ​សម្បែង​ ហើយកំពុងផ្ញើវាសនាតាមទីអារាម និងសាលារៀនយ៉ាងខ្លោចផ្សាបំផុត។

មានផ្ទះតែមិនអាចនៅ គឺជាសោកនាដកម្មជីវិតដ៏ខ្លាំងក្លាបំផុត ដែលប្រជា​ពល​រដ្ឋកម្ពុជាធ្លាប់ជួបរួចមកហើយកាលពីជាង៤០ឆ្នាំមុន ហើយមិន​ប្រាថ្នា​​​ចង់ឃើញទៀតនោះឡើយ។ តែពេលនេះវាបានវិល​ត្រឡប់មក​គ្រប​សង្កត់​​ជោគ​វាសនា​ប្រជាពលរដ្ឋខ្មែរជាថ្មី។

លោក គីម យ៉ុងអ៊ុក មានឈ្មោះជាខ្មែរ គីម សុខឧត្តម ប្រធានអង្គការ ហា​ឆាន់​ខាំ (កម្ពុជាសរសើដំកើងព្រះ) បានសម្តែងដួងចិត្តខ្លោចផ្សារ​យ៉ាង​ក្រៃ​លែងនៅពេលបានឃើញសោកនាដកម្មលើប្រជាពលរដ្ឋខ្មែរព្រោះ​តែ​សង្គ្រាមមួយនេះ។

លោក គីម យ៉ុងអ៊ុក បានមករស់នៅក្នុងប្រទេសកម្ពុជាជាង២០ឆ្នាំមក​ហើយ លោកបានឃើញច្បាស់ពីជីវិត សណ្តានចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ដែលជាជាតិសាសន៍មួយដ៏ស្លូតត្រង់។

លោក គីម យ៉ុងអ៊ុក បានសម្តែងក្តីសង្វេគអាណិតអាសូរ និងឈឺចិត្ត​ជា​ខ្លាំង​ចំពោះប្រជា​ពល​រដ្ឋ​ដែលត្រូវ​ឃ្លាតឆ្ងាយផ្ទះសម្បែងព្រោះតែសង្គ្រាម​យ៉ាង​ដូច្នេះ «នៅពេលដែលខ្ញុំឃើញជម្លោះនៅព្រំដែនរវាងកម្ពុជា និងថៃ ខ្ញុំពិតជាឈឺចាប់ខ្លាំងមែនទែន។ ឥឡូវយើងបានឃើញហើយ ប្រជាពល​រដ្ឋ​ដោយសារតែសង្គ្រាម គាត់ត្រូវចាកចេញពីផ្ទះ ហើយភៀសសឹក​មក​ដល់​ទីនេះ។ ខ្ញុំពិតជាឈឺចាប់ណាស់ ផ្ទះរបស់ពួកយើងមានសារៈសំខាន់ យើងត្រូវមើលថែផ្ទះរបស់យើង យើងត្រូវនៅប្រកបរបរផ្សេងៗ។ ប៉ុន្តែ​ព្រោះ​​តែសង្គ្រាមធ្វើឱ្យពួកគាត់មកដល់ទីនេះ ខ្ញុំពិតជាឈឺចិត្តណាស់»។

លោក គីម យ៉ុងអ៊ុក បានមើលឃើញច្បាស់ពីវិនាសកម្មនៃសង្គ្រាម​ចំពោះ​ជីវិតរបស់ប្រជាពលរដ្ឋ។ ក្នុងនាមជាអ្នកជឿលើព្រះយេស៊ូគ្រឹស្ត លោក គីម យ៉ុងអ៊ុក បានអធិដ្ឋានដល់ព្រះយេស៊ូប្រទានពរឱ្យសុខសន្តិភាព​កើត​មានឡើងវិញសម្រាប់កម្ពុជា និងថៃ។

«ទី១ជាក្តីអធិដ្ឋានរបស់ខ្ញុំនោះ មិនមែនប្រទេសណាមួយឈ្នះសង្គ្រាមនោះឡើយ។ ប្រទេសទាំងពីរត្រូវមានក្តីស្រឡាញ់រវាងគ្នា ខ្ញុំកំពុងអធិដ្ឋានឱ្យទាំងសងខាងបានយល់ពីគ្នា បានរំងាប់ចិត្តដែលចង់មានបញ្ហាជាមួយគ្នា យកក្តីស្រឡាញ់ដាក់មុខ ហើយដោះស្រាយជាមួយគ្នា។ ដូច្នេះអ្វីដែលជាការអធិដ្ឋាន ខ្ញុំតែងបួងសួងទៅព្រះជាម្ចាស់កុំឱ្យមានសង្គ្រាម ហើយជួយឱ្យរស់នៅបានល្អជាមួយគ្នា»។ នេះជាការអធិដ្ឋានរបស់លោក គីម យ៉ុងអ៊ុក។

សូមបញ្ជាក់ថា ជាមួយនឹងក្តីអាណិតអាសូរចំពោះប្រជាពលរដ្ឋរងគ្រោះ​ព្រោះ​សង្គ្រាមនេះ លោក គីម យ៉ុងអ៊ុក បានចូលរួមធ្វើសកម្មភាពមនុស្ស​ធម៌​ចែក​អំណោយជាស្បៀងអាហារ និងម្ហូបអាហារដល់ជនភៀសសឹក​ដែលកំពុងរស់នៅតាមជំរំជនភៀសសឹកផងដែរ៕