ព្រះសង្ឃ និងពលរដ្ឋខ្មែរមានកំណើតខ្មែរកម្ពុជាក្រោម នាំអំណោយ​ប្រគេន​ព្រះសង្ឃភៀសសឹក​ ១០៣​អង្គ​ និងពលរដ្ឋ​ភៀសសឹក​​ ៣០​គ្រួសារ​ ​កំពុងគង់ និង​ស្នាក់​នៅ​វត្ត​ខ្សាច់​ស​​ ស្រុក​ស្រែអំបិល​​ ខេត្តកោះកុង

26-12-2025 19:16

(កោះកុង)៖ ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរមានកំណើតខ្មែរកម្ពុជាក្រោម នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ បន្តនាំយកអំណោយជាស្បៀអាហារចែកប្រគេនដល់ព្រះសង្ឃភៀសសឹក ១០៣អង្គ និងចែកជូនដល់ប្រជាពលរដ្ឋកំពុងរស់នៅជំរំជនភៀសសឹក ៣០គ្រួសារ ដែលស្នាក់នៅក្នុងវត្តព្រះពុទ្ឋទានារាម​ ហៅវត្ត​ខ្សាច់​ស​ ស្ថិត​នៅភូមិ​ស្ទឹង​ឆាយ​ ឃុំ​បឹងព្រាវ​ ស្រុក​ស្រែអំបិល​ ខេត្ត​កោះកុង ដែលបានចាកចេញពីផ្ទះសម្បែងគេចចេញពីទម្ងន់គ្រាប់ផ្លោងរបស់ទាហានថៃ ក្នុងសកម្មភាពឈ្លានពានរបស់ពួកគេ បាញ់ស្រោចចូលភូមិឋាន របស់ប្រជាពលរដ្ឋខ្មែរ។

អំណោយ​រួម​មាន​ថវិកាចំនួន​ ៣ ៥៥០ ០០០, អង្ករ ១តោនកន្លះ​ មី៤០​កេ​ ត្រី​ខ​កំប៉ុង​ ៤កេសធំ​ ទឹក​បរិសុទ្ធ​ ១០កេស ​ទឹក​ក្រូច​ ២០កេស និង​ពងមាន់​ ​១០០០គ្រាប់​។

អំណោយនេះត្រូវបានលេខាធិការដ្ឋាន នៃអង្គការខ្មែរក្រោម ដែលមាន ៩សមាគមខ្មែរក្រោមផ្សេងទៀត ជាសមាជិកដឹកនាំដោយលោក សឺន​ យឿង​ រួមនឹងព្រះ សង្ឃខ្មែរដេីមកំណើតខ្មែរក្រោមចំនួន ៩អង្គ និមន្តមកពីវត្តអង្គតាមិញ, វត្តសាមគ្គីរង្សី, វត្តតាំងក្រសាំងខាងជេីង, វត្តបុទុមវត្តី និងវត្តនាគវ័ន្ត។ នៅក្នុង​ពិធី​ប្រគេន​និង​ចែក​អំណោយ​នេះ​ក៏មាន​ការ​ចូលរួម​​ទទួល​ស្វាគមន៍​​យ៉ាង​កក់ក្ដៅ​បំផុត​ពី​ព្រះ​ចៅ​អធិការ​វត្ត​ខ្សាច់​ស​ ផងដែរ​។

ក្នុងព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរមានកំណើតខ្មែរកម្ពុជាក្រោម បានបង្ហាញអារម្មណ៍សោកសៅ និងសង្វេគចិត្តជាខ្លាំងចំពោះទង្វើ ឈ្លានពានរបស់កងទ័ពថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ហើយបានទទូចដល់សហគមន៍អន្តរជាតិប្រឹងប្រែងបញ្ចប់ការ ឈ្លានពានដ៏ព្រៃផ្សៃនេះ។

ឃើញទិដ្ឋភាពលំបាករបស់ប្រជាពលរដ្ឋចាកចេញពីផ្ទះសម្បែងមកស្នាក់នៅក្នុងតង់តាមទីអារាម លោកសឺន​ យឿង និងព្រះសង្ឃបានមើលឃើញថា សង្គ្រាមតាមព្រំដែនកម្ពុជា និងថៃ នាពេលនេះកើតឡើងព្រោះតែកងទ័ពថៃ មានមហិច្ឆតាចង់បានដី និងប្រាសាទរបស់ខ្មែរ។ សង្គ្រាមមិនអាចកើតឡើងនោះឡើយបើកងទ័ពថៃ មិនមានមហិច្ឆតាអាក្រក់នេះ។

លោក សឺន​ យឿង​ ក្នុងនាមជាខ្មែរមានឈាមជ័រតែមួយ បានបង្ហាញអារម្មណ៍ខ្លោចផ្សារ និងអាណិតអាសូរជាខ្លាំងចំពោះប្រជាពលរដ្ឋខ្មែរ ដែលរត់ចាកចោលផ្ទះសម្បែងព្រោះទង្វើឈ្លានពានរបស់កងទ័ពថៃ។

សង្គ្រាមព្រំដែនកម្ពុជា-ថៃ កើតចេញពីការឈ្លានពានរបស់កងទ័ព បានឈានចូលដល់ថ្ងៃទី២០ ហើយ គិតត្រឹមថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ។ សង្គ្រាមកើតពីការឈ្លានពាននេះបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា ជាជនស៊ីវិល ៣០នាក់ស្លាប់បាត់បង់ជីវិត, ជាង៨០នាក់រងរបួស និងជាង ៦០ម៉ឺននាក់ បានចាកចោលផ្ទះសម្បែង។ សង្គ្រាមនេះ ក៏បានបំផ្លាញផ្ទះសម្បែង សាលារៀន អគារពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវថ្នល់ជាច្រើនរបស់កម្ពុជា។

រហូតដល់ថ្ងៃទី២៦ ខែធ្នូ កងទ័ពថៃ នៅតែបន្តបើកការឈ្លានមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងខ្លាំងក្លា ដោយប្រើយុទ្ធោបករណ៍ ជាច្រើនប្រភេទមានកាំភ្លើងតូចធំ ដ្រូន យន្តហោះ នាវាជើងទឹកជាដើម បាញ់ផ្លោង និងទម្លាក់គ្រាប់លើដែនដីរបស់កម្ពុជា៕