តំណាងសម្តេចប្រធានរដ្ឋសភា នាំយកអំណោយ និងមូលនិធិសប្បុរសធម៌ ប៊ែលធី (BELTEI Charity) ប្រគល់ជូនវីរកងទ័ព និងជនភៀសសឹក ៩០០គ្រួសារ ក្នុងខេត្តពោធិ៍សាត់
26-12-2025 19:30
(ពោធិ៍សាត់)៖ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា ដឹកនាំដោយ លោកស្រី និន សាផុន ប្រធានគណៈកម្មការ និងលោកបណ្ឌិត លី ឆេង អនុប្រធានគណៈកម្មការ និងជាស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប រួមជាមួយ តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងអំណោយមូលនិធិសប្បុរសធម៌ ប៊ែលធី (BELTEI Charity) ទៅប្រគល់ជូនវីរកងទ័ព និងជនភៀសសឹក ចំនួន ៩០០គ្រួសារ នៅក្នុងខេត្តពោធិ៍សាត់ ដោយមានការសម្របសម្រួល និងទទួលស្វាគមន៍ពី លោក ខូយ រីដា អភិបាលខេត្ត។
កម្មវិធីប្រគល់អំណោយនេះ ក៏មានការអញ្ជើញចូលរួមពី គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងតំណាងសិស្ស-និស្សិតប៊ែលធី មួយចំនួនផងដែរ។
ថ្លែងក្នុងពិធីនេះ លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានពាំនាំនូវប្រសាសន៍របស់ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ និងគិតគូរចំពោះទុក្ខលំបាករបស់ក្រុមគ្រួសារវីរកងទ័ព ជាមួយនឹងការផ្តាំផ្ញើសួរសុខទុក្ខ និងការគោរពដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពដែលបានការពារបូរណភាពទឹកដី និងពលីជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន។
លោកស្រី និន សាផុន ក៏បានថ្លែងអំណរគុណដល់វីរកងទ័ពជួរមុខ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងអាយុជីវិត ដើម្បីការពារបូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជន។ នេះគឺជាការលះបង់ដ៏ធំធេង និងជាគុណបំណាច់ដែលពុំអាចកាត់ថ្លៃបានចំពោះប្រជាជាតិកម្ពុជាទាំងមូល ដែលយើងគ្រប់គ្នាត្រូវតែគោរពស្រឡាញ់ ដឹងគុណ និងផ្តល់តម្លៃជាវីរបុរស។ លោកស្រីប្រធាន ក៏បានផ្តាំផ្ញើដល់ប្រជាជនទាំងអស់ ត្រូវបន្តជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង អនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងជាស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះការលះបង់ដ៏ធំធេងរបស់វីរកងទ័ព និងបានចូលរួមរំលែកការលំបាកជាមួយបងប្អូនជនភៀសសឹងផងដែរ។
លោក បណ្ឌិតបានជម្រាបជូនផងដែរថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសតំណាងរាស្ត្រទាំងអស់ តែងតែគិតគូរអំពីសុខទុក្ខរបស់វីរកងទ័ពក្នុងកាលៈទេសៈដ៏លំបាកនេះ ហើយស្មារតីរួមសាមគ្គីគ្នា “ខ្មែរតែមួយ” បានធ្វើឱ្យចលនាជាតិនិយមបានកើតឡើង និងបានរួមគ្នាជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំ។ ជាមួយស្មារតីនេះ ប្រជាជនកម្ពុជាទូទាំងប្រទេស និងគ្រប់មជ្ឈដ្ឋាន ព្រមទាំងសប្បុរសជននានា ហើយក្នុងនោះក៏មាន គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៃប៊ែលធី គ្រុប ព្រមទាំងសិស្សានុសិស្សនៃសាលា ប៊ែលធី អន្តរជាតិ និងនិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិគ្រប់ទីតាំង បានចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត និងតាមលទ្ធភាពនូវ ថវិកា គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជូនដល់វីរកងទ័ពដែលកំពុងឈរជើងនៅសមរភូមិជួរមុខ និងគ្រួសារវីរកងទ័ព ព្រមទាំងជនភៀសសឹក ដែលកំពុងរងផលប៉ះពាល់ពីការឈ្លានពានដ៏ឃោរឃៅ និងអមនុស្សធម៌របស់ទាហានថៃ។
ជាមួយគ្នានេះដែរ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានគោរពថ្លែងអំណរគុណចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងគណៈកម្មការទី៩ នៃរដ្ឋសភា និងមូលនិធិសប្បុរសធម៌ប៊ែលធី (BELTEI Charity) ដែលបានជួយឧបត្ថម្ភគាំទ្រនូវធនធាន និងសម្ភារៈដល់រដ្ឋបាលខេត្ត ហើយ លោកអភិបាល ប្តេជ្ញានឹងបន្តចែកជូនដោយតម្លាភាព និងដោយផ្ទាល់ទៅដល់វីរកងទ័ពជួរមុខ បងប្អូនពលរដ្ឋភៀសសឹក និងពលរដ្ឋរងប៉ះពាល់នៅក្នុងរយៈពេលនៃសង្គ្រាមនេះ។ លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា នេះជាស្មារតីសាមគ្គីភាព ស្នេហាជាតិ ខ្មែរជួយខ្មែរ ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏ប្រជាជនកម្ពុជាទូទាំងប្រទេស រួមជាមួយភាពអង់អាចក្លាហានរបស់វីរកងទ័ពជួរមុខយើង ដែលបានបញ្ចូលគ្នាជាធ្លុងមួយ គឺពិតជាកម្លាំងសាមគ្គីដ៏រឹងមាំមហាសាល ជាអាវុធដ៏ស័ក្ដិសិទ្ធិបំផុត ក្នុងការកម្ចាត់សត្រូវឈ្លានពានឱ្យវិនាសអន្តរាយ។
សូមជម្រាបជូនថា អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងអំណោយមូលនិធិសប្បុរសធម៌ ប៊ែលធី (BELTEI Charity) សម្រាប់ប្រគល់ជូន វីរកងទ័ព រួមមាន៖ ថវិកា ចំនួន ៦០,០០០,០០០៛ (ហុកសិបលានរៀល) អង្ករ ចំនួន ៥តោន អំបុក ចំនួន ៥,០០០ដប (៦០០គីឡូក្រាម) ត្រីខ ចំនួន៥០០យួរ មីជាតិ ចំនួន៥០០កេសទឹកសុទ្ធ ចំនួន៥០០កេស និងឆៃប៉ូវ ចំនួន៥០០គីឡូក្រាម៕




