រដ្ឋសភា រៀបចំពិធីបួងសួងសុំសុខសន្តិភាព ពីការឈ្លានពានរបស់កងទ័ពថៃ នៅអាសនៈលោកតាឃ្លាំងមឿង និងជំទាវ ខាន់ ខៀវ និងព្រះពន្លាព្រះអង្គចៅសែន ក្នុងខេត្តពោធិ៍សាត់

26-12-2025 19:33

(ភ្នំពេញ)៖ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា ដឹកនាំដោយ លោកស្រី និន សាផុន ប្រធានគណៈកម្មការ បានអញ្ជើញរៀបចំពិធីបួងសួងសុំសុខសន្តិភាព ពីការឈ្លានពានរបស់កងទ័ពថៃ នៅអាសនៈលោកតាឃ្លាំងមឿង និងជំទាវ ខាន់ ខៀវ ព្រមទាំងព្រះពន្លាព្រះអង្គចៅសែន និងដួងវិញ្ញាណបុព្វបុរស–បុព្វនារីគ្រប់ជំនាន់ ដើម្បីការពារជាតិមាតុភូមិកម្ពុជា ពីសត្រូវឈ្លានពាន។

ពិធីនេះបានប្រារព្ធឡើង នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចូលរួមពីតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្រុមមូលនិធិសប្បុរសធម៌ប៊ែលធី និងប្រជាពលរដ្ឋជាច្រើនរូប។

ពិធីបួងសួងសុំសុខសន្តិភាពនេះ គឺជានិមិត្តរូបនៃការគោរពបូជាទៅតាមប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ដើម្បីឧទ្ទិសដល់វីរភាពរបស់បុព្វបុរស ដែលបានការពារជាតិមាតុភូមិឱ្យបានសន្តិភាពពីការឈ្លានពាន។ ជាពិសេស លោកតា គឺជាវីរបុរសជាតិខ្មែរដែលប្រជាពលរដ្ឋគោរពបូជា និងគោរពសក្ការៈយ៉ាងខ្ពង់ខ្ពស់ ជាពិសេសនៅតំបន់ខេត្តជាប់ព្រំដែនកម្ពុជា–ថៃ។

សារៈសំខាន់នៃពិធីនេះ មិនត្រឹមតែជាការគោរពបូជាបុព្វបុរសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្សារភ្ជាប់ស្មារតីស្នេហាជាតិ ឱ្យប្រជាពលរដ្ឋចងចាំពីវីរភាពរបស់វីរបុរសជាតិ និងរួមគ្នាការពារបូរណភាពទឹកដីជាតិផងដែរ៕