អភិបាលស្រុកតាំងគោក គោរពសរសេីរវីរភាពគ្រួសារកងទ័ព ដែលបានលះបង់ឱ្យសមាជិកគ្រួសារ បំពេញភារកិច្ចការពារជាតិ នៅសមរភូមិមុខ

26-12-2025 19:39

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងព្រះគ្រូ តុន ពិសី ព្រះចៅអធិការវត្តគុហានគរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលស្រុក នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានបន្តចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ចុះចែកជូនដល់គ្រួសារកងទ័ពចំនួន ១៨គ្រួសារ ដែលមានទីលំនៅ នៅឃុំពង្រ ក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ ដែលមានសមាជិកគ្រួសារកំពុងបំពេញភារកិច្ចនៅជួរមុខ ប្រយុទ្ធតតាំងជាមួយចោរឈ្លានពានថៃ។

នាឱកាសនោះលោក ហាក់ ម៉ុងហួត បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតាំងគោក និងលោកអភិបាលខេត្តកំពង់ធំ ដែលតែងតែផ្តាំផ្ញើឱ្យយកចិត្តទុកដាក់ចំពោះជនភៀសសឹក គ្រួសារកងទ័ព ដែលមកស្នាក់នៅបណ្ដោះអាសន្នផងដែរ ព្រមទាំងជំរុញឲ្យអាជ្ញាធរភូមិ ឃុំ ស្រុក ធ្វើការស្រៀវជ្រាវ និងប្រមូលទិន្នន័យពីជនភៀសសឹក ដើម្បីក្តាប់បានព័ត៌មានជាក់លាក់ និងធ្វើការចុះសួរសុខទុក្ខ និងផ្តល់ភាពងាយស្រួលក្នុងការមកស្នាក់អាស្រ័យដោយមិនមានការភិតភ័យអ្វីឡើយ។

លោកអភិបាលស្រុក ហាក់ ម៉ុងហួត ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់គ្រួសារកងទ័ពទាំងអស់ដែលបានលះបង់ឱ្យ ប្តី កូន ដែលជាសមាជិកគ្រួសារ បានបំពេញភារកិច្ចនៅសមូរភូមិមុខ ការពារទឹកដី ការពារប្រជាជន បូរណភាពទឹកដី ខណ:ដែលថៃកំពុងរំលោភឈ្លានពានមកលើអធិបតេយ្យកម្ពុជាយើង។

បន្ថែមពីនេះដែរលោក ហាក់ ម៉ុងហួត បានបន្ថែមថា បើសិនមានការលំបាកអ្វីមួយសូមប្រាប់មកអាជ្ញាធរភូមិ ឃុំ ដើម្បីរួមដោះស្រាយការងារ និងកង្វល់របស់បងប្អូន សូមជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ពិសេសសម្តេចតេជោ និងសម្តេចធិបតី នូវចំណាត់ការការពារសន្តិសុខ ការពារអធិបតេយ្យដែលកន្លងមកយើងធ្វើការងារការទូតច្បាប់។ ក្នុងពេលនេះដែរ ក៏ជាដំណាក់កាលដែលយើងមិនអាចអត់ធ្មត់តទៅទៀតបានចំពោះការឈ្លានពានរបស់ថៃ។ សូមកុំជឿលើការញុះញង់របស់ជនអគតិមួយចំនួន ដែលរិះរកវិធីជាមួយថៃដើម្បីបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង។

បើតាមលោក ហាក់ ម៉ុងហួត គិតត្រឹមព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ គ្រួសារកងទ័ព និងបងប្អូនភៀសសឹក គ្រួសារកងទ័ព មកពីខេត្តព្រំដែន មកស្នាក់នៅក្នុងស្រុកតាំងគោកមានចំនួន ៦៧៤គ្រួសារ ស្មេី ២,០៧៥នាក់ ហើយ ៕