ស្ថាប័នសង្គមស៊ីវិលនៅកម្ពុជាចំនួន ៨៩៦ បានដាក់ញត្តិទៅកាន់ស្ថានបេសកកម្មការទូតប្រចាំកម្ពុជាចំនួន១៧ ជំរុញឱ្យភាគីថៃអនុវត្តកិច្ចព្រមព្រៀងសន្តិភាព និងយន្តការដែលបានឯកភាពគ្នាជាមួយកម្ពុជា
26-12-2025 21:15
(ភ្នំពេញ)៖ យើងខ្ញុំទាំងអស់គ្នា គឺជាស្ថាប័នសង្គមស៊ីវិលនៅកម្ពុជា (CSOs) ចំនួន ៨៩៦ស្ថាប័ន រួមមាន អង្គការមិនមែនរដ្ឋាភិបាល និងសមាគមចំនួន ៣៦៦ និងក្រុមសហគមន៍ចំនួន ៥៣០ ដែលបម្រើការងារក្នុង ការលើកកម្ពស់សុខសន្តិភាព សិទ្ធិមនុស្ស និងសុខុមាលភាពសហគមន៍ សូមប្រកាសដាក់ញត្តិនេះដោយក្តីគោរពទៅកាន់ស្ថានបេសកកម្មការទូតចំនួន ១៧ ប្រចាំនៅកម្ពុជា ពាក់ព័ន្ធនឹងស្ថានភាពបង្កហេតុដែល កើតឡើងជាបន្តបន្ទាប់ពីសំណាក់យោធាថៃ ចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងបណ្តាលឱ្យមានការកើនឡើងនូវអរិភាព តានតឹងរវាងប្រទេសទាំងពីរ និងប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងបង្កឱ្យប្រជាពលរដ្ឋភៀសសឹករាប់ម៉ឺននាក់ នៅតាមបណ្ដោយតំបន់ព្រំដែន។
ស្ថានបេសកកម្មការទូតទាំង ១៧ រួមមាន ស្ថានទូតបារាំង ស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ស្ថានទូតនៃសហព័ន្ធរុស្ស៊ី គណៈប្រតិភូនៃសហភាពអឺរ៉ុប អង្គការសហប្រជាជាតិ ស្ថានទូតម៉ាឡេស៊ី ស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ស្ថានទូតសិង្ហបុរីប្រចាំរាជធានីភ្នំពេញ ស្ថានទូតប្រ៊ុយណេដារូសាឡឹម ស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្ថានទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្ថានទូតនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ស្ថានទូតនៃសាធារណរដ្ឋហ្វីលីពីន និងស្ថានទូតទីម័រខាងកើត។
ប្រទេសថៃ បានរំលោភបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ និងការរំលោភបំពានលើ សេចក្តីប្រកាសរួម ដែលបានចុះហត្ថលេខាកាលពី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដែលជាការអះអាងឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិភាព និងសន្តិសុខ ក្រោមការសម្របសម្រួលពីឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានប្ដូរវេនអាស៊ាន។
ទោះបីជាមានការព្រមព្រៀងយ៉ាងពិតប្រាកដហើយក៏ដោយ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ កងយោធាថៃបានចាប់ផ្តើមវាយប្រហារជាឯកតោភាគី ដោយប្រើប្រាស់កាំភ្លើងធំB-40 និង ៦០មម ព្រមទាំងសព្វាវុធផ្សេងៗ វាយប្រហារទៅលើតំបន់ព្រលានថ្ម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា។ ទោះជាមាន ហេតុការណ៍នេះក៏ដោយ ក៏កងយោធពលខេមរភូមិន្ទបានអនុវត្តការអត់ធ្មត់ និងបានមិនបាញ់តបតវិញឡើងដែលនេះជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាព និងបន្ថយភាពតានតឹង។ ទោះជាយ៉ាងណា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជា ត្រូវបានបង្ខំចិត្ដ អនុវត្តសិទ្ធិការពារខ្លួន ដើម្បីការពារអធិបតេយ្យភាពដែនដីនិងប្រជាពលរដ្ឋរបស់ខ្លួនពីអំពើឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងកំរោលរបស់យោធាថៃ។
ទោះបីជាមានការអំពាវនាវជាបន្តបន្ទាប់ពីសហគមន៍អន្តរជាតិ ឱ្យដោះស្រាយវិបត្តិនេះ ដោយសន្តិវិធីក៏ដោយ ក៏ភាគីថៃនៅតែបន្តប្រើប្រាស់អាវុធធុនតូច និងធុនធ្ងន់គ្រប់ប្រភេទ រួមមាន កាំភ្លើងធំ យន្តហោះគ្មានមនុស្សបើក យន្តហោះប្រយុទ្ធ និងគ្រាប់បែកចង្កោម ដែលបានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញជាប្រព័ន្ធលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់កម្ពុជា នៅក្នុងដែនដីកម្ពុជា។
ការធ្វើសង្គ្រាមឈ្លានពាននេះ បានធ្វើឱ្យប្រាសាទតាក្របី ត្រូវបានបំផ្លាញទាំងស្រុង ហើយប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក៏បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។ សកម្មភាពទាំងនេះ មិនត្រឹមតែជាការវាយប្រហារលើបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្ររបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបាត់បង់ដែលមិនអាចស្តារឡើងវិញបាន សម្រាប់មនុស្សជាតិទាំងមូលផងដែរ។
ជាលទ្ធផលនៃអរិភាព និងសកម្មភាពរំលោភបំពានដ៏អាក្រក់ទាំងនេះ ប្រជាពលរដ្ឋជាច្រើននាក់ត្រូវបានសម្លាប់ ហើយគ្រួសាររាប់ពាន់គ្រួសារ — ជាពិសេសស្ត្រី កុមារ និងមនុស្សចាស់ — ត្រូវបានបង្ខំឱ្យផ្លាស់ទីលំនៅ ដែលបានបង្កើតនូវវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ នៅតាមបណ្ដោយតំបន់ព្រំដែនកម្ពុជា–ថៃ។
ជាមួយនឹងការអះអាងឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះការរួមរស់ដោយសន្ដិភាព ការមិនឈ្លានពានគ្នា និងការគោរពយ៉ាងម៉ឺងមាត់ចំពោះច្បាប់អន្តរជាតិ យើងខ្ញុំទាំងអស់គ្នា ជាស្ថាប័នសង្គមស៊ីវិលនៅកម្ពុជា សូមគោរពអំពាវនាវដល់សហគមន៍អន្តរជាតិ ដូចខាងក្រោម៖
• ថ្កោលទោសរាល់ការរំលោភលើអធិបតេយ្យភាព និងបូរណភាពដែនដីរបស់កម្ពុជា ដោយអនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ;
• ជំរុញឱ្យប្រទេសថៃ បញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធាទាំងអស់របស់ខ្លួន ដោយដកកម្លាំងយោធាចេញ និងគោរពឱ្យបានពេញលេញចំពោះបទឈប់បាញ់ និងសេចក្តីប្រកាសរួម;
• អំពាវនាវឱ្យមានការការពារជីវិតប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ ដល់ប្រជាពលរដ្ឋដែលត្រូវបានភៀសសឹក ដោយសារស្ថានការណ៍ជម្លោះព្រំដែនបច្ចុប្បន្ន;• ថែរក្សា និងការពារទីតាំងសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ និងបេតិកភណ្ឌ ជាពិសេសសម្បត្តិបេតិកភណ្ឌដែលបានចុះបញ្ជីដោយអង្គការយូណេស្កូ មិនឱ្យរងការខូចខាត ឬបំផ្លិចបំផ្លាញបន្ថែមទៀត។
យើងខ្ញុំទាំងអស់គ្នា ជាស្ថាប័នសង្គមស៊ីវិលនៅកម្ពុជា ជឿជាក់យ៉ាងមុតមាំថា សន្តិភាពយូរអង្វែង មិនអាចសម្រេចបានតាមរយៈអំពើហិង្សានោះទេ គឺមានតែការសន្ទនាដោយស្មោះត្រង់ ការគោរពគ្នាទៅវិញទៅមក និងការគោរពយ៉ាងម៉ឺងមាត់ចំពោះច្បាប់អន្តរជាតិប៉ុណ្ណោះ ទើបអាចនាំឱ្យមានសន្តិភាព និងស្ថិរភាពប្រកបដោយនិរន្ដភាពរវាងកម្ពុជានិងថៃ៕

































































