លោកស្រី ស៊ន់ ធារ៉ុន (ដន ម៉ាលីន) បរិច្ចាគធនធានផ្ទាល់ខ្លួន ជួយដល់រដ្ឋបាលខេត្តពោធិ៍សាត់ ខេត្តសៀមរាប និងខេត្តបាត់ដំបង នូវអង្ករសរុបចំនួន២០០តោន, ត្រីងៀត២តោន និងថវិកាមួយចំនួនធំ
26-12-2025 22:16
(ពោធិ៍សាត់)៖ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី ស៊ន់ ធារ៉ុន (ដន ម៉ាលីន) តំណាងAMBODIAN AQ LA SHAN NONGMU AGRICULTURAL AND ANIMAL HUSBANDRY RESOUCES CO.,LTD ផលិតម្សៅដំឡូងមីស្ងួត ស្ថិតក្នុងភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនដល់បងប្អូនគ្រួសារកងទ័ព និងពលរដ្ឋភៀសសឹក ដែលអញ្ជើញមកពីបណ្តាខេត្ត ដែលរងគ្រោះដោយសារការឈ្លានពានពីទាហានសៀម មកស្នាក់នៅបណ្តោះអាសន្ន ក្នុងស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ប្រមាណជាង២០០គ្រួសារ។
លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី ស៊ន់ ធារ៉ុន (ដន ម៉ាលីន) តំណាងAMBODIAN AQ LA SHAN NONGMU AGRICULTURAL AND ANIMAL HUSBANDRY RESOUCES CO.,LTD ផលិតម្សៅដំឡូងមីស្ងួត ដែលបានផ្តល់កិត្តិយសអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយផ្ទាល់ខ្លួន មកផ្តល់ជូនពលរដ្ឋភៀសសឹក ដោយសារការឈ្លានពានរបស់ទាហានសៀម មកលើដែនអធិបតេយ្យកម្ពុជា និងពលរដ្ឋជួបកង្វះខាតជាង២០០គ្រួសារ នៅក្នុងស្រុកតាលោសែនជ័យ។
សកម្មភាពនេះសបញ្ជាក់ឱ្យឃើញអំពីសណ្តានចិត្តសប្បុរសធម៌ ខ្មែរជួយខ្មែរ។ លោកបានជម្រាបជូនអំពីការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ជាពិសេសថ្នាក់ដឹកនាំកំពូលជាតិ មានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសបងប្អូនជាគ្រួសារកងទ័ព និងពលរដ្ឋជនភៀសសឹកក្នុងខេត្តពោធិ៍សាត់នេះ។
លោកអភិបាលរងខេត្ត បានសម្តែងនូវសេចក្តីអាណិតស្រឡាញ់ ចំពោះគ្រួសារកងទ័ព និងពលរដ្ឋភៀសសឹកទូទាំងខេត្ត ក៏ដូចទូទាំងប្រទេស ដោយបានមានប្រសាសន៍លើកទឹកចិត្ត និងសូមឱ្យប្រជាពលរដ្ឋទាំងអស់ ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអាជ្ញាធរដែនដី ដែលកំពុងតែអនុវត្តការងារយ៉ាងសកម្មមមាញឹកបំផុត ដើម្បីស្វែងរកសុខសន្តិភាព និងសុខសុវត្ថិភាព ឈានទៅដោះស្រាយនូវស្បៀងអាហារ ការស្នាក់នៅ ជូនប្រជាពលរដ្ឋទូទាំងប្រទេស មិនឱ្យខ្វះខាត និងដាច់ស្បៀងនោះឡើយ។
លោកស្រី ស៊ន់ ធារ៉ុន (ដន ម៉ាលីន) តំណាងAMBODIAN AQ LA SHAN NONGMU AGRICULTURAL AND ANIMAL HUSBANDRY RESOUCES CO.,LTD ផលិតម្សៅដំឡូងមីស្ងួត ក្នុងស្រុកក្រគរ បានលើកឡើងថា នៅប្រទេសកម្ពុជាយើង ត្រូវបានពួកសត្រូវថៃឈ្លានពាន ធ្វើឱ្យជាពលរដ្ឋស្លូតត្រង់ក្លាយជាជនរងគ្រោះ នឹងបង្ខំចិត្តភៀសសឹក ចាកចេញពីភូមិឋានដែលខ្លួនធ្លាប់រស់នៅ ទៅរកទីតាំងសុវត្ថិភាព ដែរនេះគឺជាទង្វើអមនុស្សធម៌ ដ៏សាហាវយង់ឃ្នងជាទីបំផុត។
ដោយបង្ហាញអារម្មណ៍ផ្លូវខ្លួន ក្នុងនាមជាស្ត្រី ដែលមានស្វាមីនៅជួរមុខផងនោះ លោកស្រីក៏មានទឹកចិត្តគោរពស្រឡាញ់ និងបានបរិច្ចាគធនធានផ្ទាល់ខ្លួន ជួយដល់រដ្ឋបាលខេត្តពោធិ៍សាត់ ខេត្តសៀមរាប និងខេត្តបាត់ដំបង នូវអង្ករសរុបចំនួន២០០តោន, ត្រីងៀត២តោន និងថវិកាមួយចំនួនធំ។ ជាក់ស្តែងគ្រួសារកងទ័ព ពលរដ្ឋភៀសសឹក និងពលរដ្ឋជួបកង្វះខាត នៅក្នុងតាលោសែនជ័យ ប្រមាណជាង២០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម, មី១កេស និងថវិកា២ម៉ឺនរៀល ព្រមទាំងបានចែកជូនថវិកាដល់អ្នកជូនដំណើរ ជិត១០០នាក់ ក្នុងម្នាក់ៗថវិកាមួយម៉ឺនរៀលផងដែរ៕





















































