លោក ហ៊ុន ម៉ានី លើកទឹកចិត្តគណៈកម្មាធិការគណបក្សខេត្តបន្តយកចិត្តទុកដាក់ជនភៀសសឹក ដែលមកស្នាក់អាស្រ័យក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
26-12-2025 22:32
(កំពង់ស្ពឺ)៖ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងលោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្រ្តយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សក្នុងខែធ្នូ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តខែមករា ឆ្នាំ២០២៦ ដែលប្រារព្ធធ្វេីឡេីងនៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់អនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក-ឃុំ-សង្កាត់ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ជាច្រេីនរូប។
ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានជំរុញលើកទឹកចិត្តឲ្យគណៈកម្មាធិការគណបក្សខេត្តបន្តពង្រឹក និងពង្រីកការអនុវត្តការងារខ្លួនដេីម្បីឆ្លេីយតបនឹងតម្រូវនៅតាមមូលដ្ឋានជាពិសេសការវិលត្រឡប់ពលករចំណាក ស្រុក ការទទួលជនភៀសសឹកមកស្នាក់អាស្រ័យក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ការបង្កេីនចលនាផ្តល់ឈាម ការរៃអង្គាសជំនួយសម្រាប់វីរៈកងទ័ពនិងជនភៀសសឹកនៅជួរមុខ។
ជាមួយគ្នានេះ លោក បានថ្លែងអំណរគុណ ដល់សមាជិក សមាជិកា គណបក្សដែលបានរួមចំណែកដ៏សំខាន់ដល់រាជរដ្ឋាភិបាលក្នុងការកៀរគរ ជំនួយឧបត្ថម្ភផ្សេងៗដល់បងប្អូន វីរៈកងទ័ព និងជនភៀសសឹកដែលកំពុងត្រូវការជំនួយផងដែរ។
ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានផ្តល់អនុសាសន៍ថា គណបក្សប្រជាជនកម្ពុជា នឹងនៅជាមួយប្រជាជនកម្ពុជាគ្រប់កាលៈទេសះ ហើយយើងនឹងឆ្លងកាត់នូវស្ថានការណ៍ដ៏លំបាកមួយនេះជាមួយគ្នា។ លោកក៏បានអំពាវនាវដល់រចនាសម្ព័ន្ធបក្សគ្រប់ថ្នាក់របសគណបក្សប្រជាជនកម្ពុជារក្សារភាពនឹងនរ សាមគ្គី ឯកភាព ជាធ្លុងមួយ និងបន្តការជឿជាក់លេីការដឹកនាំរបស់រាជរដ្ឋាភិបាលដេីម្បីស្វែងរកសន្តិភាពសម្រាប់ប្រជាជាតិខ្មែរយេីង៕














