ជនជាតិកូរ៉េរស់នៅកម្ពុជា សង្វេគចិត្តពេលឃើញពលរដ្ឋកម្ពុជាត្រូវរត់ចោលផ្ទះសម្បែងព្រោះតែសង្គ្រាម និងអធិដ្ឋានសុំឱ្យសង្គ្រាមត្រូវបានបញ្ចប់
27-12-2025 08:19
(បន្ទាយមានជ័យ)៖ សង្គ្រាមដែលប្រជាពលរដ្ឋកម្ពុជាធ្លាប់ហែលឆ្លងក្នុងអតីតកាល តែងតែខ្លាចរអា និងតែងតែប្រាថ្នាចៀសឆ្ងាយនោះ បានឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅនៅតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ បន្ទាប់ពីកងទ័ពថៃ បើកការឈ្លានពានយ៉ាងកម្រោលឃោរឃៅនៅឆ្នាំ២០២៥នេះ។
ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ រយៈពេល២០ថ្ងៃនេះ ដែលសង្គ្រាមឈ្លានពានជាលើកទី២បានឆាបឆេះឡើង ហើយមិនទាន់រលត់ទៅវិញនោះទេ បើទោះបីសម្រែកដង្ហោយហៅយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋកម្ពុជាត្រូវបានបន្លឺឡើងយ៉ាងណាក៏ដោយនោះ។ រយៈពេល២០ថ្ងៃនៃសង្គ្រាមឈ្លានពានលើកទី២ ពីសំណាក់កងទ័ពថៃ បាននិងកំពុងបង្កវិនាសកម្មយ៉ាងខ្លោចផ្សាបំផុត ប្រជាពលរដ្ឋកម្ពុជាជាជនស៊ីវិលជាង ៣០នាក់ បានស្លាប់ ជិត ១០០នាក់ បានរងរបួស ខណៈដែលមនុស្សជាងកន្លះលាននាក់ រត់ចោលផ្ទះសម្បែង ហើយកំពុងផ្ញើវាសនាតាមទីអារាម និងសាលារៀនយ៉ាងខ្លោចផ្សាបំផុត។
មានផ្ទះតែមិនអាចនៅ គឺជាសោកនាដកម្មជីវិតដ៏ខ្លាំងក្លាបំផុត ដែលប្រជាពលរដ្ឋកម្ពុជាធ្លាប់ជួបរួចមកហើយកាលពីជាង៤០ឆ្នាំមុន ហើយមិនប្រាថ្នាចង់ឃើញទៀតនោះឡើយ។ តែពេលនេះវាបានវិលត្រឡប់មកគ្របសង្កត់ជោគវាសនាប្រជាពលរដ្ឋខ្មែរជាថ្មី។
លោក គីម យ៉ុងអ៊ុក មានឈ្មោះជាខ្មែរ គីម សុខឧត្តម ប្រធានអង្គការ ហាឆាន់ខាំ (កម្ពុជាសរសើដំកើងព្រះ) បានសម្តែងដួងចិត្តខ្លោចផ្សារយ៉ាងក្រៃលែងនៅពេលបានឃើញសោកនាដកម្មលើប្រជាពលរដ្ឋខ្មែរព្រោះតែសង្គ្រាមមួយនេះ។
លោក គីម យ៉ុងអ៊ុក បានមករស់នៅក្នុងប្រទេសកម្ពុជាជាង២០ឆ្នាំមកហើយ លោកបានឃើញច្បាស់ពីជីវិត សណ្តានចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ដែលជាជាតិសាសន៍មួយដ៏ស្លូតត្រង់។
លោក គីម យ៉ុងអ៊ុក បានសម្តែងក្តីសង្វេគអាណិតអាសូរ និងឈឺចិត្តជាខ្លាំងចំពោះប្រជាពលរដ្ឋដែលត្រូវឃ្លាតឆ្ងាយផ្ទះសម្បែងព្រោះតែសង្គ្រាមយ៉ាងដូច្នេះ «នៅពេលដែលខ្ញុំឃើញជម្លោះនៅព្រំដែនរវាងកម្ពុជា និងថៃ ខ្ញុំពិតជាឈឺចាប់ខ្លាំងមែនទែន។ ឥឡូវយើងបានឃើញហើយ ប្រជាពលរដ្ឋដោយសារតែសង្គ្រាម គាត់ត្រូវចាកចេញពីផ្ទះ ហើយភៀសសឹកមកដល់ទីនេះ។ ខ្ញុំពិតជាឈឺចាប់ណាស់ ផ្ទះរបស់ពួកយើងមានសារៈសំខាន់ យើងត្រូវមើលថែផ្ទះរបស់យើង យើងត្រូវនៅប្រកបរបរផ្សេងៗ។ ប៉ុន្តែព្រោះតែសង្គ្រាមធ្វើឱ្យពួកគាត់មកដល់ទីនេះ ខ្ញុំពិតជាឈឺចិត្តណាស់»។
លោក គីម យ៉ុងអ៊ុក បានមើលឃើញច្បាស់ពីវិនាសកម្មនៃសង្គ្រាមចំពោះជីវិតរបស់ប្រជាពលរដ្ឋ។ ក្នុងនាមជាអ្នកជឿលើព្រះយេស៊ូគ្រឹស្ត លោក គីម យ៉ុងអ៊ុក បានអធិដ្ឋានដល់ព្រះយេស៊ូប្រទានពរឱ្យសុខសន្តិភាពកើតមានឡើងវិញសម្រាប់កម្ពុជា និងថៃ។
«ទី១ជាក្តីអធិដ្ឋានរបស់ខ្ញុំនោះ មិនមែនប្រទេសណាមួយឈ្នះសង្គ្រាមនោះឡើយ។ ប្រទេសទាំងពីរត្រូវមានក្តីស្រឡាញ់រវាងគ្នា ខ្ញុំកំពុងអធិដ្ឋានឱ្យទាំងសងខាងបានយល់ពីគ្នា បានរំងាប់ចិត្តដែលចង់មានបញ្ហាជាមួយគ្នា យកក្តីស្រឡាញ់ដាក់មុខ ហើយដោះស្រាយជាមួយគ្នា។ ដូច្នេះអ្វីដែលជាការអធិដ្ឋាន ខ្ញុំតែងបួងសួងទៅព្រះជាម្ចាស់កុំឱ្យមានសង្គ្រាម ហើយជួយឱ្យរស់នៅបានល្អជាមួយគ្នា»។ នេះជាការអធិដ្ឋានរបស់លោក គីម យ៉ុងអ៊ុក។
សូមបញ្ជាក់ថា ជាមួយនឹងក្តីអាណិតអាសូរចំពោះប្រជាពលរដ្ឋរងគ្រោះព្រោះសង្គ្រាមនេះ លោក គីម យ៉ុងអ៊ុក បានចូលរួមធ្វើសកម្មភាពមនុស្សធម៌ចែកអំណោយជាស្បៀងអាហារ និងម្ហូបអាហារដល់ជនភៀសសឹកដែលកំពុងរស់នៅតាមជំរំជនភៀសសឹកផងដែរ៕










































