ក្រុមតារាចម្រៀង K-Pop N-CHIVE ប្តេជ្ញាផ្សព្វផ្សាយសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចកម្ពុជាទៅកាន់ពិភពលោក

27-12-2025 08:29

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោកស្រី Na Yunjung តំណាងក្រុមហ៊ុន K’VE Entertainment ដែលបានដឹកនាំក្រុមតារាចម្រៀងបុរស K-Pop ក្រុម N-CHIVE និងសហការី ចូលជួបសម្តែងការគួរសម រាយការណ៍ពីសកម្មភាពការងារ និងស្នើសុំអនុសាសន៍ដឹកនាំលើការរៀបចំកម្មវិធីតន្ត្រីទេសចរណ៍ ចែករំលែកក្តីស្រលាញ់ និងសាមគ្គីភាពពីប្រជាជនកូរ៉េ នៅរាជធានីភ្នំពេញ។

ក្នុងឱកាសជំនួបប្រកបដោយស្មារតីភារតភាព និងសាមគ្គីភាពនេះ លោកស្រីតំណាងក្រុមហ៊ុន បានរាយការណ៍ជូនលោករដ្ឋមន្រ្តី អំពីសកម្មភាពចូលរួមចំណែកក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ទៅដល់ប្រជាជនកូរ៉េ និងពិភពលោកទាំងមូល ព្រមទាំងការចូលរួមជំរុញវិស័យទេសចរណ៍កម្ពុជាតាមរយៈសិល្បៈតន្ត្រីផងដែរ។

ទន្ទឹមនឹងនេះ ក្រុមតារាចម្រៀងបុរស K-Pop ដែលកំពុងទទួលបានការគាំទ្រកាន់តែច្រើនពីប្រជាជនកូរ៉េ បានរៀបរាប់ពីមូលហេតុដែលខ្លួនជ្រើសរើសមកប្រទេសកម្ពុជា គឺដោយសារមានទំនុកចិត្តដ៏មុតមាំលើការផ្តល់សុខសុវត្ថិភាព និងសន្តិសុខដ៏ល្អប្រសើរដល់ភ្ញៀវទេសចរអន្តរជាតិ ដោយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបទពិសោធន៍បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងរួសរាយរាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរ។

ជាពិសេស ក្រុមបានលើកឡើងអំពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ភាពរស់រវើក និងភាពទាក់ទាញនៃគោលដៅទេសចរណ៍នីមួយៗរបស់កម្ពុជា ដែលសមាជិកក្រុមបានទទួលបទពិសោធន៍ដ៏ល្អ និងមិនអាចបំភ្លេចបាន ក្នុងដំណើរសម្តែងរបស់ខ្លួននាកាលកន្លងមក។

ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងគម្រោងដ៏ល្អរបស់ក្រុមហ៊ុន ដែលបានមើលឃើញពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងកាលានុវត្តវិនិយោគរបស់កម្ពុជា។ ជាពិសេស គឺការស្វែងយល់ច្បាស់ និងទំនុកចិត្តលើស្ថានភាពនយោបាយ សេដ្ឋកិច្ច សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈដ៏ល្អប្រពៃ ដែលកម្ពុជាមាននាពេលបច្ចុប្បន្ន។

លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះតារាចម្រៀងកូរ៉េទាំង៦រូប ដែលបានជឿទុកចិត្តលើការដឹកនាំ និងការធានាសុខសុវត្ថិភាពដល់ភ្ញៀវទេសចរអន្តរជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានស្នើសុំឲ្យក្រុមតារាចម្រៀង K-Pop N-CHIVE ជួយផ្សព្វផ្សាយអំពីស្ថានភាពសន្តិសុខ សុខសុវត្ថិភាព សកម្មភាពសង្គមជាប្រក្រតី សក្តានុពលទេសចរណ៍ និងបដិសណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ទៅដល់ប្រជាជនកូរ៉េ និងពិភពលោកផងដែរ៕