រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ខ្មែររួមគ្នាជាកម្លាំង ខ្មែរសាមគ្គីគ្នាកាន់តែច្រើនកាន់តែខ្លាំង និងទទួលបានជោគជ័យកាន់ធំ
27-12-2025 09:58
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា៖ «ខ្មែររួមគ្នាជាកម្លាំង ខ្មែរសាមគ្គីគ្នាកាន់តែច្រើនកាន់តែខ្លាំង និងទទួលបានជោគជ័យកាន់ធំ»។ នៅពេលមានការឈ្លានពានរបស់ថៃ មកលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បរិស្ថានកម្ពុជាក៏រងការបំពុលផងដែរ។ កម្ពុជាបានរងការបំពុលដោយសារគ្រាប់បែក គ្រាប់ផ្លោង និងការបាញ់ផ្សែងពុលជាដើម។
លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ទន្ទឹមនឹងការរួមសាមគ្គីគ្នាជួយគ្នាពីប្រជាពលរដ្ឋគ្រប់ទិសទី ថ្កោលទោសដល់សកម្មភាពឈ្លានពានប្រដាប់អាវុធ មកលើអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា យើងក៏ឃើញមានការចូលរួមសហការគ្នា ផងដែរក្នុងការទប់ស្កាត់ការបំពុលបរិស្ថាន នៅតាមមណ្ឌលសុវត្ថិភាពជនភៀសសឹក។
លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរព្រះគុណ និងអរគុណដល់រដ្ឋបាលខេត្ត ក្នុងនោះមានមន្ទីរបរិស្ថានខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ក្រុមអង្គការយុវជន តំណាងអង្គការ សមាគម សង្គមស៊ីវិល ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដែលបាននឹងកំពុងចូលរួមសាមគ្គីគ្នាជាកម្លាំង ដើម្បីដោះស្រាយបញ្ហាបរិស្ថាន ដោយសារសង្រ្គាមឈ្លានពាន ទាំងកំរោលរបស់ថៃ មកលើទឹកដីកម្ពុជា ចូលរួមការពារសុខភាពប្រជាពលរដ្ឋ ដែលជាជនភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពនានា។
លោក ជុំ ហួត និងលោកជុំ ហួរ ប្រធាននិងជានាយកប្រតិបត្តិ សមាគមអ្នកស្រឡាញ់បរិស្ថាននិងសង្គម បានលើកឡើងដូចគ្នាថា ដើម្បីចូលរួមដោះស្រាយបញ្ហាបំពុលបរិស្ថាន នៅតាមមណ្ឌលជនភៀសសឹក ក្រុមយុវជនស្មគ្រចិត្តនៃសមាគមអ្នកស្រឡាញ់បរិស្ថាន និងងសង្គម បានចូលរួម អប់រំ ផ្សព្វផ្សាយ លើភាពស្អាតនៅតាមមណ្ឌលជនភៀសសឹក នៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ជាលទ្ធផលអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបានចូលរួម និងបានធ្វើសកម្មភាពជំរុញភាពស្អាត នៅតាមកន្លែងស្នាក់នៅនីមួយៗ។
ជាមួយគ្នានេះ លោកស្រី ឃុត ណារឿន ប្រធានសមាគមស្ត្រីទ្រទ្រង់សន្តិភាព រួមជាមួយសមាជិក សមាជិកាសមាគមមួយចំនួនទៀត បានចូលរួមក្នុងចលនាទប់ស្កាត់ការបំពុលបរិស្ថាននៅជុំវិញជុំរំជនភៀសសឹកផងដែរ។ លោកស្រីមានបំណងជួយលើកកម្ពស់សុខភាពសាធារណៈ ការទុកដាក់សំរាមបានត្រឹមត្រូវ នៅតាមមណ្ឌលសុវត្ថិភាព ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរជួយបរិស្ថាននៅកម្ពុជាឱ្យមានភាពស្អាត។
សូមបញ្ជាក់ថា កន្លងមកក្រសួងបរិស្ថាន បានចាត់ក្រុមការងារចុះពិនិត្យតាមដាន លើគុណភាពទឹក គុណភាពខ្យល់ និងការទុកដាក់សំរាម និងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ នៅតាមមណ្ឌលសុវត្ថិភាពទាំងអស់។ ក្រសួងបរិស្ថានបានផ្តល់រថយន្តដឹកសំរាម ម៉ូតូរឺម៉ក និងធុងសំរាមជាច្រើនបន្ថែមទៀត ដល់រដ្ឋបាលខេត្តដែលបានរៀបចំទទួលជនភៀសសឹកដោយសារការឈ្លានពានប្រដាប់អាវុធរបស់ថៃ មកលើអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជា៕








































