គណៈសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយ ស្នើពិភពលោកថ្កោលទោសសកម្មភាពទមិឡឥតសាសនារបស់កងទ័ពឈ្លានពានថៃ ដែលកម្ទេចរូបសំណាកទេវរូប ឋិតក្នុងតំបន់អានសេះ

27-12-2025 10:32

(ភ្នំពេញ)៖ គណៈសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយ បានស្នើដល់ពិភពលោកថ្កោលទោសសកម្មភាពទមិឡឥតសាសនារបស់កងទ័ពឈ្លានពានថៃ ដែលកម្ទេចរូបសំណាកទេវរូប ឋិតក្នុងតំបន់អានសេះ ខេត្តព្រះវិហារនៃដែនអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមញត្តិថ្កោលទោស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងញត្តិថ្កោលទោស បានបញ្ជាក់យ៉ាងដូច្នេះថា «គណៈសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោស យ៉ាងដាច់អហង្ការចំពោះទង្វើដ៏សាហាវយង់ឃ្នងរបស់កងទ័ពថៃ ដែលវាយកម្ទេចរូបសំណាកទេវរូប ឋិតក្នុងតំបន់អានសេះ ខេត្តព្រះវិហារនៃដែនអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា។ សកម្មភាពនេះ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍របស់អ្នកគោរពសាសនានៅជុំវិញពិភពលោក ព្រោះរូបសំណាកនេះ ត្រូវបានគេគោរពបូជាយ៉ាងខ្ពង់ខ្ពស់ដោយប្រជាជនទូទៅ ហើយក៏ជាផ្នែកមួយនៃបេតិកភណ្ឌអារ្យធម៌រួម ឆ្នាំរបស់មនុស្សជាតិ ហើយសូមស្នើដល់សាសនិកទូទាំងពិភពលោក និងសហគមន៍អន្តរជាតិថ្កោល ទោសសកម្មភាពទមិឡឥតសាសនារបស់កងទ័ពឈ្លានពានថៃ»

សូមជម្រាបថា ករណីថៃបំផ្លាញបដិមាសាសនាហិណ្ឌូ បានប៉ះពាល់ដល់សតិអារម្មណ៍ផ្លូវចិត្តរបស់អ្នកជឿសាសនាហិណ្ឌូទូទាំងពិភពលោក ប្រមាណជាង ១.២ពាន់លាននាក់ ហើយពួកគាត់បានថ្កោលទោសថៃ ចំពោះទង្វើដ៏អាក្រក់ ដែលធ្វើឱ្យអន្តរាយដល់បដិមាទេវរូប ដែលជាទីគោរពបូជារបស់ពួកគាត់បែបនេះ។

ក្រសួងការបរទេសឥណ្ឌា ក៏បានថ្កោលទោសថៃ ដោយបានចាត់ទុកថា ការបំផិ្លចបំផ្លាញរូបសំណាកព្រះនៃសាសនាហិណ្ឌូនៅឯតំបន់ព្រំដែនកម្ពុជា-ថៃ ពីសំណាក់យោធាថៃ ជាទង្វើដែលគ្មានការគោរពទាល់តែសោះ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបានលើកឡើងថា សាសនាហិណ្ឌូ និងព្រះពុទ្ធត្រូវបានគោរពសក្ការៈដោយប្រជាជននៅទូទាំងតំបន់។ ដូច្នេះមិនថាវាជាការអះអាងពីទឹកដីនោះទេ ទង្វើគ្មានការគោរពបែបនេះ បានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់សាសនិកនៅជុំវិញពិភពលោក ហើយទង្វើបែបនេះមិនគួរកើតឡើងឡើយ៕