សេចក្ដីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី៣ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ប្រទេសកម្ពុជា-បានផាកកាត ខេត្តចន្ទបុរី ប្រទេសថៃ ថ្ងៃទី២៧ ធ្នូ ២០២៥ (Video inside)
27-12-2025 10:52
(ប៉ៃលិន)៖ សេចក្ដីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី៣ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ប្រទេសកម្ពុជា-បានផាកកាត ខេត្តចន្ទបុរី ប្រទេសថៃ ថ្ងៃទី២៧ ធ្នូ ២០២៥។
សេចក្តីថ្លែងការណ៍រួមគ្នា ! កម្ពុជា-ថៃ អនុវត្តបទឈប់បាញ់ ដោយអនុវត្តចាប់ពីម៉ោង១២៖០០ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥
កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) នៅច្រកទ្វារព្រំដែន អន្តរជាតិព្រំ (ខេត្តប៉ៃលិន ប្រទេសកម្ពុជា) – បានប៉ាក់កាដ (ខេត្តច័ន្ទបុរី ប្រទេសថៃ) ដែលត្រូវបានដឹកនាំដោយឯកឧត្តម នាយឧត្តមេសនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និង ឯកឧត្តម នាយឧត្តមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅថៃ និង ដោយមានការចូលរួមសង្កេតពី ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
កិច្ចប្រជុំនេះ៖
ទទួលស្គាល់ពីសារៈសំខាន់នៃការធ្វើកិច្ចពិភាក្សាស្តីពីដំណោះស្រាយជម្លោះដោយសន្តិវិធីក្នុងបរិយាកាសនៃជំនឿទុកចិត្តគ្នា ភាពស្មោះត្រង់ សុទ្ធចិត្ត យុត្តិធម៌ និងការគោរពគ្នាទៅវិញទៅមកស្របតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និង
សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ សំដៅបើកផ្លូវសម្រាប់ជំពូកថ្មីនៃសន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
រំលឹកឡើងវិញនូវសេចក្តីប្រកាសរបស់ប្រធានអាស៊ានសម្រាប់កិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រី ការបរទេសអាស៊ាន ស្ដីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលបានរៀបចំឡើង កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ។
បញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពព្រំដែនអន្តរជាតិ និងច្បាប់អន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ចំពោះឯករាជ្យភាព អធិបតេយ្យ សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិរបស់ប្រទេសរៀងៗខ្លួន។
បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏មុតមាំចំពោះការអនុវត្តពេញលេញ និងមានប្រសិទ្ធភាព និងការរៀបចំបទឈប់បាញ់ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កិច្ចព្រមព្រៀងពាក់ព័ន្ធទាំងអស់ដែល សម្រេចបានក្រោយបទឈប់បាញ់នេះ និងកិច្ចព្រមព្រៀងផ្សេងៗដែលសម្រេចបាននៅក្នុងកិច្ចប្រជុំនៃ គណៈកម្មាធិការព្រំដែនទូទៅ និងនៅក្នុងកិច្ចប្រជុំគណៈកម្មការចំរុះព្រំដែន ក៏ដូចជាកិច្ចព្រមព្រៀង ផ្សេងទៀតដែលមានស្រាប់រវាងកម្ពុជា និងថៃ។
បញ្ជាក់ឡើងវិញនូវការតាំងចិត្តរួមគ្នាក្នុងការវិលត្រឡប់ទៅរកការសន្ទនាតាមរយៈ និងផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលធ្វើឡើងកន្លងមក ក៏ដូចជាយន្តការទ្វេភាគីដែលមានស្រាប់ សំដៅបញ្ឈប់អរិភាពគ្រប់ទម្រង់ និងដើម្បីបង្កើតនូវសន្តិភាពមួយដ៏ពិតប្រាកដ និងប្រកបដោយចីរភាពជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការកសាងទំនុកចិត្ត និងការស្តារប្រក្រតីភាពឡើងវិញ និងសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែន។
ឯកភាពលើលក្ខខណ្ឌ និងវិធានការដូចខាងក្រោម៖
I. វិធានការកាត់បន្ថយភាពតានតឹង
១. ភាគីទាំងពីរឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ ក្រោយការចុះហត្ថលេខាលើសេចក្តីប្រកាសរួមនេះ គិតចាប់ពីម៉ោង១២:០០ ថ្ងៃត្រង់(ម៉ោងក្នុងស្រុក) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធគ្រប់ប្រភេទ ក្នុងគ្រប់ករណី និងនៅគ្រប់តំបន់ ដោយរាប់បញ្ចូលទាំងការវាយប្រហារលើជនស៊ីវិល គោលដៅនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងកម្មវត្ថុខាងយោធារបស់ភាគីម្ខាងទៀត។ ភាគីទាំងពីរត្រូវជៀសវាងការផ្ទុះអាវុធដោយគ្មានមូលហេតុ ឬ ធ្វើសកម្មភាពរុលទៅមុខ ឬ ចល័តកម្លាំងទៅលើទីតាំង ឬ កងកម្លាំងរបស់ភាគីម្ខាងទៀត។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីទាំងពីរមិនត្រូវបំពានកិច្ចព្រមព្រៀងនេះជាដាច់ខាត។
២. ភាគីទាំងពីរឯកភាពគ្នារក្សាការឈរជើងនៃកងកម្លាំងរបស់ខ្លួននៅទីតាំងបច្ចុប្បន្ន ដោយមិនត្រូវធ្វើសកម្មភាពចល័តកងកម្លាំងបន្ថែមទៀត។ មិនត្រូវឱ្យមានការធ្វើសកម្មភាពចល័តកងកម្លាំងដោយរាប់បញ្ចូលទាំងការល្បាតចូលទៅទីតាំងរបស់ភាគីម្ខាងទៀត។
៣. ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្ដីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិ រវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែង តាមបណ្ដោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចំរុះព្រំដែន ដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែង ចំរុះនៅលើទីតាំងជាក់ស្ដែង ដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចំរុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុត ចំពោះការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ ដែលមានជនស៊ីវិលរស់នៅ។
៤. ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញ ក្នុងពេលឆាប់ៗបំផុតដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន។
៥. ភាគីទាំងពីរឯកភាពគ្នាថានឹងមិនបង្កើនកម្លាំងតាមបណ្តោយព្រំដែនកម្ពុជា-ថៃទាំងមូល។ ការបង្កើនកងកម្លាំងណាមួយអាចនឹងបង្កើនភាពតានតឹង ហើយបង្កឱ្យមានផលអវិជ្ជមាន ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរយៈពេលវែងក្នុងការដោះស្រាយស្ថានការណ៍បច្ចុប្បន្ន។
៦. ភាគីទាំងពីរឯកភាពគ្នាមិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយដែលអាចនាំឱ្យមានភាពតានតឹង ដោយរួមបញ្ចូលទាំងសកម្មភាពយោធាចូលក្នុងដែនអាកាស និងបូរណភាពទឹកដី ឬ ទីតាំងរបស់ភាគីម្ខាងទៀតគិតចាប់ពីពេលមានបទឈប់បាញ់។ ភាគីទាំងពីរឯកភាពគ្នាមិនធ្វើការសាងសង់ ឬ ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា ឬ លេណដ្ឋានផ្សេងៗ នៅហួសពីទីតាំង
របស់ខ្លួនឡើយ។
៧. ភាគីទាំងពីរឯកភាពគ្នាមិនប្រើប្រាស់កម្លាំងគ្រប់ប្រភេទប្រឆាំងនឹងជនស៊ីវិល និងគោលដៅស៊ីវិលទោះក្នុងកាលៈទេសៈណាក៏ដោយ។ សកម្មភាពទាំងនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ចំពោះសហគមន៍នៅតាមតំបន់ព្រំដែនប៉ុណ្ណោះទេ ថែមទាំងជាការបំពានច្បាប់អន្តរជាតិ និងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិរបស់ភាគីដែលបានបំពានផងដែរ។
៨. ភាគីទាំងពីរឯកភាពគ្នាជៀសវាងការចែកចាយព័ត៌មានមិនពិត ឬ ព័ត៌មានក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី។
៩. ភាគីទាំងពីរបញ្ជាក់សាជាថ្មីនូវកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាស្ដីពីការហាមការប្រើប្រាស់ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនទាំងនេះ (អនុសញ្ញាអូតាវ៉ៅ)។ ភាគីទាំងពីរនឹងធ្វើការរួមគ្នាតាមរយៈក្រុមការងារសម្របសម្រួលចម្រុះ (JCTF) លើការងារដោះមីនមនុស្សធម៌ ស្របតាមនិយាមនីតិវិធីប្រតិបត្តិ (SOP) ដែលបានព្រមព្រៀងគ្នាដើម្បីធ្វើឱ្យមានវឌ្ឍនភាពជាបន្តបន្ទាប់ លើកិច្ចខិតខំប្រឹងប្រែងដោះមីនតាមបណ្ដោយព្រំដែន។
១០. ភាគីទាំងពីរឯកភាពគ្នាគោរពតាមតាមផែនការសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមអ៊ីនធឺណិត និងការជួញដូរមនុស្ស រវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ហើយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការ ដែលមានគោលបំណងទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោះស្រាយបញ្ហានៃការប្រើប្រាស់ថ្នាលឌីជីថលដែលមិនត្រឹមត្រូវ និងលើកកម្ពស់ព័ត៌មានដែលត្រឹមត្រូវប្រកបដោយទំនួលខុសត្រូវ សំដៅរួមចំណែកដល់ជំនឿទុកចិត្ត ស្ថិរភាព និងទំនាក់ទំនងល្អរវាងប្រទេសជិតខាង។
១១. ស្របតាមស្មារតីនៃសេចក្ដីប្រកាសរួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ យោធិនកម្ពុជាចំនួន១៨រូប នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបទឈប់បាញ់ ត្រូវបានគោរពយ៉ាងពេញលេញក្នុងរយៈពេល ៧២ ម៉ោង។
II. យន្តការសម្រាប់ការអនុវត្ត និងផ្ទៀងផ្ទាត់វិធានការកាត់បន្ថយភាពតានតឹង
១២.ភាគីទាំងពីរទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឯកភាពគ្នាពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ក្នុងសេចក្ដីប្រកាសរួមនេះដោយធ្វើការពិគ្រោះយោបល់ជាមួយប្រធានអាស៊ាន និងក្រុមអ្នកសង្កេតការណ៍អាស៊ាន។
១៣. ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព ភាគីទាំងពីរយល់ព្រមប្រើប្រាស់អង្គភាពសម្របសម្រួលព្រំដែនកម្ពុជា-ថៃ និងថៃ-កម្ពុជា ដើម្បីធានាថាបទឈប់បាញ់នឹងត្រូវអនុវត្តឱ្យបាន, គ្រប់គ្រងស្ថានភាពនៅនឹងកន្លែង, ដោះស្រាយឧប្បត្តិហេតុទាន់ពេលវេលា និងទប់ស្កាត់ការយល់ច្រឡំ ក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
១៤. ភាគីទាំងពីរនឹងរក្សាខ្សែបណ្តាញទំនាក់ទំនងជាប្រចាំ និងដោយផ្ទាល់ រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ និងអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ដើម្បីឆ្លើយតបភ្លាមៗចំពោះស្ថានការណ៍បន្ទាន់ដែលមិនអាចដោះស្រាយបាននៅថ្នាក់មូលដ្ឋាន។ ប្រសិនបើចាំបាច់តំណាងជាន់ខ្ពស់របស់ភាគីទាំងពីរ នឹងត្រូវជួបប្រជុំគ្នាដើម្បីដោះស្រាយរាល់បញ្ហានៅនឹងកន្លែងដោយប្រសិទ្ធភាព។
១៥. ក្រុមការងារ JCTF នឹងជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានរៀងៗខ្លួន ក៏ដូចជាក្រុមការងារ JCTF របស់ភាគីម្ខាងទៀត ដើម្បីឱ្យបានដឹង និងដើម្បីសម្រួលដ៍ល់ប្រតិបត្តិការដោះមីនមនុស្សធម៌នៅក្នុងតំបន់អាទិភាពនៅព្រំដែនដែលបានព្រមព្រៀងគ្នា ស្របតាមផែនការសកម្មភាពដែលបានព្រមព្រៀងគ្នាដោយភាគីទាំងពីរ ដើម្បីធ្វើឱ្យប្រតិបត្តិការមានភាពរលូនដោយគ្មានការរារាំង ឬ ការយល់ច្រឡំណាមួយឡើយ។
១៦. ក្រុមសារព័ត៌មានផ្លូវការរបស់ភាគីទាំងពីរនឹងរក្សាការទំនាក់ទំនងជាប្រចាំ និងដោយផ្ទាល់ដើម្បីធានាបាននូវការទប់ស្កាត់ និងការគ្រប់គ្រងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយប្រកបដោយប្រសិទ្ធភាព។ ក្រុមសារព័ត៌មានផ្លូវការក៏នឹងធានានូវតម្លាភាព និងភាពត្រឹមត្រូវនៃព័ត៌មាន និងរបាយការណ៍ផ្សេងៗ សំដៅបង្កើនទំនុកចិត្តរវាងគ្នាទៅវិញទៅមក។
សេចក្ដីប្រកាសរួមនេះ ត្រូវបានចុះហត្ថលេខា នៅម៉ោង ១០៖១៥នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥
ចំនួនពីរច្បាប់ដើម ជាភាសាអង់គ្លេស។
ឯកឧត្តម នាយឧត្តមសេនីយ៍
ទៀ សីហា
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ
សហប្រធានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា
ឯកឧត្តម នាយឧត្តមសេនីយ៍ (ចូលនិវត្តន៍)
Nattaphon Narkphanit
រដ្ឋមន្ត្រីក្រសួងការពារជាតិ
សហប្រធានគណៈកម្មាធិការព្រំដែនទូទៅថៃ








