គ្រូបង្រៀនសាសនាឥស្លាមក្នុងក្រុងសៀមរាប ដឹកនាំសិស្សានុសិស្សទស្សនាផ្ទាំងគំនូរ «សិល្បៈដើម្បីសន្តិភាព» ដើម្បីឲ្យពួកគាត់បានឃើញពីទុក្ខលំបាក ការឈឺចាប់ និងការព្រាត់ប្រាស់ នៃសង្គ្រាម

27-12-2025 15:22

(សៀមរាប)៖ លោកគ្រូ កូប ស្មាអែល គ្រូបង្រៀនសាសនាឥស្លាម នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មកទស្សនាផ្ទាំងគំនូរ «សិល្បៈដើម្បីសន្តិភាព» ដើម្បីឲ្យពួកគាត់បានឃើញពីទុក្ខលំបាក ការឈឺចាប់ និងការព្រាត់ប្រាស់ នៃសង្គ្រាម។

ថ្លែងក្នុងឱកាសនោះលោកគ្រូ កូប ស្មាអែល បានលើកឡើងថា ការមកទស្សនាផ្ទាំងគំនូរ «សិល្បៈដើម្បីសន្តិភាព» ក្នុងគោលបំណង ដើម្បីឲ្យសិស្សានុសិស្សបានឃើញពីផ្ទាំងគំនូរដ៏មានអត្ថន័យមួយនេះ ព្រោះផ្ទាំងគំនូរនេះ បានបង្ហាញឲ្យបានឃើញ ពីការពលីជីវិតដើម្បីជាតិមាតុភុមិរបស់វីរកងទ័ពនៅក្នុងសមរភូមិមុខ ការភ័យក្លាចរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងសិស្សានុសិស្ស ដែលធ្វើឲ្យពួកគាត់ភៀសសឹកចាកចោលផ្ទះសម្បែង ភូមិឋានដែលធ្លាប់រស់នៅ ប្រកបដោយស្នាមញញឹមជាមួយក្រុមគ្រួសារ ក្រោមដំបូលនៃ «សន្តិភាព»។

លោកគ្រូបានបន្តថា បន្ទាប់សិស្សានុសិស្សបានឃើញ គឺគាត់សង្វែង និងអាណិតអាសូរ ចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពខ្មែរយើង ក៏ដូជាប្រជាពលរដ្ឋ និងសិស្សនុសិស្ស ដូច្នេះហើយពួកយើងទាំងអស់គ្នា នឹងចងចាំនូវការឈ្លានដ៏សាហាវមួយនេះ។

លោកគ្រូបញ្ជាក់ថា នៅក្នុងសាសនាឥស្លាម គឺយើងមានការថ្វាយបង្គំ ៥ដងក្នុងមួយថ្ងៃមួយយប់ ហើយនៅក្នុងការថ្វាយបង្គំនីមួយៗ គឺពួកយើងតែងតែបួងសួងសុំសេចក្តីសុខពីព្រះអស់ឡោះ សូមទ្រង់មេត្តាជួយតាមថែរក្សា បងប្អូនៗវីរកងទ័ព និងប្រជាពលរដ្ឋខ្មែរទាំងអស់ ឲ្យមានសុវត្ថភាព និងទទួលបានជោគជ័យនៅគ្រប់សមភូមិទាំងអស់។

លោកគ្រូបន្តថា បើយើងមើលនៅក្នុងរូបភាព ឬក៏វីឌីអូ និងតាមសារព័ត៌មានផ្សេងៗ ដែលបានចុះផ្សាយ គឺយើងស្រណោះម៉ែនទែន ចំពោះប្អូនៗសិស្សនុសិស្ស ដែលពួកគាត់កំពុងតែសិក្សារៀនសូត្រ ហើយត្រូវរត់គេចពីគ្រាប់ដែលកងទ័ពថៃបានទន្លាក់ទៅវិញ នេះជាអំពើដ៏សាហាវព្រៃផ្សៃរបស់កងទ័ពថៃមកលើកម្ពុជា ដូច្នេះពួកយើងទាំងអស់ ត្រូវចងចាំនូវទង្វើជានិច្ចនេះ។

លោកគ្រូបន្ថែមថា បើយើងមើលទៅទឹកមុខរបស់ពួកគាត់ ស្រងូតស្រងាត់ ក្រៀមក្រំ ដូច្នេះពួកគាត់មិនចង់បានទេ «សង្រ្គាម» សម្រាប់ពួកគាត់ គឺគាត់ចង់បានភាពរីករាយ ភាពសប្បាយ ជួបជុំមិត្តភក្តិនៅសាលារៀន នៅពេលគាត់ឃើញតាមវីឌីអូ និងរូបភាពផ្សេងៗ ដោយមានក្មេងៗខ្លះត្រូវភៀសសឹកចាកចោលផ្ទះសម្បែង ភូមិឋាន និងអត់បានរៀនសូត្រ គឺពួកគាត់អត់សប្បាយនៅក្នុងចិត្តនោះទេ។

ជាមួយនេះ លោកគ្រូបញ្ជាក់ថា កន្លងទៅសិស្សានុសិស្ស រួមជាមួយនឹងលោកគ្រូ អ្នកគ្រូ ក៏បានចេញសារជាភាសាបរទេសមួយចំនួន រួមមាន៖ ភាសាអង់គ្លេស ភាសាអារ៉ាប់ ភាសាម៉ាឡេ និងភាសាផ្សេងៗទៀត ដើម្បីឲ្យអន្តរជាតិបានឃើញថាកម្ពុជាត្រូវបានរំលោភបំពាន៕