រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ទទួលអំណោយដែលជាការឧបត្ថម្ភពី ក្រុមហ៊ុន Ung Sim Sia Construction Co.,Ltd ដើម្បីយកទៅឧបត្ថម្ភដល់គ្រួសារវីរកងទ័ព និងជនភៀសសឹកកម្ពុជា
27-12-2025 16:46
(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញទទួលអំណោយដែលជាការឧបត្ថម្ភរបស់ លោកអគ្គនាយក ក្រុមហ៊ុន Ung Sim Sia Construction Co.,Ltd ដែលបានបរិច្ចាគថវិកាចំនួន ៥០០០ដុល្លាសហរដ្ឋអាមេរិក មកចូលរួមក្នុងមូលនិធិសប្បុរសធម៌ ដែលរៀបចំដោយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ សម្រាប់យកទៅឧបត្ថម្ភគាំទ្រដល់គ្រួសារវីរកងទ័ព និងប្រជាជនភៀសសឹកកម្ពុជាដែលបានជម្លៀសខ្លួនពីលំនៅដ្ឋាន ហើយកំពុងស្នាក់នៅបណ្ដោះអាសន្ននៅតាមទីតាំងសុវត្ថិភាពនានា ក្នុងអំឡុងពេលនៃការប៉ះទង្គិចដោយប្រដាប់អាវុធ រវាងយោធាកម្ពុជា និងថៃនាពេលកន្លងមកនេះ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្ដានចិត្តប្រកបដោយសប្បុរសធម៌របស់លោកអគ្គនាយក ដែលជាការសបញ្ជាក់អំពីស្មារតីសាមគ្គីភាពខ្មែរតែមួយ របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមលះបង់ធនធាន ដើម្បីជួយសម្រាលដល់ការលំបាករបស់គ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក។
លោករដ្ឋមន្ដ្រីបានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយការលំបាករបស់គ្រួសារវីរកងទ័ព និងជនភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពនានា។
ទន្ទឹមនឹងនោះ លោកបានអំពាវនាវដល់សប្បុរសជនទាំងអស់ រួមគ្នាជាធ្លុងមួយយ៉ាងរឹងមាំ និងបន្ដជឿជាក់លើវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន និងគាំទ្រព្រមទាំងជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូលៗជាច្រើនរូបទៀត ក្នុងការការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពកម្ពុជា៕














