មកដល់ល្ងាចថ្ងៃនេះមិនឮសំឡេងគ្រាប់ទៀតនោះទេ, ពលរដ្ឋភៀសសឹក​ចេញ​ពីតំបន់សង្គ្រាម បន់ស្រន់ឱ្យការអនុវត្តន៍បទឈប់បាញ់ ទទួលបាន​ជោគជ័យនាំយកសន្តិភាពតាមព្រំដែនត្រឡប់មកវិញ

27-12-2025 18:09

(បន្ទាយមានជ័យ)៖ បន្ទាប់ពីកិច្ចព្រមព្រៀងនៃបទឈប់បាញ់ជាបន្ទាន់មួយ​ត្រូវបានអនុវត្តន៍ចាប់ពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥​នេះ សំឡេងអាវុធតូចធំតាមសមរភូមិទល់ដែនកម្ពុជា-ថៃ មិនមានឮទៀត​នោះឡើយរហូតមកដល់ព្រលប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ។

រយៈពេលប្រមាណជា២០ថ្ងៃកន្លងមកនេះ ទល់ដែនកម្ពុជា-ថៃ ក្នុងភូមិ​សាស្ត្រ​​ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងពោធិ៍សាត់ សំ​ឡេង​​គ្រាប់តូចធំ បានលាន់ឮយ៉ាងកងរំពងតាំងពីព្រលឹមទល់ព្រលប់ រហូត​ដល់យប់រំលងអាធ្រាត្រក៏មាន។ ក្រោយការប្រយុទ្ធដ៏ខ្លាំងក្លានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ បានឈាន​ដល់ការអនុវត្តន៍នូវបទឈប់បាញ់បន្ទាន់មួយដោយចាប់ផ្តើមអនុវត្តន៍ពីវេលាម៉ោង១២ថ្ងៃត្រង់តទៅ។

ក្រោយម៉ោង១២ថ្ងៃត្រង់ភ្លាម សំឡេងគ្រាប់តូចធំដែលធ្លាប់តែលាន់ឮយ៉ាង​កង​រំពងក៏បានប្រែមកស្ងប់ស្ងាត់។ សង្គ្រាមទល់ដែនរយៈពេល២០ថ្ងៃកន្លង​ទៅនេះ បាននាំមកនូវវិនាសកម្មភាព ការខ្ទេចខ្ទាំជាច្រើន។ ក្រៅពីធ្វើឱ្យ​មាន​​អ្នកស្លាប់ និងរបួស ផ្ទះសម្បែង សាលារៀន ស្ពាន ផ្លូវថ្នល់ ទីអារាម និង​សំណង់នានា ត្រូវបានបំផ្លាញហើយនោះ ប្រជាពលរដ្ឋរហូតដល់​ទៅ​ជាង​៦០ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង។

ការរត់គេចចេញពីគ្រាប់ផ្លោង ការស្តាប់ឮនូវសំឡេងគ្រាប់បែក គ្រាប់​ផ្លោង បានក្លាយទៅជាទារុណកម្មផ្លូវចិត្ត ការភិតភ័យយ៉ាងខ្លាំងក្លា​សម្រាប់​​ប្រជា​ពល​​រដ្ឋ។ ការឆ្ងាយផ្ទះសម្បែង ការរស់នៅតាមជំរំជនភៀស​សឹក ក៏បង្កការ​លំបាកជាច្រើនផងដែរ នេះនៅមិនទាន់រាប់បញ្ចូលនូវ​សម្ពាធ​ជីវភាព​របស់​ពួក​គាត់ផងនោះទេ។

ពលរដ្ឋកម្ពុជា បានហែលឆ្លង និងភ្លក់រួចមកហើយនូវក្តីលំបាក ក្តីឈឺផ្សា​រ​ព្រោះតែភ្លើងសង្គ្រាមកាលពីអតីតកាល ដូច្នេះមិនប្រាថ្នាឃើញនូវរឿង​ទាំង​​នេះនោះឡើយ។ ការទទួលបាននូវព័ត៌មានសម្រេចបានកិច្ច​ព្រម​ព្រៀង​ឈប់​បាញ់គ្នារវាងកម្ពុជា និងថៃ បានធ្វើឱ្យប្រជាពលរដ្ឋជាជន​ភៀសសឹក​សម្តែងសាទរ និងស្វាគមន៍ប្រកបដោយក្តីរីករាយគ្មានអ្វីម​ក​ប្រៀប​ផ្ទឹម​បាននោះឡើយ។

ទន្ទឹមនឹងការភាពសប្បាយរីករាយចំពោះការសម្រេចបានកិច្ចព្រមព្រៀងនៃបទឈប់បាញ់នេះហើយនោះ ពួកគាត់ក៏បួងសួងឱ្យការអនុវត្តន៍កិច្ច​ព្រមព្រៀងបទឈប់បាញ់នេះទទួលបានជោគជ័យ សំឡេងគ្រាប់ផ្លោង សំឡេងគ្រាប់ទម្លាក់ពីលើយន្តហោះត្រូវបានបញ្ចប់ជារៀងរហូត ហើយនាំត្រឡប់មកវិញនូវសុខសន្តិភាពតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ៕